៤. លកុណ្តកភទ្ទិយៈ

បកិណ្ណកវគ្គ

មាន៩រឿង – ១៦គាថា

☸️៤. រឿង លកុណ្តកភទ្ទិយៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ដែល បានមកគាល់ព្រះឣង្គហើយ ក៏ក្រាបថ្វាយបង្គំលាទៅវិញ ។ ពេលនោះ មានភិក្ខុ ឣាគន្តុកៈ ជាច្រើន បានមកគាល់ព្រះសាស្តា ដូចគ្នាដែរ ហើយបានឃើញព្រះលកុណ្តកភទ្ទិយៈ និមន្តចេញ ទៅខាងក្រៅ ។ ក្នុងពេលដែលពួកភិក្ខុឣាគន្តុកៈទាំងនោះ ចូលទៅគាល់ហើយ, ព្រះសាស្តា ទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកឣ្នកបានឃើញដែរឬទេ គឺភិក្ខុដែលបាននិមន្តចេញទៅខាងក្រៅនោះ បានសម្លាប់ឪពុកម្តាយហើយ រួចផុតឣំពីសេចក្តីទុក្ខ ហើយបានសម្រេចឣរហត្តផល ។

ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ បែរមើលមុខគ្នា ព្រោះមិនយល់ច្បាស់នូវព្រះពុទ្ធដីកា ទើបក្រាបទូលសួរព្រះបរមសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៥.មាតរំ បិតរំ ហន្ត្វាយរាជានោ ទ្វេ ច ខត្តិយេ
រដ្ឋំ សានុចរំ ហន្ត្វាអនីឃោ យាតិ ព្រាហ្មណោ ។

👉បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​​ និង​ឧច្ឆេទ​ទិដ្ឋិ ដូច​ជា​សេ្ដច​ជាក្សត្រ​ពីរព្រះអង្គផង​ សម្លាប់អាយតនៈ​ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយ​បុរសអ្នកដើរតាម​ គឺស្មៀនផង រមែង​បានទៅជាខីណាសវព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។

៦.មាតរំ បិតរំ ហន្ត្វារាជានោ ទ្វេ ច សោត្តិយេ
វេយ្យគ្ឃបញ្ចមំ ហន្ត្វាអនីឃោ យាតិ ព្រាហ្មណោ ។

👉បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​ និង​ឧច្ឆេទ​ទិដ្ឋ ដូចជាសេ្ដច ជា​ព្រាហ្មណ៍ទាំងពីរផង​ សម្លាប់វិចិកិច្ឆា ដូចជា​ខ្លា​ធំ​ ​ជាគម្រប់​ ៥​ ផងបាន​ហើយ​​ រមែង​បាន​ទៅ​ជា​ខីណាសវ-ព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២១-បកិណ្ណកវគ្គរឿង

📜១. បុព្វកម្មរបស់ព្រះឣង្គ
📜២. កុក្កុដណ្ឌខាទិកា
📜៣. ភទ្ទិយភិក្ខុ
📜៤. លកុណ្តកភទ្ទិយៈ
📜៥. នាយទារុសាកដិកៈ
📜៦. ភិក្ខុវជ្ជីបុត្រ
📜៧. ចិត្តគហបតី
📜៨. នាងចូឡសុភទ្ទា
📜៩. ព្រះឯកវិហារី