មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️៤. រឿង សូករប្រេត
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសូករប្រេត ។ ក្នុងឣតីតជាតិ សូករប្រេតនេះ បានបួសជាភិក្ខុ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាម កស្សបៈ បានពោលពាក្យចាក់ដោត ញុះញង់ព្រះថេរៈពីរូប ដែល មានសីលបរិសុទ្ធ ឲ្យឈ្លោះប្រកែក បែកបាក់សាមគ្គីគ្នា ព្រោះកម្មដែលបានពោលពាក្យញុះញង់នោះឯង លុះស្លាប់ទៅ ក៏បានទៅកើតក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ លុះមកដល់សាសនានេះ ក៏បានមកកើតជាប្រេត មានដងខ្លួនដូចមនុស្ស តែមានក្បាលដូចសត្វជ្រូក នៅឣាស្រ័យ លើភ្នំគិជ្ឈកូដ ។
ព្រះមហាមោគ្គល្លាន បានឃើញប្រេតនេះហើយ ក៏និយាយទៅកាន់ព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៩. | វាចានុរក្ខី មនសា សុសំវុតោ | កាយេន ច អកុសលំ ន កយិរា |
| ឯតេ តយោ កម្មបថេ វិសោធយេ | អារាធយេ មគ្គមិសិប្បវេទិតំ ។ |
👉បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជម្រះកម្មបទទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ ។
