បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️៦. រឿង បាដិកាជីវក
👉ព្រះបរមសាស្តា ទ្រង់ប្រារឰបាដិកាជីវក ។ បាដិកាជីវកនេះ បានហាមមិនឲ្យនាងគហបតានី ដែលជាឧបដ្ឋាយិកា របស់ខ្លួន ចូលទៅរកព្រះសាស្តា ព្រោះគាត់ខ្លាចនាងរត់ចោលខ្លួន ។
ព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទ្រង់ធ្វើឣនុមោទនា ដោយធម្មីកថា យ៉ាងពីរោះចាប់ចិត្ត ។ នាងគហបតានី បានស្តាប់នូវ ឣនុមោទនា របស់ព្រះឣង្គហើយ មានសេចក្តីជ្រះថ្លារីករាយសប្បាយចិត្ត យ៉ាងក្រៃលែង ហើយទទួលឣនុមោទនា ថា “សាធុៗ” ។
ក្នុងពេលនោះ បាដិកាជីវក កំពុងតែឈរ នៅខាងក្រោយផ្ទះ បានស្តាប់ឮដូច្នោះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង បានជេរប្រទេចព្រះសាស្តា ដោយប្រការផ្សេងៗ រហូតនាងគហបតានី ទ្រាំលែងបាន ។
ព្រះសាស្តា ទ្រង់ត្រាស់លួងលោមនាងគហបតានី ដោយព្រះធម៌ទេសនា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៧. | ន បរេសំ វិលោមានិ | ន បរេសំ កតាកតំ |
| អត្តនោ វ អវេក្ខេយ្យ | កតានិ អកតានិ ច ។ |
👉ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។
