ទណ្ឌវគ្គ
មាន១១រឿង – ១៣គាថា
☸️៣. រឿង សម្ពហុលកុមារ
ព្រះបរមសាស្តា ទ្រង់ប្រារឰពួកកុមារា ជាច្រើន ដែលកំពុង តែនាំគ្នាវាយពស់មួយ ។ ព្រះសាស្តា ស្តេចយាងទៅ បិណ្ឌបាត ក្នុងទីក្រុងសាវត្ថី ទ្រង់ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរ ថា “នែកុមារាទាំងឡាយ តើពួកឣ្នក នាំគ្នាធ្វើអ្វី?” ។ កុមារាទាំងនោះ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ នាំគ្នាវាយពស់” ។ ព្រះសាស្តាទ្រង់ត្រាស់សួរទៀតថា “ព្រោះហេតុអ្វីបានជាវាយវា? ” ។ កុមារាទាំងនោះ បានក្រាបទូលថា “ព្រោះពួកខ្ញុំព្រះករុណា ខ្លាចវាខាំ” ។
ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | សុខកាមានិ ភូតានិ | យោ ទណ្ឌេន វិហឹសតិ |
| អត្តនោ សុខមេសានោ | បេច្ច សោ ន លភតេ សុខំ ។ |
👉ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ ។
| ៤. | សុខកាមានិ ភូតានិ | យោ ទណ្ឌេន ន ហឹសតិ |
| អត្តនោ សុខមេសានោ | បេច្ច សោ លភតេ សុខំ ។ |
👉ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ ។
