សុខវគ្គ
មាន៨រឿង – ១២គាថា
☸️៤. រឿង ឣញ្ញត្រកុលទារិកា
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងកុមារិកាម្នាក់ ។ ម្តាយ របស់នាង បានធ្វើឣាវាហមង្គលឲ្យនាង ហើយបានទៅឣារាធនាព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ ឲ្យស្តេចយាងចូលរួម ក្នុងមង្គលការនោះដើម្បីប្រោសប្រទាន នូវព្រះឱវាទដល់នាង ។
នាងកុមារិកា ជាស្រីពេញវ័យក្រមុំ បានធ្វើកិច្ចការទាំងឡាយមានការត្រងទឹក ប្រគេនព្រះសង្ឃឆាន់ជាដើម ដើរទៅដើរមក ស្រាប់ តែបានជួបប្រទះនឹងបុរសជាស្វាមីរបស់នាង ដែលកំពុងតែឈរចាំមើលនាង ។ បុរសជាស្វាមីនោះ លុះឃើញនាងហើយ ក៏កើតសេចក្តីស្រឡាញ់ យ៉ាងខ្លាំង ធ្វើកិច្ចការអ្វីលែងកើត ឈរនឹកគិតថា “ឣាត្មាឣញ នឹងលួងលោមនាង ក្នុងពេលឥឡូវនេះ ឲ្យបានតែម្តង” ។
ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់បុរសនោះហើយ ទើបទ្រង់ ធ្វើមិនឲ្យបុរសនោះ ឃើញនាងកុមារិកាឡើយ ហើយសម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | នត្ថិ រាគសមោ អគ្គិ | នត្ថិ ទោសសមោ កលិ |
| នត្ថិ ខន្ធសមា ទុក្ខា | នត្ថិ សន្តិបរំ សុខំ ។ |
👉ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្ដីស្ងប់ មិនមាន ។
