តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️៤. រឿង ពន្ធនាគារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមន្ទីរឃុំឃាំង ក្នុងក្រុងសាវត្ថី ដែលគេធ្វើហើយ យ៉ាងរឹងប៉ឹងមាំមួនល្អ ព្រមទាំងពន្ធនាការ សម្រាប់ដាក់ឣ្នកទោស ក៏មាំទាំដូចគ្នាដែរ ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ចំណងដែលមាំមួន រឹងប៉ឹងជាងនេះ តើមានដែរឬទេ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ចំណងទាំងនេះ មិនសំខាន់ទេ ចំណង ពោលគឺតណ្ហា កម្រនឹងបុគ្គលណាមួយស្រាយបានណាស់” ដូច្នេះហើយ ទ្រង់នាំឣតីតនិទានមកសម្តែង ថា “សម័យថ្ងៃមួយ ព្រះពោធិសត្វ ប្រាថ្នាចង់បួស ហើយបានសុំភរិយាទៅបួស ។ ភរិយាបាន សុំឣង្វរករ ថា “ចាំដល់ឣូន សម្រាលកូនសិន សូមបងទៅបួសចុះ” ។ លុះសម្រាលកូនរួចហើយ, ភរិយា ក៏បានសុំឣង្វរករស្វាមីទៀតថា “ចាំឲ្យកូនដាច់ទឹកដោះសិនណា៎ បងសំឡាញ់ចិត្ត” ។ ពេលដែលកូនដាច់ទឹដោះហើយ, ភរិយា ក៏មានផ្ទៃពោះមួយទៀត ។ ព្រះពោធិសត្វ បានឃើញ ភរិយាមានផ្ទៃពោះហើយ មិនសប្បាយចិត្តសោះ បានលួចរត់ទៅ បួសជាតាបសឥសី រហូតបានសម្រេចឈានសមាបត្តិ នៅជាសុខសប្បាយ ក្នុងហិមវន្តប្រទេស” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១២. | ន តំ ទឡ្ហំ ពន្ធនមាហុ ធីរា | តុយទាយសំ ទារុជបព្វជញ្ច |
| សារត្តរត្តា មណិកុណ្ឌលេសុ | បុត្តេសុ ទារេសុ ច យា អបេក្ខា ។ |
👉ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅចំណងនោះថា ជាចំណងមាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណីនិងកុណ្ឌលទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូននិងប្រពន្ធទាំងឡាយក្ដី ។
| ១៣. | ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា | ឱហារិនំ សិថិលំ ទុប្បមុញ្ចំ |
| ឯតម្បិ ឆេត្វាន បរិព្វជន្តិ | អនបេក្ខិនោ កាមសុខំ បហាយ ។ |
👉អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេកអរ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ ( ទាញសត្វទម្លាក់ទៅក្នុងអបាយ ) ជាចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។
