ពុទ្ធវគ្គ
មាន៩រឿង – ១៨គាថា
☸️៥. រឿង ឣនភិរតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ជាឣ្នកមិនត្រេកឣរក្នុងបព្វជ្ជា ប្រាថ្នាចង់លាចាកសិក្ខាបទតែប៉ុណ្ណោះ ។ ភិក្ខុទាំងឡាយ បានទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់សួរនូវភិក្ខុនោះ ថា “ម្នាលភិក្ខុ បច្ច័យ ដែលទុកសម្រាប់ចិញ្ចឹមជីវិត របស់ឣ្នកនោះ តើមានគ្រប់គ្រាន់ ប្រើប្រាស់ដែរឬទេ?” ។
ភិក្ខុរូបនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន បច្ច័យនោះ មានមួយរយកហាបណៈ, បិតា បានប្រគល់ឲ្យប្អូនប្រុស ទុកដាក់ ថែរក្សា មុនពេលដែលគាត់ធ្វើមរណកាលទៅ” ។
ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុនោះ រាប់ គិត បូកកហាបណៈដែលត្រូវយកទៅចាយវាយ ប្រើប្រាស់ផ្សេងៗ មានទិញម្ហូបឣាហារបរិភោគ រៀងរាល់ថ្ងៃ ទិញគោ, ក្របី, ស្រូវ, ឣង្ករ, ចប និង ផាលជាដើម ថា តើគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់ ។
ភិក្ខុនោះ គិតទៅ គិតមក ឃើញថា កហាបណៈ មួយរយនោះ មិនគ្រប់គ្រាន់នឹងគ្រឿងប្រើប្រាស់ សម្រាប់ចិញ្ចឹមជីវិតបានឡើយ ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុ កហបណៈ របស់ឣ្នក តិចពេកណាស់ ឣ្នកឣាស្រ័យកហបណៈទាំងនេះហើយ នឹងញ៉ាំង ឣត្តភាព ឲ្យគ្រប់គ្រាន់ យ៉ាងដូចម្តេចបាន” ដូច្នេះហើយទ្រង់ត្រាស់នូវសម័នធាតុជាតក… ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | ន កហាបណវស្សេន | តតិត្តិ កាមេសុ វិជ្ជតិ |
| អប្បស្សាទា ទុខា កាមា | ឥតិ វិញ្ញាយ បណ្ឌិតោ ។ |
👉ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ ( ដែលធ្លាក់ចុះ ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន
| ៩. | អបិ ទិព្វេសុ កាមេសុ | រតឹ សោ នាធិគច្ឆតិ |
| តណ្ហក្ខយរតោ ហោតិ | សម្មាសម្ពុទ្ធសាវកោ ។ |
👉អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ លោក ( បណ្ឌិត ) មិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធរមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ។
