និរយវគ្គ
មាន៩រឿង – ១៤គាថា
☸️៤. រឿង ខេមកសេដ្ឋីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី ។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង ។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម ។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | ចត្តារិ ឋានានិ នរោ បមត្តោ | អាបជ្ជតិ បរទារូបសេវី |
| អបុញ្ញលាភំ ន និកាមសេយ្យំ | និន្ទំ តតិយំ និរយំ ចតុត្ថំ ។ |
👉នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។
| ៥. | អបុញ្ញលាភោ ច គតី ច បាបិកា | ភីតស្ស ភីតាយ រតី ច ថោកិកា |
| រាជា ច ទណ្ឌំ គរុកំ បណេតិ | តស្មា នរោ បរទារំ ន សេវេ ។ |
👉( ហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាងផ្សេងទៀត ) គឺ បានរបស់មិនជាបុណ្យ ១ មានធម៌អាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាចជាមួយនឹងស្ដ្រី ដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជានឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។
