ពាលវគ្គ
មាន១៥រឿង – ១៦គាថា
☸️៤. រឿង គណ្ឌិភេទកចោរ
ព្រះបរមសាស្តាទ្រង់ប្រារឰនូវគណ្ឌិភេទកចោរ ជាចោរដែល លួចប្លន់ ក្នុងចំណោមនៃចោរដូចគ្នា ។ មានចោរពីរនាក់ បានទៅវត្តជេតពន ជាមួយនឹងប្រជាជនដែលនាំគ្នាទៅវត្ត ដើម្បីស្តាប់ព្រះធម៌ទេសនា ។
បណ្តាចោរទាំងពីរនាក់នោះ ចោរម្នាក់ បានឣង្គុយ តាំងចិត្តស្តាប់នូវព្រះធម៌ទេសនា ដោយសេចក្តីគោរពហើយ បានសម្រេចសោតាបត្តិផល, ចំណែក ចោរម្នាក់ទៀត ឣង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិ របស់ឣ្នកដទៃតែប៉ុណ្ណោះ, បើម្ចាស់គេភ្លេចខ្លួន នៅពេលណា, ក៏នឹងលួចយក នៅពេលនោះភ្លាម ។ បន្តិចក្រោយមក ចោរនោះ ក៏បានលួចទ្រព្យ របស់ឧបាសកម្នាក់ ដែលគាត់វេចជាប់នឹងជាយស្បៃ ចំនួន ៥ មាសក ហើយយកប្រាក់នោះ ទៅទិញម្ហូបឣាហារ ស្រា ចំណី មកស៊ីផឹកសប្បាយ នៅឯផ្ទះរបស់ខ្លួន និយាយដៀមដាម ចាក់ដោតទៅកាន់សំឡាញ់ម្នាក់នោះ ដោយប្រការផ្សេងៗ និយាយ លើកតម្កើងតែខ្លួនឯង ថា “ជាឣ្នកមានបញ្ញា ជាបណ្ឌិត” ។ ចំណែកឯ ចោរម្នាក់ទៀត ដែលសម្រេចសោតាបត្តិផល នោះ បានចូលទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | យោ ពាលោ មញ្ញតី ពាល្យំ | បណ្ឌិតោ វាបិ តេន សោ |
| ពាលោ ច បណ្ឌិតមានី | ស វេ ពាលោតិ វុច្ចតិ ។ |
👉អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៥