៦. ព្រះបាទបសេនទិកោសល

សុខវគ្គ

មាន៨រឿង – ១២គាថា

☸️៦. រឿង ព្រះបាទបសេនទិកោសល

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទបសេនទិកោសល ។ កាលពីដើម ព្រះរាជា ទ្រង់មានព្រះកាយហល់ នៅមិនជាសុខ ព្រោះទោសនៃការសោយព្រះស្ងោយច្រើនហួសប្រមាណ ។ លុះព្រះឣង្គទ្រង់ព្រះសណ្តាប់នូវពុទ្ធភាសិត ដែលតិះដៀលនូវការបរិភោគហួសប្រមាណហើយ ពោលសរសើរការស្គាល់ប្រមាណ ក្នុងការបរិភោគតែល្មមសមគួរហើយ ទើបទ្រង់បន្ថយព្រះក្រយាស្ងោយបន្តិចម្តងៗ ។ តាំងពីពេលនោះមក ព្រះរាជា ទ្រង់មានព្រះវរកាយរីករាយសប្បាយគ្មានទុក្ខ ដូចពេលមុនឡើយ ។ ក្នុងកាលមុន ព្រះរាជា ទ្រង់បានធ្វើ សង្គ្រាម ជាមួយព្រះបាទឣជាតសត្រូវ តែឥឡូវនេះ ព្រះឣង្គទ្រង់បានស្រុះស្រួល ឈប់ច្បាំងជាមួយនឹងព្រះបាទឣជាតសត្រូវទៀតហើយ ទ្រង់មានព្រះមេត្រីភាព យ៉ាងជិតស្និទ្ធនឹងគ្នា ទ្រង់បានព្រះរាជទានព្រះរាជធីតា វជិរកុមារី ថ្វាយព្រះបាទឣជាសត្រូវ ។

កែវមណីពីបុរាណ ជារបស់ព្រះបាទកុសរាជ ដែលធ្លាក់មកលើព្រះឣង្គ ហើយបានបាត់ទៅ ឥឡូវនេះ ក៏បានត្រឡប់មកលើព្រះ ឣង្គ ដូចដើមវិញ ។ ព្រះរាជា ទ្រង់មានព្រះទ័យចង់ជិតស្និទ្ធ ជាមួយព្រះបរមសាស្តា ទើបឲ្យសុំព្រះរាជធីតា ឣំពីសាក្យវង្ស ទ្រង់ព្រះនាម វាសភខត្តិយា ជាព្រះរាជធីតា របស់ព្រះមហានាមសាក្យរាជ មកធ្វើឣភិសេក ជាព្រះឣគ្គមហេសី ដើម្បីជាផ្លូវដែលធ្វើឲ្យមានសេចក្តីស្និទ្ធ ស្នាល ជាមួយនឹងព្រះសាវ័កទាំងឡាយ, ព្រះរាជា ទ្រង់ឣាស្រ័យនូវហេតុទាំងឣស់នេះហើយ ទើបមានព្រះហប្ញទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ហើយបានស្តេចយាងចូលទៅ ក្រាបថ្វាយបង្គំ ទូលរឿងទាំងឣស់នោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.អារោគ្យបរមា លាភាសន្តុដ្ឋិ បរមំ ធនំ
វិស្សាសបរមា ញាតីនិព្វានំ បរមំ សុខំ ។

👉ការមិនមានរោគ​ ជាលាភយ៉ាងក្រៃលែង​ សេចក្ដីសន្ដោស​ ជាទ្រព្យយ៉ាងក្រៃលែង​ សេចក្ដី​ស្និទ្ធ​ស្នាល​ ជា​ញាតិ​យ៉ាង​ក្រៃលែង ព្រះនិព្វាន​ ជាសុខយ៉ាងក្រៃលែង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៥-សុខវគ្គរឿង

📜១. ការហាមព្រះញាតិ
📜២. មារ
📜៣. កោសលរាជបរាជ័យ
📜៤. ឣញ្ញត្រកុលទារិកា
📜៥. ឣញ្ញត្រឧបាសក
📜៦. ព្រះបាទបសេនទិកោសល
📜៧. ព្រះតិស្សត្ថេរ
📜៨. សក្កទេវរាជ