បកិណ្ណកវគ្គ
មាន៩រឿង – ១៦គាថា
☸️៤. រឿង លកុណ្តកភទ្ទិយៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ដែល បានមកគាល់ព្រះឣង្គហើយ ក៏ក្រាបថ្វាយបង្គំលាទៅវិញ ។ ពេលនោះ មានភិក្ខុ ឣាគន្តុកៈ ជាច្រើន បានមកគាល់ព្រះសាស្តា ដូចគ្នាដែរ ហើយបានឃើញព្រះលកុណ្តកភទ្ទិយៈ និមន្តចេញ ទៅខាងក្រៅ ។ ក្នុងពេលដែលពួកភិក្ខុឣាគន្តុកៈទាំងនោះ ចូលទៅគាល់ហើយ, ព្រះសាស្តា ទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកឣ្នកបានឃើញដែរឬទេ គឺភិក្ខុដែលបាននិមន្តចេញទៅខាងក្រៅនោះ បានសម្លាប់ឪពុកម្តាយហើយ រួចផុតឣំពីសេចក្តីទុក្ខ ហើយបានសម្រេចឣរហត្តផល ។
ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ បែរមើលមុខគ្នា ព្រោះមិនយល់ច្បាស់នូវព្រះពុទ្ធដីកា ទើបក្រាបទូលសួរព្រះបរមសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | មាតរំ បិតរំ ហន្ត្វា | យរាជានោ ទ្វេ ច ខត្តិយេ |
| រដ្ឋំ សានុចរំ ហន្ត្វា | អនីឃោ យាតិ ព្រាហ្មណោ ។ |
👉បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាសេ្ដចជាក្សត្រពីរព្រះអង្គផង សម្លាប់អាយតនៈ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
| ៦. | មាតរំ បិតរំ ហន្ត្វា | រាជានោ ទ្វេ ច សោត្តិយេ |
| វេយ្យគ្ឃបញ្ចមំ ហន្ត្វា | អនីឃោ យាតិ ព្រាហ្មណោ ។ |
👉បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំ ជាគម្រប់ ៥ ផងបានហើយ រមែងបានទៅជាខីណាសវ-ព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
