បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️៤. រឿង នាងបដិបូជិកា
👉ព្រះបរមសាស្តា ទ្រង់ប្រារឰនាងបដិបូជិកា ។ កាលពីឣតីតជាតិ នាងបានកើតជាទេពធីតា របស់មាលាភារីទេវបុត្រ នៅឯឋានតាវតិ្តង្ស ។ សម័យថ្ងៃមួយ នាងបានមកកើត ក្នុងមនុស្សលោក ក្នុងក្រុងសាវត្ថី ជាស្រីដែលចាំជាតិបាន ជាឣ្នកមានសទ្ធាខ្លាំងក្លា ក្នុងព្រះពុទ្ធសាសនា បានបំពេញបុណ្យកុសលជាច្រើន នាងបានប្រាថ្នា ថា “ដោយបុណ្យកុសលដែលខ្ញុំបានធ្វើហើយនេះ សូមឲ្យនាងខ្ញុំបានទៅកើត ក្នុងឋានទេវលោក ដូចកាលពីឣតីតជាតិវិញ” ។ នៅក្នុងឋានមនុស្សលោកនេះ នាងមានស្វាមី ហើយមានកូន ៤ នាក់ ក្រោយមកនាង ក៏បានធ្វើមរណកាល (ស្លាប់) ពីមនុស្សលោកនេះ បានទៅកើត ក្នុងឋានទេវលោក ដូចសេចក្តីប្រាថ្នា ។
បានឮមកថា មួយថ្ងៃនៃឋានតាវតិ្តង្សទេវលោក ត្រូវជា ១០០ ឆ្នាំ នៃឋានមនុស្សលោកយើងនេះ ។ ព្រោះហេតុនោះ មាលាភារីទេវបុត្រ មិនទាន់បានវិលត្រឡប់ មកឣំពីកំសាន្តសួនច្បារផង លុះឃើញនូវនាងទេពធីតា ត្រឡប់មករកខ្លួនវិញ ទើបសួរថា “កាលពីពេលមុនបន្តិចនេះ តើនាងទៅលេងកំសាន្តនៅទីណា បានជាទើបនឹងមកទីនេះ?” ។ នាង បាននិយាយរៀបរាប់ប្រាប់រឿងរ៉ាវសព្វគ្រប់ ឲ្យមាលាភារីទេវបុត្រ បានដឹង ។
មាលាភារីទេវបុត្រ បានស្តាប់នូវរឿងនេះហើយ កើតសេចក្តីសង្វេគតក់ស្លុត យ៉ាងខ្លាំង ហើយគិត ថា “ឱហ្ន៎ ឣាយុជីវិត របស់មនុស្សលោកនេះ តិចអ្វីម៉្លេះហ្ន៎! ប្រៀបដូចជាដេកលក់ហើយ ក្រោកឡើងវិញឣញ្ជឹងឯង” ។ គ្រានោះ ពួកភិក្ខុទាំងឡាយ បានដឹងថា “នាងបដិបូជិកា បានធ្វើមរណកាលហើយ” ទើបនាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះពុទ្ធ ត្រាស់សម្តែងរឿងនាងបដិបូជិកា ឲ្យពួកភិក្ខុបានស្តាប់ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | បុប្ផានិ ហេវ បចិនន្តំ | ព្យាសត្តមនសំ នរំ |
| អតិត្តំយេវ កាមេសុ | អន្តកោ កុរុតេ វសំ ។ |
👉អ្នកធ្វើនូវទីបំផុត (នៃជីវិត) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។
