ពាលវគ្គ
☸️៥. ពាលវគ្គ មាន ១៦ គាថា
| ១. | ទីឃា ជាគរតោ រត្តិ | ទីឃំ សន្តស្ស យោជនំ |
| ទីឃោ ពាលាន សំសារោ | សទ្ធម្មំ អវិជានតំ ។ |
👉រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។
| ២. | ចរញ្ចេ នាធិគច្ឆេយ្យ | សេយ្យំ សទិសមត្តនោ |
| ឯកចរិយំ ទឡ្ហំ កយិរា | កុនត្ថិ ពាលេ សហាយតោ ។ |
👉បុគ្គល កាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ] មិនមានក្នុងបុគ្គលពាលឡើយ ។
| ៣. | បុត្តា មត្ថិ ធនមត្ថិ | ឥតិ ពាលោ វិហញ្ញតិ |
| អត្តា ហិ អត្តនោ នត្ថិ | កុតោ បុត្តា កុតោ ធនំ ។ |
👉ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពីណាបាន ។
| ៤. | យោ ពាលោ មញ្ញតី ពាល្យំ | បណ្ឌិតោ វាបិ តេន សោ |
| ពាលោ ច បណ្ឌិតមានី | ស វេ ពាលោតិ វុច្ចតិ ។ |
👉អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។
| ៥. | យាវជីវម្បិ ចេ ពាលោ | បណ្ឌិតំ បយិរុបាសតិ |
| ន សោ ធម្មំ វិជានាតិ | ទព្វី សូបរសំ យថា ។ |
👉មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។
| ៦. | មុហុត្តមបិ ចេ វិញ្ញូ | បណ្ឌិតំ បយិរុបាសតិ |
| ខិប្បំ ធម្មំ វិជានាតិ | ជិវ្ហា សូបរសំ យថា ។ |
👉វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច គេរមែងដឹងរសធម៌ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល ។
| ៧. | ចរន្តិ ពាលា ទុម្មេធា | អមិត្តេនេវ អត្តនា |
| ករោន្តា បាបកំ កម្មំ | យំ ហោតិ កដុកប្ផលំ ។ |
👉ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងត្រាច់ទៅធ្វើនូវកម្មដ៏លាមក ដែលជាអំពើមានផលក្តៅក្រហាយ ។
| ៨. | ន តំ កម្មំ កតំ សាធុ | យំ កត្វា អនុតប្បតិ |
| យស្ស អស្សុមុខោ រោទំ | វិបាកំ បដិសេវតិ ។ |
👉បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។
| ៩. | តញ្ច កម្មំ កតំ សាធុ | យំ កត្វា នានុតប្បតិ |
| យស្ស បតីតោ សុមនោ | វិបាកំ បដិសេវតិ ។ |
👉បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយតាមក្រោយ ដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។
| ១០. | មធុវា មញ្ញតី ពាលោ | យាវ បាបំ ន បច្ចតិ |
| យទា ច បច្ចតី បាបំ | អថ ( ពាលោ ) ទុក្ខំ និគច្ឆតិ ។ |
👉បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះដល់កាលណា បាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខក្នុងកាលណោះ ។
| ១១. | មាសេ មាសេ កុសគ្គេន | ពាលោ ភុញ្ជេថ ភោជនំ |
| ន សោ សង្ខាតធម្មានំ | កល្លំ អគ្ឃតិ សោឡសឹ ។ |
👉ជនពាល ទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ( ដែលគេច្រៀក ១៦ លើក ) របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬមានធម៌បានពិចារណាហើយ (រាប់តាំងពីរព្រះសោតាបន្នឡើងទៅ) នោះឡើយ ។
| ១២. | ន ហិ បាបំ កតំ កម្មំ | សជ្ជុខីរំវ មុច្ចតិ |
| ឌហន្តំ ពាលមន្វេតិ | ភស្មាច្ឆន្នោវ បាវកោ ។ |
👉កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏ដូចជាទឹកដោះស្រស់ ដែលគេទើបតែរឺតក្នុងខណៈនោះ មិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះ រមែងតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះដូច្នោះឯង ។
| ១៣. | យាវទេវ អនត្ថាយ | ញត្តំ ពាលស្ស ជាយតិ |
| ហន្តិ ពាលស្ស សុក្កំសំ | មុទ្ធំ អស្ស វិបាតយំ ។ |
👉ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងក្បាលគឺបញ្ញាឲ្យធ្លាក់ចុះ បំផ្លិចបំផ្លាញ ចំណែកនៃធម៌ស គឺកុសលរបស់បុគ្គលពាលនោះឯង ។
| ១៤. | អសន្តំ ភាវមិច្ឆេយ្យ | បុរេក្ខារញ្ច ភិក្ខុសុ |
| អាវាសេសុ ច ឥស្សរិយំ | បូជា បរកុលេសុ ច ។ |
👉ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន (ក្នុងខ្លួន) ផង នូវភាពហែហម គឺជាប្រមុខក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង ។
| ១៥. | មមេវ កតមញ្ញន្តុ | គិហិប្បព្វជិតា ឧភោ |
| មមេវ អតិវសា អស្សុ | កិច្ចាកិច្ចេសុ កិស្មិញ្ចិ | |
| ឥតិ ពាលស្ស សង្កប្បោ | ឥស្សា មានោ ច វឌ្ឍតិ ។ |
👉ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចធំ កិច្ចណាមួយក៏ដោយ (កាលបើយ៉ាងនេះ) ឥស្សា និងមានះ រមែងចម្រើន (ដល់ភិក្ខុពាលនោះឯង) ។
| ១៦. | អញ្ញា ហិ លាភូបនិសា | អញ្ញា និព្វានគាមិនី |
| ឯវមេតំ អភិញ្ញាយ | ភិក្ខុ ពុទ្ធស្ស សាវកោ | |
| សក្ការំ នាភិនន្ទេយ្យ | វិវេកមនុព្រូហយេ ។ |
👉បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធដឹងច្បាស់នូវហេតុនោះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។
ចប់ពាលវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ