ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៤. រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ដែលបានគិត ថា “ព្រះសាស្តា ទ្រង់ត្រាស់ហៅសាវ័ក របស់ព្រះឣង្គថា ព្រាហ្មណ៍ ឣាត្មាឣញ ក៏ជាព្រាហ្មណ៍ ដោយជាតិ និង គោត្រដែរ បើព្រះឣង្គត្រាស់ហៅឣាត្មាឣញ ថា ជាព្រាហ្មណ៍ ទើបជាការសមគួរដែរ” លុះគិតយ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះសាស្តា ហើយក្រាបទូលរឿងដែលខ្លួនបានគិតនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលព្រាហ្មណ៍ តថាគត មិនហៅនូវបុគ្គលថា ជាព្រាហ្មណ៍ ព្រោះជាតិ និង គោត្រទេ តែតថាគត ហៅបុគ្គល ថា ជាព្រាហ្មណ៍ ព្រោះបុគ្គលនោះ បានសម្រេច នូវប្រយោជន៍ ដែលខ្ពស់ឡើងៗ ដោយលំដាប់” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | ឈាយឹ វិរជមាសីនំ | កតកិច្ចំ អនាសវំ |
| ឧត្តមត្ថំ អនុប្បត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលីគឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះថា ជាព្រាហ្មណ៍ ។
