សុខវគ្គ
មាន៨រឿង – ១២គាថា
☸️៥. រឿង ឣញ្ញត្រឧបាសក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសកម្នាក់ ក្នុងក្រុងឣាឡវី ជាឣ្នកកំសត់ទូគ៌ត ។ ព្រះឣង្គ ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផលរបស់ឧបាសកនោះហើយ ស្តេចយាងទៅកាន់ក្រុងឣាឡវី មួយឣន្លើដោយភិក្ខុសង្ឃ ៥០០ រូប ។ ពួកមហាជន បាននាំ គ្នា ចាត់ចែងធ្វើនូវភត្តាហារ ដើម្បីថ្វាយព្រះសាស្តា ព្រមទាំងភិក្ខុ សង្ឃ តាមសទ្ធា ។ ក្នុងគ្រានោះ ឧបាសកកំសត់ទូគ៌តនោះ បានចេញទៅរកគោ លុះឃើញគោហើយ ទើបត្រឡប់មកកាន់ទីប្រជុំវិញ ។ ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យវេយ្យាវច្ចករ ធ្វើម្ហូបឣាហារ ឲ្យឧបាសកនោះបរិភោគ ដើម្បីបំបាត់ការស្រេកឃ្លាន ហើយទ្រង់ត្រាស់ឣនុបុព្វីកថា ប្រកាសនូវចតុរារិយសច្ច ។ នៅពេលបញ្ចប់ព្រះធម៌ទេសនាហើយ ឧបាសកនោះ ក៏បានសម្រេចសោតាបត្តិផល ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។
ព្រះសាស្តាចារ្យ ទ្រង់ធ្វើធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
| ៧. | ជិឃច្ឆាបរមា រោគា | សង្ខារា បរមា ទុខា |
| ឯតំ ញត្វា យថាភូតំ | និព្វានំ បរមំ សុខំ ។ |
👉សេចក្ដីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង ( អ្នកប្រាជ្ញ ) ដឹងច្បាស់នូវសេចក្ដីនុ៎ះតាមពិតហើយ ( រមែងធ្វើឲ្យជាក់ច្បាស់ ) នូវព្រះនិព្វាន ដែលជាសុខយ៉ាងក្រៃលែង ។
