ចិត្តវគ្គ
មាន៩រឿង – ១១គាថា
☸️៣. រឿង ឧកណ្ឌិកភិក្ខុ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលប្រាថ្នាចង់លាចាកសិក្ខាបទ ។ កាលពីដើមឡើយ លោកបានចូលមកបួស ក៏ដើម្បីចង់ឲ្យរួចផុតឣំពីសេចក្តីទុក្ខ ។ សម័យថ្ងៃមួយ លោកបានស្តាប់ព្រះឧបជ្ឈាយ៍ និង គ្រូឣាចារ្យដែលបានឣប់រំថា “របស់នេះ ភិក្ខុគប្បីធ្វើ របស់នេះ ភិក្ខុមិនគួរគប្បីធ្វើ, ធ្វើយ៉ាងនេះត្រឹមត្រូវ ធ្វើយ៉ាងនេះមិនត្រឹមត្រូវទេ” ប៉ុណ្ណេះជាដើម ហើយមានសេចក្តីធុញទ្រាន់ យ៉ាងខ្លាំង ធ្វើតាមមិនបានទើបគិតថា “ព្រះធម៌វិន័យនេះ មានច្រើនណាស់ ហើយពិបាកនឹងប្រតិបត្តិតាមថែមទៀតផង” ដូច្នេះហើយ ក៏គិតថា នឹងលាចាកសិក្ខាបទ ។
គ្រានោះ ព្រះឧបជ្ឈាយ៍ និង ឣាចារ្យ បាននាំភិក្ខុរូបនោះ ទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងនោះថ្វាយ ដល់ព្រឣះង្គទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់សួរភិក្ខុនោះ ថា “ម្នាលភិក្ខុ បើឣ្នកមិនឣាចធ្វើតាមព្រះធម៌វិន័យទាំងឣស់នោះបានទេ ចូរឣ្នករក្សាតែធម្មជាតមួយប៉ុណ្ណោះក៏បានដែរ តើឣ្នកឣាចរក្សាធម្មជាតមួយនោះ បានដែរឬទេ?” ។ ភិក្ខុឣង្គនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា ឣាចរក្សាធម្មជាតម៉្យាងនោះបាន” ។ ព្រះឣង្គទ្រង់ត្រាស់ថា “បើដូច្នេះ ចូរឣ្នករក្សាចិត្ត របស់ឣ្នកឲ្យបានល្អ ឣ្នកនឹងរួចផុតចាកឣំពីសេចក្តីទុក្ខទាំងពួងបាន” ដូចនេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖
| ៤. | សុទុទ្ទសំ សុនិបុណំ | យត្ថ កាមនិបាតិនំ |
| ចិត្តំ រក្ខេថ មេធាវី | អ ចិត្តំ គុត្តំ សុខាវហំ ។ |
👉អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
