ជំពូក៦. ព្រះពោធិសត្វក្នុងអត្តភាពជាព្រះសម្មាសម្ពុទ្ធសមណគោតម
ព្រះពោធិសត្វលោកបានបំពេញបារមីដែលជាពុទ្ធការកធម៌រហូតមកដល់អត្តភាពជា ព្រះវេស្សន្ដរ បានបំពេញទានបារមីដ៏ប្រសើរ ហើយបានចុតិ រួចយាងទៅចាប់បដិសន្ធិក្នុងស្ថានតុសិតមានឈ្មោះថា សន្តុសិតទេវបុត្រ ។ ក្រោយមក ទេវតាទាំងឡាយមួយសែនចក្រវាលបានដឹងថា សន្តុសិតទេវបុត្រនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងលោក ទើបបាននាំគ្នាចូលទៅអារាធនាព្រះពោធិសត្វឲ្យចុះចាប់បដិសន្ធិក្នុង មនុស្សលោក ។ ព្រះពោធិសត្វមិនទាន់ទទួលពាក្យប្ដេជ្ញារបស់ទេវតានោះទេ ហើយសម្លឹងមើលមហាវិលោកនៈទាំង៥គឺ កាល១ ទ្វីប១ ប្រទេស១ ត្រកូល១ ព្រះមាតា១ ។
- កាលៈ ជាធម្មតាព្រះពុទ្ធទាំងឡាយ ព្រះអង្គមិនត្រាស់ដឹងក្នុងអាយុកាលនៃមនុស្សលើសពីមួយសែនឆ្នាំ និងតិចជាងមួយរយឆ្នាំ ។ ព្រះពោធិសត្វតែងតែចុះមកត្រាស់ដឹងក្នុងលោក មនុស្សមានអាយុចន្លោះពីមួយរយឆ្នាំទៅមួយសែនឆ្នាំ ។
- ទ្វីបៈ ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ដឹងក្នុងជម្ពូទ្វីបតែម្យ៉ាងប៉ុណ្ណោះ ។
- ប្រទេសៈ ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ដឹងក្នុងមជ្ឈិមប្រទេសប៉ុណ្ណោះ ។
- ត្រកូលៈ ព្រះពុទ្ធទាំងឡាយមិនបដិសន្ធិក្នុងត្រកូលវេស្សៈ និងសូទ្រៈឡើយ ។ លោកបដិសន្ធិតែក្នុងត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍ប៉ុណ្ណោះ ។
- ព្រះមាតាៈ ពុទ្ធមាតាមិនមែនជាអ្នកមានលក្ខណៈឡេះឡោះ មិនសេពសុរាជាដើម ជាអ្នកសាងបារមីធម៌មួយសែនកប្បមកហើយ និងជាអ្នកមានសីល៥ ស្អាតបរិសុទ្ធជានិច្ច ។
បន្ទាប់ពីព្រះពោធិសត្វរមិលមើលមហាវិលោកកនៈទាំង៥ហើយ ទ្រង់ឃើញជម្ពូទ្វីបជាមង្គលចក្រវាល ឃើញកបិលពស្តុនគរ ស្ថិតនៅក្នុងមជ្ឈិមប្រទេស ឃើញត្រកូលក្សត្រដ៏ល្អ ឃើញព្រះមាតាដ៏បវរក៏បង្អោនចិត្តមកបដិសន្ធិក្នុងមនុស្សលោក គឺក្នុងត្រកូលក្សត្រព្រះបាទ សុទ្ធោទនៈ និងព្រះនាងសិរិមហាមាយា ជាគោតមគោត្រ ។
ព្រះពោធិសត្វ ចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយានៅថ្ងៃ១៥កើតពេញ បូណ៌មី ខែអាសាឍ មុនពុទ្ធសករាជ៨០ឆ្នាំ និង១០ខែ ។
ក្នុងខណៈព្រះពោធិសត្វចុះចាប់បដិសន្ធិនោះ លោកធាតុទាំង១សែនចក្រវាលកម្រើករំពើកញាប់ញ័រ មាននិមិត្ត៣២ប្រការកើតឡើងប្រាកដក្នុងខណៈនោះគឺ ៖
- ពន្លឺរកប្រមាណមិនបានផ្សាយពេញ១សែនចក្រវាល
- មនុស្សងងឹតភ្នែក មានពន្លឺមើលឃើញបាន
- មនុស្សថ្លង់ អាចស្ដាប់ឮបាន
- មនុស្សគ អាចនិយាយបាន
- មនុស្សគម អាចខ្លួនត្រង់
- មនុស្សខ្វិន អាចដើរបាន
- សត្វជាប់ចំណង រួចផុតចំណងបាន
- ភ្លើងក្នុងនរករលត់
- ពួកសត្វមិនមានសេចក្ដីស្រេកឃ្លាន
- សត្វតិរច្ឆានមិនមានសេចក្ដីខ្លាចគ្នា
- ជំងឺរបស់សត្វទាំងពួងជាសះស្បើយ
- សព្វសត្វទាំងអស់និយាយគ្នាដោយសេចក្ដីស្រលាញ់
- សេះទាំងលាយបញ្ចេញសម្រែកដ៏ពីរោះ
- ដំរីទាំងឡាយបញ្ចេញសំឡេងស្រែកឡើង
- តន្ត្រីគ្រប់ប្រភេទបញ្ចេញសំឡេងគឹកកងដោយខ្លួនឯង
- កងដៃរបស់មនុស្សប៉ះទង្គិចគ្នាបញ្ចេញសំឡេងយ៉ាងពីរោះ
- គ្រប់ទិសទាំងអស់មានសភាពច្បាស់ល្អមិនស្រអ័ព្ទ
- ខ្យល់ដ៏ត្រជាក់បក់មកធ្វើឲ្យមានសេចក្ដីសុខដល់សព្វសត្វ
- ភ្លៀងមិនត្រូវកាលធ្លាក់ចុះមក
- ទឹកផុសចេញអំពីផែនដី ហើយហូរ
- សត្វមិនមានហើរលើអាកាស
- ទឹកស្ទឹងឈប់នឹងថ្កល់មិនហូរ
- ទឹកមហាសមុទ្រមានរសជាតិផ្អែម
- ផ្កាបទុម៥ប្រភេទ ផុសរីកដេរដាសពេញទឹកគ្រប់កន្លែង
- ផ្កាឈើគ្រប់ប្រភេទ ទាំងលើគោក ទាំងក្នុងទឹកក៏រីកឡើង
- ផ្កាបទុម ប្រភេទដើមក៏រីកតាមដើម
- ផ្កាបទុម ប្រភេទមែកក៏រីកតាមមែក
- ផ្កាបទុម ប្រភេទវល្លិក៏រីកតាមវល្លិ
- ផ្កាបទុម ប្រភេទធាងជ្រែកផ្ទៃសិលាចេញជាផ្កាមួយរយជាន់ៗ
- ផ្កាបទុម ប្រភេទសំយុងចុះក៏បានកើតឡើង
- ភ្លៀងផ្កាក៏ធ្លាក់ចុះពីលើអាកាស
- តន្ត្រីដ៏ជាទិព្វក៏បញ្ចេញសូរសៀងសំឡេងយ៉ាងពីរោះ ។
សម័យ នោះ ក្រុងសបិលពស្តុមានប្រារព្ធពិធីបុណ្យនក្ខត្តឫក្សក្នុងខែអាសាឍ យ៉ាងគគ្រឹកគគ្រេង ។ មហាជនទាំងឡាយមានចិត្តរីករាយនាំគ្នាចូលរួមបុណ្យនក្ខត្តឫក្ស នោះ ។ ចំណែកព្រះនាងមហាមាយាទេវីតាំងពីថ្ងៃ៧ មុនថ្ងៃពេញបូណ៌មីព្រះនាងក៏ចូលរួមបុណ្យដ៏នក្ខត្តឫក្សនោះជាមួយ មហាជនដែរ ។ តែដល់ថ្ងៃពេញបូណ៌មីព្រះនាងក៏ស្រង់ទឹកក្រអូប ទ្រង់លះបង់ព្រះរាជទ្រព្យចំនួន៤សែនកហាបណៈធ្វើជាទាន ។ ព្រះនាងទ្រង់អធិដ្ឋានឧបោសថ ហើយយាងចូលទៅក្នុងបន្ទប់ដ៏មានសិរី ហើយផ្ទំលើព្រះសិរិសេយ្យាសនា ទ្រង់ក៏សុបិនឃើញហេតុដូចតទៅនេះ ៖
ស្ដេច មហារាជទាំង៤ មកលើកព្រះនាងព្រមទាំងសេយ្យាសនា ហើយនាំទៅព្រៃហេមពាន្ត ហើយដាក់លើផ្ទៃមនោសិលាមានប្រមាណ៦០ប្រយោជន៍ខាងក្រោមដើមសាលព្រឹក្ស ដ៏ធំមានខ្នាត៧យោជន៍ ហើយនាំគ្នាឈរក្នុងទីដ៏សមគួរ ។ លំដាប់នោះឯង ព្រះទេវីរបស់ស្ដេចមហារាជទាំង៤បាននាំព្រះនាងចុះទៅកាន់អនោត្ត ស្រះ ហើយស្រង់ទឹកថ្វាយព្រះនាងដើម្បីជម្រះមន្ទិលរបស់មនុស្សចេញ ហើយក៏ថ្វាយសំពត់ទិព្វ និងយកគ្រឿងដ៏ក្រអូបផ្សេងៗមកលាបព្រះកាយ ហើយយកផ្កាឈើទិព្វមកថ្វាយព្រះនាងទ្រង់គ្រឿងផងដែរ ។ មិនឆ្ងាយអំពីទីនោះ មានកូនភ្នំប្រាក់មួយដ៏ស្អាតដែលមានវិមានមាសដ៏ប្រណីតមួយស្ថិត ក្នុងនោះ ។ ស្ដេចមហារាជទាំង៤បាននាំព្រះនាងទៅកាន់ព្រះក្រឡាបន្ទំលើសេយ្យសនា ទិព្វមានសីសៈបែរទៅទិសខាងកើតក្នុងវិមានមាសនោះ ។ លំដាប់នោះឯង មានដំរីពណ៌សដ៏ប្រសើរដើរចុះពីកូនភ្នំមាសដែលមិនឆ្ងាយអំពី វិមាននោះ ហើយឡើងមកកាន់ភ្នំប្រាក់នាទិសខាងជើង បានយកប្រមោយមានពណ៌ដូចជាប្រាក់ ចាប់ផ្កាឈូកពណ៌សបញ្ចេញសំឡេងកោញ្ចនាទ ចូលទៅកាន់វិមានមាសនោះ ហើយប្រទក្សិណជុំវិញព្រះសេយ្យាសនាព្រះនាងបីជុំ ហាក់បីដូចជាជ្រែកចូលតាមផ្ទៃពោះព្រះនាងខាងស្ដាំក្នុងខណៈនោះ ឯង ។
លុះព្រឹកឡើង ព្រះនាងបានយកសុបិននោះទៅក្រាបទូលព្រះរាជស្វាមីឲ្យបាន ជ្រាប ។ ព្រះបាទសុទ្ធោទនៈជាព្រះស្វាមីបានហៅពួកព្រាហ្មណ៍មកទស្សន៍ទាយនូវ សុបិននិមិត្តនោះ ។ ពួកព្រាហ្មណ៍ហោរាទាំងឡាយទស្សន៍ទាយថា ព្រះនាងនឹងមានបុត្រជាអ្នកមានបុណ្យដ៏អស្ចារ្យម្នាក់ ។
ព្រះពោធិសត្វចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយានៅថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូណ៌មី ខែអាសាឍ ។
កាលព្រះពោធិសត្វចុះចាប់បដិសន្ធិនោះ ស្ដេចមហារាជទាំង៤ គឺព្រះបាទធតរដ្ឋ វិរុឡ្ហៈ វិរូបក្ខៈ កុវេរៈ តាមថែរក្សាព្រះគភ៌ជានិច្ច ។
ធម្មនិយាមនៃព្រះពោធិសត្វ
ព្រះពោធិសត្វចាប់បដិសន្ធិប្រកបដោយធម្មនិយាមដូចតទៅ ៖
- ព្រះពោធិសត្វ ច្យុតចាកស្ថានតុសិត ទ្រង់មានសតិសម្បជញ្ញៈចុះកាន់ផ្ទៃនៃព្រះមាតា ។ នេះជាធម្មតារបស់ព្រះពោធិសត្វក្នុងវេលាដែលចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វច្យុតចាកស្ថានតុសិតចុះ កាន់ផ្ទៃនៃព្រះមាតា ។ គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបានក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព ក៏កើតប្រាកដឡើងក្នុងលោក គ្របសង្កត់នូវពន្លឺនៃទេវតាទាំងឡាយ ។ នៅគ្រប់ច្រកល្ហក ចន្លោះភ្នំ ឬក្នុងរូងភ្នំដែលធ្លាប់មានអ័ព្ទងងឹតពីមុនមក ពន្លឺព្រះអាទិត្យ និងព្រះចន្ទ មិនអាចបំភ្លឺបាន ក៏ទទួលបានពន្លឺដ៏ត្រចះត្រចង់នៃអានុភាពរបស់ព្រះពោធិសត្វក្នុងពេល នោះ ។ ពួកសត្វណាដែលកើតឡើងក្នុងទីទាំងនោះ សត្វអម្បាលនោះក៏ស្គាល់គ្នានឹងគ្នាច្បាស់ដោយសារពន្លឺនោះថា «អើហ្ន៎មានពួកសត្វឯទៀតកើតក្នុងទីនេះដែរ» ។ លោកធាតុទាំងមួយម៉ឺននេះក៏កក្រើករំពើកញាប់ញ័រ ទាំងពន្លឺដ៏ភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោកកន្លងទេវានុភាពនៃទេវតាទាំងឡាយ ។ នេះជាធម្មតារបស់ព្រះពោធិសត្វក្នុងវេលាដែលចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វចុះកាន់ផ្ទៃព្រះមាតាមាន ទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមនុស្ស និងអមនុស្សណានីមួយបៀតបៀនព្រះពោធិសត្វ និងព្រះមាតានៃព្រះពោធិសត្វនោះបានឡើយ ។ នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វជាអ្នកមានសីល ដោយប្រក្រតី ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ រៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ។ នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វមិនមានចិត្តប្រកបដោយកាមគុណក្នុងបុរសទាំង ឡាយ ព្រះមាតានៃព្រះពោធិសត្វមិនដែលមានបុរសណាមួយមានចិត្តត្រេកអរ ប្រព្រឹត្តកន្លងបានឡើយ ។ នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វតែងបាននូវកាមគុណទាំង៥ជាប្រក្រតី ។ ព្រះមាតានៃព្រះពោធិសត្វនោះ តែងស្កប់ស្កល់ប្រកបព្រម មានអ្នកផ្គាប់បម្រើដោយកាមគុណទាំង៥ ។ នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា នុ៎ះ ។
- ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា អាពាធណានីមួយក៏មិនកើតឡើងដល់ព្រះមាតានៃព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វមានតែសេចក្ដីសុខជាប្រក្រតី មានកាយមិនលំបាក ។ មាតានៃព្រះពោធិសត្វតែងមើលឃើញព្រះពោធិសត្វហាក់ដូចជាឋិតនៅក្រៅ ផ្ទៃ សព្វអវយវៈទាំងធំទាំងតូច ប្រកបដោយឥន្ទ្រិយដ៏បរិបូរ ។
ព្រះពោធិសត្វប្រសូត
ព្រះនាងមហាមាយាទេវីទ្រទ្រង់គភ៌ចំនួន១០ខែគត់ មានបំណងដើម្បីទៅប្រសូតបុត្រនៅឯនគរខាងព្រះបិតាគឺ នគរទេវទហៈ ។ ព្រះនាងបានការអនុញ្ញាតពីព្រះស្វាមី ក៏នាំបរិវារយ៉ាងច្រើនទៅជាមួយ ព្រមទាំងមានអាមាត្យចំនួនមួយពាន់នាក់តាមការពារព្រះនាងផង ដែរ ។ លុះព្រះនាងយាងដល់ព្រៃមង្គលសាលវ័នដែលមានឈ្មោះថា ព្រៃលុម្ពិនី ស្រាប់តែដើមសាលព្រឹក្ស (ដើមរាំងប្រសូត) ទាំងឡាយក៏រីកផ្កាឡើងតាំងពីគល់រហូតដល់ចុង ទាំងមែកក៏មានផ្កាគួរឲ្យគយគន់ចម្រុះដោយផ្កាមានពណ៌៥ ប្រភេទ ។ ពួកភមរជាតិទាំងឡាយនាំគ្នាហើរមកក្រេបលំអងផ្កាដ៏មានក្លិន ក្រអូបឈ្ងុយឈ្ងប់ ។ ពួកសកុណជាតិទាំងឡាយស្រែកបញ្ចេញសំឡេងសែនពីរោះគួរឲ្យចង់ ស្ដាប់ ។ ព្រះនាងបានឃើញផ្កាដ៏ស្រស់ស្អាត និងឮសំឡេងយ៉ាងពីរោះនោះ មានចិត្តរីករាយចង់ចុះពីគ្រែស្នែង ដើម្បីក្រសាលក្នុងព្រៃសាលព្រឹក្សនោះ ។ ពួកអាមាត្យទាងឡាយបាននាំព្រះនាងចូលទៅកាន់ព្រៃលុម្ពិនីនោះ ។ ព្រះនាងទ្រង់យាងចូលជិតគល់មង្គលសាលព្រឹក្សមួយដើម ហើយមានបំណងឈោងចាប់មែកសាលព្រឹក្សនោះ ។ ស្រាប់តែមែកសាលព្រឹក្សនោះ បង្អោនចុះមកជិតព្រះហសត្តព្រះនាង ធ្វើឲ្យព្រះនាងចាប់បានងាយ ។ គ្រាន់តែព្រះនាងចាប់បានភ្លាម ខ្យល់កម្មជវាតក៏កម្រើកឡើង ។ ពេលនោះ ពួកបរិវារនាំគ្នាយកវាំងននមកបិទបាំងព្រះនាង ។ ព្រះនាងក៏ប្រសូតព្រះពោធិសត្វដោយទ្រង់ឈរ និងមានដៃកំពុងតោងមែកសាលព្រឹក្សនោះឯង ។ ព្រះពោធិសត្វប្រសូតចាកផ្ទៃមាតា ហាក់ដូចជាធម្មកថិកចុះពីធម្មាសនៈ ។ សត្វទាំងឡាយប្រសូតមកប្រឡាក់ដោយគ្រឿងបដិកូលមិនស្អាត ។ តែព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតាដ៏ល្អល្អះ ស្រស់បស់ មិនបានប្រឡាក់ដោយទឹក (ភ្លោះ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នកស្អាតល្អបរិសុទ្ធ ។
ខណៈ នោះ មហាព្រហ្មមានចិត្តដ៏បរិសុទ្ធ៤រូប បានយកសំណាញ់មាសមកទទួលព្រះពោធិសត្វ ហើយលើកបង្ហាញចំពោះមុខព្រះនាងថា បពិត្រព្រះនាងទេវី សូមព្រះនាងមានចិត្តរីករាយចុះ បុត្ររបស់ព្រះនាងជាអ្នកមានស័ក្តិធំទ្រង់កើតឡើងហើយ ។ ស្ដេចមហារាជទាំង៤ ទទួលព្រះពោធិសត្វពីព្រហ្មដោយគ្រឿងដណ្ដប់ធ្វើពីស្បែកខ្លាដែលមាន សម្ផស្សដ៏ជាសុខ ដែលសន្មតថាជាមង្គល ។ មនុស្សបានទទួលពីស្ដេចមហារាជដោយសំពត់ទុកូលពស្ត្រ ហើយបានដាក់ព្រះពោធិសត្វនៅលើផែនដី ។ ពេលនោះព្រះពោធិសត្វសម្លឹងមើលទិសទាំងអស់ហើយមានមុខឆ្ពោះទៅកាន់ ឧត្ដរទិស (ទិសខាងជើង) យាងឈានដើរបាន៧ជំហាន ហើយស្រែកអាសភិវាចា គឺវាចាដ៏ឧត្ដមថា «អាត្មាអញ ជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុតលើលោក អាត្មាអញជាបុគ្គលប្រសើរបំផុតលើលោក នេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ ឥឡូវនេះភពថ្មីតពីនេះទៅទៀតមិនមានឡើយ» ។
ព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន កើតប្រាកដឡើងក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសកន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។ នៅគ្រប់ច្រកល្ហក ចន្លោះភ្នំ ឬក្នុងរូងភ្នំដែឡធ្លាប់មានអ័ព្ទងងឹតពីមុនមក ពន្លឺព្រះអាទិត្យ និងព្រះចន្ទមិនអាចបំភ្លឺបាន ក៏ទទួលបានពន្លឺដ៏ត្រចះត្រចង់នៃអានុភាពរបស់ព្រះពោធិសត្វក្នុងពេល នេះ ។ ពួកសត្វណាដែលកើតក្នុងទីទាំងឡាយសត្វអម្បាលទាំងឡាយក៏ស្គាល់ ច្បាស់នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា «អើហ្ន៎ មានពួកសត្វឯទៀតកើតក្នុងទីនេះដែរ» ។ លោកធាតុទាំងមួយម៉ឺននេះក៏កក្រើករពើកញាប់ញ័រ ទាំងពន្លឺដ៏ភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក ដោយកន្លងទេវានុភាពនៃទេវតាទាំងឡាយ ។ នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា នុ៎ះ ។
ព្រះពោធិសត្វប្រសូតក្នុងថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ មុនពុទ្ធសករាជ៨០ ។
កាលនោះ ពួកអាមាត្យ និងបរិវារទាំងឡាយ ក៏យាងព្រះនាង និងឱរសត្រលប់ចូលទៅកាន់ក្រុងកបិលពស្តុវិញ ។
ក្នុងថ្ងៃព្រះពោធិសត្វប្រសូតមានសហជាត៧ កើតរួមដែរគឺ រាហុលមាតា១ អានន្ទ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ សេះកណ្ឋកៈ១ ព្រះពោធិព្រឹក្ស១ និងកំណប់ទ្រព្យ៤យ៉ាង ។
ក្នុង ថ្ងៃព្រះពោធិសត្វប្រសូត ពួកទេវតាទាំងឡាយមានចិត្តរីករាយបានស្រែកសំឡេងខ្ទ័រខ្ទារប្រាប់ គ្នាក្នុងស្ថានសួគ៌ថា បុត្ររបស់ព្រះបាទសុទ្ធោទនមហារាជ ប្រសូតហើយក្នុងនគរកបិលពស្តុ កុមារនេះនឹងអង្គុយទៀបគល់ពោធិមណ្ឌល នឹងបានត្រាស់ជាព្រះពុទ្ធ ។ ជួលកាលនោះ កាលទេវិលតាបស អ្នកមានសមាបត្តិ៨ ជាជីតុន របស់ព្រះបាទសុទ្ធទនៈ ចូលទៅសម្រាកក្នុងស្ថានតាវតិង្សបានឮសំឡេងស្រែកប្រកាសគ្នានោះឡើង ក៏ចុះពីស្ថានតាវតិង្សមកកាន់រាជនិវេសន៍របស់ព្រះបាទសុទ្ធោទនៈ ហើយអង្គុយលើអាសនៈដែលគេក្រាលថ្វាយហើយ ។ ពេលនោះ កាលទេវិលតាបសនោះ មានបំណងចង់ឃើញព្រះរាជបុត្រនោះ ក៏ពោឡើងថា «បពិត្រមហារាជ អាត្មាចង់ឃើញព្រះរាជឱរសរបស់ព្រះអង្គ» ។
ព្រះបាទ សុទ្ធោទនៈឲ្យពួកបរិវារតាក់តែងគ្រឿងអលង្ការ ហើយឲ្យយករាជឱរសចូលមកថ្វាយបង្គំលោកតាបស ។ គ្រាន់តែពួកបរិវារនាំព្រះរាជឱរសមកចំពោះមុខតាបស ភ្លាមនោះ ស្រាប់តែរាជឱរសអណ្ដែតត្រសែតព្ធដ៏អាកាសទៅតាំងនៅពីលើផ្នួងសក់ តាបសនោះទៅវិញ ។ តាបសឃើញហេតុអស្ចារ្យដូច្នោះ ក៏ផ្គងអញ្ជលីចំពោះព្រះពោធិសត្វ ។ សូម្បីព្រះរាជាក៏លុតជង្គង់ចុះ ថ្វាយបង្គំព្រះរាជឱរសក្នុងពេលនោះផងដែរ ។
កាលទេវិល តាបស លោកមានឫទ្ធិអភិញ្ញាអាចរលឹកកាលជាអតីតបាន៤០កប្ប អនាគតកាលបាន៤០កប្ប ។ ពេលនោះ ក៏ពិចារណាលក្ខណសម្បត្តិរបស់ព្រះពោធិសត្វថា «តើកុមារនេះនឹងត្រាស់ដឹងជាព្រះពុទ្ធ ឬមិនបានទេហ្ន៎» ។ ក្រោយពីពិចារណារួច ក៏បានដឹងថា ព្រះរាជឱរសអង្គនេះនឹងបានត្រាស់ដឹងជាព្រះពុទ្ធពិតប្រាកដ ហើយក៏ញញឹមឡើង ។ តាបសនោះពិចារណាជាបន្តទៀតថា «តើអាត្មាអញអាចបានទាន់ឃើញព្រះពុទ្ធដែលជាអច្ឆរិយបុគ្គលយ៉ាងនេះដែរឬទេ» ។ ពិចារណទៅ ឃើញខ្លួននឹងស្លាប់ទៅកើតក្នុងអរូបភព មិនអាចឃើញព្រះពុទ្ធត្រាស់ដឹងក្នុងលោករាប់រយពាន់ព្រះអង្គ ។ ពេលនោះ តាបសក៏យំខ្សឹកខ្សួលឡើង ។
ថ្ងៃ ពុធ ៥រោច ខែពិសាខនោះដដែល ជាថ្ងៃនាមគ្គហណទិវា (ថ្ងៃដាក់ឈ្មោះ) ។ ព្រះវររាជបិតា ទ្រង់ឲ្យអញ្ជើញព្រាហ្មណ៍១០៨នាក់ដែលជាអ្នកជំនាញក្នុងត្រៃវេទ មកមើលលក្ខណៈព្រះរាជឱរស ។ ព្រះរាជាទ្រង់ចំណាយទ្រព្យធនយ៉ាងច្រើនធ្វើពិធីលៀងពួកព្រាហ្មណ៍ ទាំងនោះ ហើយទុកព្រាហ្មណ៍ត្រឹម៨នាក់គឺ រាមព្រាហ្មណ៍ ធជព្រាហ្មណ៍ លក្ខណព្រាហ្មណ៍ យញ្ញព្រាហ្មណ៍ សុភោជព្រាហ្មណ៍ សុយាមព្រាហ្មណ៍ សុទត្តព្រាហ្មណ៍ និងកោណ្ឌញ្ញព្រាហ្មណ៍ ។ ពួកព្រាហ្មណ៍ទាំង៧នាក់នេះ បានព្យាករលក្ខណៈព្រះពោធិសត្វនូវគតិពីរ ៖
- បើនៅឃរាវាស កុមារនេះនឹងបានជាស្ដេចចក្រពត្តិ
- បើចេញសាងផ្នួស នឹងបានត្រាស់ជាព្រះពុទ្ធ
ចំណែកកោណ្ឌញ្ញព្រាហ្មណ៍ព្យាករលក្ខណៈឃើញត្រឹមតែគតិមួយថា «មហាបុរសនេះនឹងចេញបួសឥតសង្ស័យ ហើយនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពិតប្រាកដ» ។
បន្ទាប់ពីព្រាហ្មណ៍ទាំងនោះព្យាករហើយ ក៏ប្រសិទ្ធនាមព្រះពោធិសត្វថា សិទ្ធត្ថៈ មានន័យថា «ជាអ្នកធ្វើប្រយោជន៍ឲ្យសម្រេចដល់សត្វលោកទាំងពួង» ។
ព្រះពោធិសត្វ ប្រសូតបានត្រឹម៧ថ្ងៃ ព្រះមាតាទ្រង់ក៏ធ្វើមរណកាលទៅកើតក្នុងស្ថានតុសិត ។ ព្រះនាងសិរិមហាមាយាសោយទិវង្គតនៅថ្ងៃពុធ ៧រោច ខែពិសាខ ។
ព្រះពោធិសត្វមានវ័យវឌ្ឍនាការមករហូតដល់អាយុ១៦ឆ្នាំ ។ ព្រះបិតាចាត់ចែងកសាងប្រាសាទបីថ្វាយព្រះអង្គគឺ នវភូមិកប្រាសាទ១ សត្តភូមិកប្រាសាទ១ បញ្ចភូមិកប្រាសាទ១ និងមានស្ត្រីបម្រើរបាំព្រះអង្គចំនួន៤ម៉ឺននាក់ ។ ព្រះរាជាក៏រៀបអភិសេកព្រះពោធិសត្វជាមួយ ព្រះនាងភទ្ទាកច្ចាយនា ហៅ ព្រះនាងពិម្ពាយសោធរា ផងដែរ ។ ព្រះរាជបិតាតែងតែរកគ្រប់មធ្យោបាយធ្វើឲ្យព្រះសិទ្ធត្ថមានការ សប្បាយរីករាយនៅក្នុងព្រះបរមរាជវាំង ដោយការរាំច្រៀងជាមួយតូរ្យតន្ត្រី និងស្រីស្នំជាដើម… ។ តែព្រះពោធិសត្វពុំបានវង្វែងលង់ក្នុងឧបាយទាំងនោះឡើយ ។ ផ្ទុយទៅវិញ ព្រះអង្គតែងតែចង់យាងចេញទៅទតផ្ទាល់នូវស្ថានភាពខាងក្រៅព្រះបរម រាជវាំង ។ ព្រះពោធិសត្វរៀបអភិសេក និងគ្រងរាជ្យក្នុងព្រះជន្ម១៦វស្សា ។
ព្រះពោធិសត្វឃើញទេវទូតទាំង៤
កាល សម័យខាងក្រោយមក ព្រះពោធិសត្វទ្រង់ស្ដេចយាងទៅក្រសាលឧទ្យានជាមួយឆន្នអាមាត្យ ទ្រង់បានប្រទះឃើញនូវបុរសដែលមានភាពជរា សក់ស្កូវ ខ្នងកោង កាន់ឈើច្រត់ កំពុងដើរក្នុងឧទ្យាននោះ ក៏ឆ្ងល់ក្នុងព្រះចិន្ដា ទើបសួរអាមាត្យថា «នែនាយសារថី សម្លាញ់ស្មើចិត្តអើយ ចុះបុរសនេះធ្វើដូចម្ដេចបានជាសក់គាត់មិនដូចសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកឯទៀតដែរ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព នេះឯងហៅថា បុរសចាស់» ។
ព្រះពោធិសត្វៈ «នែនាយសារថី ចុះដូចម្ដេចបុរសនុ៎ះបានជាឈ្មោះថា បុរសចាស់ ?»។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព ឯបុរសនេះបានជាឈ្មោះថាបុរសចាស់តពីនេះទៅនុ៎ះ គាត់នឹងមិនរស់នៅយូរប៉ុន្មានទៀតទេ» ។
ព្រះពោធិសត្វៈ «ចុះតើយើងចាស់ដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងអស់គ្នា ទោះព្រះអង្គក្ដី យើងខ្ញុំទាំងឡាយក្ដី សុទ្ធតែមានសភាពជរាជាធម្មតា មិនកន្លងសេចក្ដីចាស់ទៅបានទេ» ។
ព្រះពោធិសត្វក៏ត្រលប់មកពីឧទ្យានមកវិញ ទ្រង់ឡើងកាន់ប្រាសាទត្រិះរិះថា «ថ្វឺយ អើហ្ន៎សភាវៈចាស់ជរាតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែក្រោយមកទៀត ព្រះពោធិសត្វទ្រង់យាងទៅកាន់ឧទ្យានម្ដងទៀត ក៏ប្រទះឃើញនូវមនុស្សមានជំងឺហើយសួរនាយសារថីថា «នែ នាយសារថី ចុះបុរសនេះ មានហេតុដូចម្ដេចបានជាភ្នែករបស់គាត់មិនដូចជាភ្នែករបស់ជនដទៃ ទាំងក្បាលរបស់គាត់ក៏មិនដូចក្បាលនៃជនដទៃ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បុរសនុ៎ះឈ្មោះថា បុរសឈឺ» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះធ្វើដូចម្ដេចនឹងឲ្យរួចចាកជំងឺនោះបាន តើយើងមានជំងឺដូចគេដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្ដី ទោះយើងខ្ញុំទាំងឡាយក្ដី សុទ្ធតែជាអ្នកមានជំងឺជាធម្មតា មិនកន្លងសេចក្ដីឈឺទៅបានឡើយ» ។
ព្រះពោធិសត្វក៏ត្រលប់មកកាន់រាជនិវេសន៍វិញ ហើយយាងឡើងទៅកាន់ប្រាសាទត្រិះរិះថា «ថ្វឺយ អើហ្ន៎ ជរាតែងមានប្រាកដ ព្យាធិតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែខាងក្រោយមកទៀត ព្រះពោធិសត្វយាងទៅក្រសាលឧទ្យានក៏ជួបប្រទះឃើញមនុស្សស្លាប់ ក៏សួរនាយសារថីថា «តើមហាជន កំពុងសែងបុរសនុ៎ះធ្វើអ្វី ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បរុសនុ៎ះឈ្មោះថា ធ្វើមរណកាលហើយ» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះដូចម្ដេចបានជាហៅថាធ្វើមរណកាល ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព បុរសនុ៎ះឯង បានជាឈ្មោះថា ធ្វើមរណកាលព្រោះថា ក្នុងកាលឥឡូវនេះ មាតាក្ដី បិតាក្ដី ញាតិសាច់សាលោហិតទាំងឡាយក្ដី លែងឃើញបុរសនោះ ហើយទាំងបុរសនោះសោតក៏លែងឃើញមាតាបិតា និងញាតិសាច់សាហោហិតទាំងឡាយដទៃដែរ» ។
ព្រះពោធិសត្វៈ «នែនាយសារថី តើយើងស្លាប់ដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្ដី យើងខ្ញុំទាំងឡាយក្ដី សុទ្ធតែមានសេចក្ដីស្លាប់ជាធម្មតា មិនកន្លងសេចក្ដីស្លាប់ទៅបានឡើយ» ។
ព្រះពោធិសត្វត្រលប់ពីឧទ្យានឡើងកាន់ប្រាសាទពិចារណត្រិះរិះថា «ថ្វឺយ អើហ្ន៎ ជរាតែងមានប្រាកដ ព្យាធិតែងមានប្រាកដ មរណៈតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែខាងក្រោយមកទៀត ព្រះពោធិសត្វយាងទៅក្រសាលឧទ្យានទៀត ក៏បានឃើញភេទបព្វជិត ក៏សួរនាយឆន្នអាមាត្យថា «នែ នាយសារថី ចុះបុរសនុ៎ះហេតុដូចម្ដេចបានជាក្បាលរបស់គាត់មិនដូចជាក្បាលពួក ជនដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចជាសំពត់ជនដទៃដូច្នេះ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯងឈ្មោះថា ជាអ្នកបួស» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះហេតុដូចម្ដេចបានជាឈ្មោះថា ជាអ្នកបួស ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព បុរសនុ៎ះឯងបានជាមានឈ្មោះថា ជាអ្នកបួស ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ដ៏ស្មើដោយប្រពៃ ព្រោះប្រព្រឹត្តព្រហ្មចរិយកុសលដោយប្រពៃ ព្រោះធ្វើអំពើបុណ្យដោយប្រពៃ ព្រោះមិនបៀតបៀនដោយប្រពៃ ព្រោះអនុគ្រោះដល់សត្វដោយប្រពៃ» ។
ព្រះពោធិសត្វ បានឃើញបព្វជិតរូបនោះក៏សរសើរថា ការបួសជាគុណធម៌មួយដ៏ប្រសើរណាស់ ហើយយាងត្រលប់ចូលព្រះរាជនិវេសន៍វិញ ។
ក្នុង ថ្ងៃនោះ កាលព្រះអាទិត្យអស្ដង្គតទៅ ព្រះពោធិសត្វយាងចុះទៅស្រង់ទឹកក្នុងស្រះមង្គលបោក្ខរណី រួចហើយឡើងគង់លើផ្ទៃថ្មមង្គលសិលា ។ កាលនោះ ព្រះបាទសុទ្ធទនៈបញ្ជូនដំណឹងឲ្យទ្រង់ជ្រាបនូវការប្រសូត បុត្រ ។ ព្រះពោធិសត្វក៏ពោលឡើងពេលនោះថា «អន្ទាក់កើតឡើងហើយ ចំណងកើតឡើងហើយ ដល់អាត្មាអញ !» ។ រាហុលកុមារប្រសូតនៅថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ។
កាលរាជបុរសត្រលប់ទៅវិញ យកដំណឹងនៃការពោលនោះដល់ព្រះបាទសុទ្ធោទនៈ ទ្រង់ក៏ដាក់ឈ្មោះព្រះរាជនត្តាថា រាហុលកុមារ ។
ព្រះពោធិសត្វ មានបរិវារហែហមយ៉ាងច្រើន ទ្រង់យាងចូលក្នុងព្រះនគរវិញ ។ ទ្រង់ឡើងទៅកាន់ប្រាសាទដ៏មានសិរី ទ្រង់នឿយណាយក្នុងគ្រឿងអលង្ការគ្រប់ប្រភេទ មិនមានចិត្តត្រេកអរក្នុងរបាំទាំងឡាយ ហើយក៏ចូលកាន់និទ្ទ្រាផ្ទំលក់មួយភ្លែកទៅ ។ ស្រីរបាំទាំងឡាយ ពេលឃើញព្រះពោធិសត្វទ្រង់ផ្ទំលក់ ក៏គិតថា «តើយើងនាំគ្នាលេងរបាំដើម្បីអ្នកណាទៀត បើព្រះអយ្យបុត្រផ្ទំលក់ហើយនោះ» ស្នំទាំងឡាយក៏នាំគ្នាពន្លត់ភ្លើង ហើយដេកលក់ទាំងអស់គ្នាទៅ ។ កាលព្រះពោធិសត្វភ្ញាក់រលឹកឡើងវិញ ទ្រង់អង្គុយពែនភ្នែនលើសេយ្យាសនា សម្លឹងមើលទៅស្រីរបាំទាំងនោះ ដែលមានអាការៈដូចសាកសព ស្រីខ្លះដេកហៀរទឹកមាត់ ខ្លះទៀតសង្កៀតធ្មេញ ខ្លះដេកចំហមាត់ ខ្លះដេកផ្កាប់មុខ ខ្លះដេករបូតសំពត់ ។ កាលព្រះពោធិសត្វឃើញយ៉ាងនោះ ក៏នឿយណាយក្នុងបញ្ចកាមគុណ មានបំណងចេញសាងផ្នួស ស្វែងរកមោក្ខធម៌ ដែលនាំឲ្យរួចផុតពី ជាតិ ជរា ព្យាធិ និង មរណៈ ក៏ស្ដេចយាងទៅបន្ទប់យាយឆន្នអាមាត្យ ហើយក៏ដាស់ឆន្នឲ្យក្រោកឡើង ។ នាយឆន្នក៏សួរថា «អ្នកណាគេហ្នឹង ?» ។
ព្រះពោធិសត្វៈ «យើងជាព្រះអយ្យបុត្រ» ។
នាយឆន្នៈ «ព្រះអង្គស្ដេចយាងមានការអ្វី ?» ។
ព្រះពោធិសត្វៈ «យើងមានបំណងទៅសាងផ្នួសចូលអ្នករៀបចំរាជរថឲ្យយើង» ។
នាយ ឆន្នអាមាត្យទៅរៀបចំសេះកណ្ឋកៈ ដោយរៀបចំតាក់តែងគ្រឿងអលង្ការយ៉ាងស្រស់ស្អាត ។ ពេលនោះ សិទ្ធត្ថពោធិសត្វមានចិត្តរីករាយអធិដ្ឋាននូវចិត្តយ៉ាងមាំក្នុង ការចេញសាងបព្វជ្ជា ។ គ្រានោះ ព្រះពោធិសត្វមានបំណងយាងចូលទៅមើលព្រះរាជបុត្រដែលទើបប្រសូតមកបាន ចំនួន៧ថ្ងៃ ទើបស្ដេចយាងចូលទៅក្នុងបន្ទប់ព្រះនាងយសោធរា ។ ស្រាប់តែព្រះនាងយសោធរាយកព្រះហស្តដាក់ជិតព្រះរាជបុត្រ មិនអាចឲ្យព្រះអង្គចាប់លើករាជបុត្របាន ។ ព្រះពោធិសត្វទ្រង់ត្រិះរិះថា «ប្រសិនបើអាត្មា អញលើករាជបុត្រសោត ប្រាកដជាព្រះនាងទេពីនឹងភ្ញាក់មិនខាន នាំឲ្យអាក់ខានក្នុងការចេញបួសរបស់អាត្មាអញ បើដូច្នោះមានតែអាត្មាអញចេញសាងផ្នួសសិន កាលណាអាត្មាអញបានត្រាស់ជាព្រះពុទ្ធហើយ អាត្មាអញនឹងត្រលប់មកមើលរាជបុត្រវិញ» ។
ព្រះពោធិសត្វ ចុះចាកប្រាសាទយាងទៅសាងផ្នួស បន្ទាប់ពីរាជបុត្ររបស់ព្រះអង្គគឺ រាហុលកុមារ ប្រសូតបានចំនួន៧ថ្ងៃ (តែក្នុងន័យខ្លះបញ្ជាក់ថា ព្រះពោធិសត្វចេញបព្វជ្ជានៅថ្ងៃដែលរាហុលប្រសូតនោះឯង) ។ ព្រះពោធិសត្វធ្វើដំណើរចេញពីនគរអស់ចម្ងាយផ្លូវចំនួន៣០យោជន៍ គឺ៤៨០គីឡូម៉ែត្រ រហូតដល់ស្ទឹងអនោមា ក៏បានសាងផ្នួសត្រង់ស្ទឹងនោះឯង ។ ព្រះពោធិសត្វចាប់ដាវដោយព្រះហស្តស្ដាំ ចាប់ផ្នួងសក់ដោយព្រះហស្តឆ្វេង ហើយកាត់ព្រះកេសា បន្សល់ទុកត្រឹមពីរធ្នាប់ដែលវិលទៅខាងស្ដាំ (ព្រះកេសារបស់ព្រះអង្គ ចាប់តាំងពី កាត់មកនៅត្រឹមពីរធ្នាប់រហូត មិនមានការដុះបន្ថែមទៀតឡើយ រហូតអស់ព្រះជន្ម មិនត្រូវការកាត់ មិនត្រូវការកោរ) ។ ព្រះពោធិសត្វកាត់ព្រះកេសាហើយកាលណា ទ្រង់អធិដ្ឋានថា «ប្រសិនបើអាត្មាអញនឹងបាន ត្រាស់ជាព្រះពុទ្ធពិតប្រាកដមែន សូមឲ្យកេសានេះស្ថិតជាប់នៅលើអាកាសមិនធ្លាប់មកលើផែនដីឡើយ» ។
ពេលនោះ ព្រះពោធិសត្វបោះទៅព្ធដ៏អាកាសស្រាប់ព្រះកេសាជាប់នៅនឹងថ្កល់ក្នុងអាកាសនោះ ។ សក្កទេវរាជ ឃើញភាពអស្ចារ្យដោយទិព្វចក្ខុ ក៏ស្ដេចយាងមកទទួលកេសានោះទៅបញ្ចុះទុកក្នុង ចូឡាមណិចេតិយ នាស្ថានតាវតិង្ស ។
ព្រះពុទ្ធជាម្ចាស់ទ្រង់សាងព្រះផ្នួសនៅថ្ងៃចន្ទ ១៥កើតពេញបូណ៌មី ខែអាសាឍ ក្នុងព្រះជន្ម២៩វស្សា ។
បន្ទាប់ ពីព្រះអង្គសាងផ្នួស ព្រះអង្គយាងទៅកាន់ទីក្រុងរាជគ្រឹះដើម្បីសិក្សាស្វែងរកមោក្ខធម៌ ដែលនាំឲ្យបានត្រាស់ដឹងជាប្រះអរហន្តសម្មាសម្ពុទ្ធក្នុងសំណាក់ បដិបត្តិផ្សេង ដូចជាសំណាក់បដិបត្តិ លោកអាចារ្យអាឡារកាលាមតាបស និងឧទករាមបុត្តតាបស ជាដើម រហូតបានសម្រេចនូវសមាបត្តិ ។ តែផ្លូវទាំងនោះ មិនមែនជាបដិបទាដែលនាំឲ្យបានត្រាស់ដឹងជាព្រះពុទ្ធក្នុងលោកនោះ ទេ ។
សម័យខាងក្រោយ ព្រះពោធិសត្វក៏យាងទៅប្រតិបត្តិជាមួយពួកបញ្ចវគ្គិយតាបស៥រូប ក្នុងផ្លូវអត្តកិលមថានុយោគ នាដងភ្នំទុក្ករកិរិយាបព៌ត (ដង្កេស្វារី) តំបន់គយាសីសៈ ។ ការប្រតិបត្តិនោះអស់ចំនួន៦ឆ្នាំ មិនបានសម្រេចនូវសម្ពោធិញ្ញាណ ទើបបង្អោនព្រះទ័យទៅក្នុងផ្លូវមជ្ឈិមាបដិបទា ។ ព្រះពោធិសត្វចុះចាកភ្នំនោះ យាងចូលទៅកាន់តំបន់ឧរុវេលាសេនានិគម បានទទួលចង្ហាន់បិណ្ឌបាតពីនាងសុជាតា ។ ព្រះពោធិសត្វទ្រង់សោយក្រយាហាររួចហើយ ប្រទក្សិណអស្សត្ថព្រឹក្ស កាន់យកថាសមាសឆ្ពោះទៅកាន់ស្ទឹងនេរញ្ជរា ។ លុះទ្រង់យាងដល់ស្ទឹងនេរញ្ជរាបានបណ្ដែតថាសមាសទៅក្នុងស្ទឹង ដើម្បីផ្សងនូវបារមីដែលបានបំពេញមកក្នុងការសម្រេចនូវសម្ពោធិញ្ញាណ ជាព្រះពុទ្ធក្នុងលោក ។ ក្នុងសាយណ្ហសម័យ ទ្រង់ទទួលស្គាចំនួន៨ក្ដាប់ពីសោត្ថិយព្រាហ្មណ៍ យកទៅក្រាលក្រោមដើមអស្សត្ថព្រឹក្សគឺដើមពោធិព្រឹក្សនេះឯង ។ ក្នុងថ្ងៃ១៥កើត ខែពិសាខ ព្រះអង្គទ្រង់ផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនា ហើយបានសម្រេចសម្រេចនូវបុព្វេនិវាសានុស្សតិញ្ញាណក្នុងបឋមយាម បានសម្រេចនូវចុតូបបាតញ្ញាណគឺទិព្វចក្ខុក្នុងមជ្ឈិមយាម បានសម្រេចនូវអាសវក្ខយញ្ញាណក្នុងបច្ឆិមយាមនៃរាត្រី ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ធ្វើទុក្ករកិរិយាអស់ចំនួន៦ឆ្នាំ ។ ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃពុធ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ៤៥ឆ្នាំ ។
បន្ទាប់ពីព្រះអង្គទ្រង់ត្រាស់ដឹង ព្រះអង្គគង់សោយវិមុត្តិសុខអស់៧សប្ដាហ៍ចំនួន៤៩ថ្ងៃគឺ ៖
- សប្ដាហ៍ទី១ ត្រង់គល់ពោធិព្រឹក្ស
- សប្ដាហ៍ទី២ អនិមិសចេតិយ
- សប្ដាហ៍ទី៣ រតនចង្កមចេតិយ
- សប្ដាហ៍ទី៤ រតនឃរចេតិយ
- សប្ដាហ៍ទី៥ អជបាលនិគ្រោធ
- សប្ដាហ៍ទី៦ ស្រះមុចលិន្ទ
- សប្ដាហ៍ទី៧ រាជាយតនចេតិយ
ការបំពេញពុទ្ធកិច្ច
បន្ទាប់ ពីព្រះពុទ្ធជាអម្ចាស់ទ្រង់គង់ជាសុខអស់៧សប្ដាហ៍ ព្រះអង្គយាងទៅគង់ក្រោមដើមអជបាលនិគ្រោធវិញ បង្អោនព្រះទ័យក្នុងការមិនសម្ដែងព្រះធម៌ ។ ទើបសហម្បតីព្រហ្មមកអារាធនាព្រះអង្គប្រកាសសច្ចធម៌ដល់វេនេយ្យសត្វ ក្នុងលោក ។ ព្រះពុទ្ធជាម្ចាស់ទ្រង់បំពេញពុទ្ធកិច្ច៥យ៉ាង ចាប់តាំងពីព្រះអង្គទ្រង់ប្រកាសសម្ដែងនូវបឋមទេសនាគឺ ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គិយភិក្ខុនាព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ក្នុងដែនដីកាសី ។
ព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង៥អស់៤៥វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក ។ ពុទ្ធកិច្ចទាំង៥គឺ ៖
- កិច្ចក្នុងបុរេភត្ត កិច្ចពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត
- កិច្ចក្នុងបច្ឆាភត្ត កិច្ចពេលរសៀល ទ្រង់សម្ដែងព្រះធម៌ដល់ពុទ្ធបរិស័ទ
- កិច្ចក្នុងបឋមយាម ទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ
- កិច្ចក្នុងមជ្ឈិមយាម ទ្រង់ដោះប្រស្នាដល់ទេវតា
- កិច្ចក្នុងបច្ឆិមយាម ពេលជិតភ្លឺប្រមើលមើលឧបនិស្ស័យសត្វ ។
កិច្ចក្នុងបុរេភត្ត
ក្នុងពេលព្រឹកព្រះសម្មាសម្ពុទ្ធទ្រង់និមន្តបិណ្ឌបាត
ព្រះ ដ៏មានព្រះភាគទ្រង់តើនចាកព្រះបន្ទំ ទ្រង់បដិបត្តិសរីរៈ ហើយទ្រង់ប្រថាប់លើពុទ្ធាសនៈដើម្បីរង់ចាំវេលាត្រាច់ទៅបិណ្ឌបាត ទ្រង់ឃ្លុំចីវរ កាន់បាត្រ ទ្រង់និមន្តទៅបិណ្ឌបាតក្នុងស្រុក ឬនិគម ។ ជួនកាលព្រះអង្គទ្រង់និមន្តតែមួយអង្គឯង ជួនកាលទ្រង់និមន្តទៅជាមួយសាវ័ក ។ មនុស្សទាំងឡាយនាំគ្នាបូជាផ្កាភ្ញី និងគ្រឿងក្រអូបជាដើម ចំពោះព្រះអង្គ ហើយក្រាបទូលអារាធនាថា «បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះអង្គប្រោសប្រទានភិក្ខុឲ្យខ្ញុំព្រះអង្គ១០អង្គខ្លះ ២០អង្គខ្លះ ៣០អង្គខ្លះ ជាដើម ដើម្បីទទួលអាហារបិណ្ឌបាតក្នុងផ្ទះរបស់ខ្ញុំព្រះអង្គ» ។ ហើយទទួលបាត្រព្រះដ៏មានព្រះភាគក្រាលអសានៈ បង្អោនអាហារបិណ្ឌបាតថ្វាយដោយគោរព ។ កាលភត្តកិច្ចសម្រេចហើយ ទ្រង់សម្ដែងធម្មទេសនាប្រោសជនទាំងនោះ អ្នកខ្លះតាំងនៅក្នុងសរណគមន៍ សោតាបត្តិផល សកទាគាមិផល អនាគាមិផល ។ ព្រះដ៏មានព្រះភាគ ទ្រង់អនុគ្រោះមហាជនដូច្នេះហើយ ទ្រង់និមន្តត្រលប់ទៅវត្តវិញ រង់ចាំភិក្ខុទាំងឡាយត្រលប់ពីបិណ្ឌបាត ។ គ្រាភិក្ខុទាំងឡាយធ្វើភត្តកិច្ចស្រេចហើយ ភិក្ខុជាឧបដ្ឋាក ទើបក្រាបទូលឲ្យទ្រង់ជ្រាប ។ ព្រះពុទ្ធអង្គស្ដេចទ្រង់យាងទៅគង់ក្នុងសាលា ហើយផ្ដល់ឱវាទដល់ព្រះភិក្ខុសង្ឃថា «ការកើតជា មនុស្សរកបានដោយកម្រ ការត្រាស់ដឹងជាព្រះពុទ្ធក៏រកបានដោយកម្រ ព្រះសទ្ធម្មរកបានដោយកម្រក្រៃលែង ការដល់ព្រមដោយសទ្ធារកបានដោយកម្រ ការបានបព្វជ្ជារកបានដោយកម្រ ការស្ដាប់ព្រះសទ្ធម្មរកបានដោយកម្រក្រៃលែង» ។
ក្នុង ទីនោះភិក្ខុទូលសួរកម្មដ្ឋាន ព្រះដ៏មានព្រះភាគក៏ទ្រង់ប្រទានកម្មដ្ឋានសមគួរដល់ចរិតរបស់ភិក្ខុ ទាំងនោះ ។ បន្ទាប់ពីនោះមក ភិក្ខុទាំងនោះថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ហើយទៅកាន់ទីសម្រាកកណ្ដាលថ្ងៃរៀងៗខ្លួន គឺក្នុងព្រៃខ្លះ ទៀបគល់ឈើខ្លះ តាមភ្នំ និងគុហាខ្លះ ។
លំដាប់ នោះ ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់ព្រះគន្ធកុដិ ប្រសិនបើទ្រង់សព្វព្រះទ័យនឹងសិង ក៏ទ្រង់សិងមួយស្របក់ទើបតើនឡើង ប្រមើលមើលឧបនិស្ស័យរបស់សត្វក្នុងស្រុក ឬតំបន់ដែលព្រះអង្គទ្រង់និមន្តទៅគង់នោះ នេះជាកិច្ចក្នុងបុរេភត្ត ។
កិច្ចក្នុងបច្ឆាភត្ត
ក្នុងពេលល្ងាចព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម្មទេសនា
ក្នុង ពេលល្ងាច កាលបានវេលាសមគួរហើយ មហាជននាំគ្នាកាន់យកផ្កាឈើ និងគ្រឿងក្រអូបជាដើម ចូលទៅទីប្រជុំក្នុងព្រះវិហារ កាលបរិស័ទជួបជុំគ្នាហើយ ព្រះដ៏មានព្រះភាគទ្រង់និមន្តមកគង់លើពុទ្ធាសនៈដ៏ប្រសើរ ហើយទ្រង់សម្ដែងនូវព្រះធម៌ដ៏សមគួរតាមពេលវេលា និងចរិតរបស់ជនទាំងនោះ កាលចប់ធម្មទេសនាហើយ មហាជនទាំងនោះ ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគចៀសចេញទៅ នេះជាកិច្ចក្នុងបច្ឆាភត្ត ។
កិច្ចក្នុងបឋមយាម
ក្នុងពេលព្រលប់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឱវាទដល់ភិក្ខុ
ក្រោយ ទ្រង់សម្រេចកិច្ចក្នុងបច្ឆាភត្តហើយ បើទ្រង់មានបំណងស្រង់ទឹក ទ្រង់ក៏ចូលទៅកាន់បន្ទប់ទឹកស្រោចស្រពព្រះវរកាយស្រេចហើយ ទ្រង់គ្រងចីវរឆៀងស្មាម្ខាង ទ្រង់និមន្តទៅគង់លើពុទ្ធាសនៈដែលភិក្ខុជាឧបដ្ឋាកចាត់ចែងទុកហើយ ទ្រង់គង់នៅមួយភ្លែកតែមួយអង្គឯង ។ កាលភិក្ខូទាំងឡាយនាំគ្នាមកគាល់ ភិក្ខុខ្លះទូលសួរបញ្ហា ភិក្ខុខ្លះទូលសូមស្ដាប់ធម៌ ព្រះដ៏មានព្រះភាគទ្រង់អនុគ្រោះភិក្ខុទាំងនោះ ទ្រង់កែបញ្ហា ទ្រង់សម្ដែងព្រះធម៌ ហើយប្រទានឱវាទ ព្រះអង្គទ្រង់គង់នៅរហូតអស់បឋមយាមដោយកិច្ចនេះ ។ ដល់វេលាសមគួរហើយ ភិក្ខុទាំងឡាយថ្វាយបង្គំលា ហើយចៀសចេញទៅ នេះជាកិច្ចក្នុងបឋមយាម ។
កិច្ចក្នុងមជ្ឈិមយាម
ក្នុងវេលាអាធ្រាត្រទ្រង់ដោះប្រស្នានៃទេវតា
កាល ព្រះពុទ្ធទ្រង់បញ្ចប់កិច្ចក្នុងបឋមយាមហើយ ទេវតាក្នុងមួយម៉ឺនលោកធាតុបានឱកាសនាំគ្នាចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ។ ទេវតាទាំងនោះ នាំគ្នាសួរបញ្ហារៀងៗខ្លួនតាមតែលខ្លួនត្រៀមទុកមក ដោយហោចទៅសូម្បីបញ្ហាត្រឹមអក្ខរៈ៤តួ ព្រះដ៏មានព្រះភាគក៏ទ្រង់កែបញ្ហាដល់ទេវតាទាំងនោះ ទ្រង់ញ៉ាំងមជ្ឈិមយាមឲ្យកន្លងទៅដោយអនុគ្រោះទេវតាទាំងឡាយយ៉ាងនេះ នេះជាជាកិច្ចក្នុងមជ្ឈិមយាម ។
កិច្ចក្នុងបច្ឆិមយាម
ក្នុងពេលជិតភ្លឺព្រះពោធិសត្វទ្រង់ប្រមើលមើលសត្វលោក
កិច្ចក្នុងបច្ឆិមយាម ព្រះដ៏មានព្រះភាគទ្រង់បែងចេញជា៣រយៈកាលគឺ ៖
- រយៈកាលទី១ ព្រះអង្គទ្រង់ចង្ក្រម
- រយៈកាលទី២ ព្រះអង្គសម្រេចសីហសេយ្យា (ទ្រង់ផ្ទំ)
- រយៈកាលទី៣ ព្រះអង្គតើនឡើងប្រមើលមើលសត្វលោក ។
ក្នុងគម្ពីរសុមង្គលវិលាសិនីអដ្ឋកថាព្រហ្មជាលសូត្រ និងអដ្ឋកថាធម្មបទពោលថា ៖
ព្រះសម្មាសម្ពុទ្ធ គ្រប់ៗព្រះអង្គ ទ្រង់ផ្សាយសំណាញ់ញាណប្រមើលមើលសត្វលោកក្នុងមួយថ្ងៃពីរដងគឺ ក្នុងវេលាជិតភ្លឺ និងក្នុងវេលាល្ងាច ទ្រង់ពិចារណចំពោះបុគ្គលមានបុញ្ញាធិការសន្សំមកហើយដោយអំណាចទាន និងសីល ក្នុងសំណាក់ព្រះពុទ្ធអង្គមុនៗដើម្បីទ្រង់និមន្តទៅប្រោសជនទាំងនោះ ឲ្យបានសម្បត្តិមនុស្ស សម្បត្តិទេវតា ឬសម្បត្តិព្រះនិព្វាន តាមបុណ្យបារមីរបស់មនុស្សម្នាក់ៗ ដោយទ្រង់មិនគិតថា ផ្លូវនោះជិត ឬឆ្ងាយទេ នេះជាកិច្ចក្នុងបច្ឆិមយាម ។
លោកពោលថា «គ្រា ពុទ្ធកាល ក្នុងស្ថានទីដែលមានភិក្ខុសូម្បីត្រឹមតែមួយអង្គ លោកក៏ចាត់ចែងពុទ្ធាសនៈទុកដើម្បីទទួលព្រះសម្មាសម្ពុទ្ធ ព្រោះកាលព្រះសាស្ដាទ្រង់មនសិការៈដល់ភិក្ខុអ្នកទទួលកម្មដ្ឋានពី ព្រះអង្គទៅហើយ ក៏នឹងរមិលមើលថាភិក្ខុនោះនឹងអាចញ៉ាំងគុណដ៏វិសេសឲ្យកើតឡើងបាន ឬទេ» ។
គ្រាទ្រង់ ជ្រាបថា ភិក្ខុណាលះកម្មដ្ឋាន ចោលត្រិះរិះអកុសល វិតក្កៈជាដើម ព្រះអង្គទ្រង់នឹងនិមន្តទៅទីនោះ ដោយពុទ្ធានុភាពគង់លើពុទ្ធាសនៈដែលភិក្ខុចាត់ចែងទុកប្រទានឱវាទ អនុគ្រោះភិក្ខុនោះឲ្យសម្រេចប្រយោជន៍ ហើយព្រះអង្គនិមន្តត្រលប់ទៅកាន់ទីគង់ព្រះអង្គវិញ ។
ព្រះអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចទាំង៥នេះអស់៤៥វស្សា ដើម្បីប្រយោជន៍ដល់សត្វលោកតែម្យ៉ាង មិនមានបំណងប៉ងប្រាថ្នាអ្វីបន្តិចបន្តួចពីសត្វលោកឡើយ ព្រះអង្គទ្រង់បំពេញពុទ្ធចរិយា មិនគិតពីការនឿយហត់លំបាកកាយឡើយ ឲ្យតែសត្វលោកបានរួចផុតចាកទុក្ខ បានត្រាស់ដឹងនូវអរិយសច្ចធម៌ ។ ព្រះអង្គ ទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ឆ្នាំ ហើយក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូដោយអនុបាទិសេស និព្វាន ក្នុងនគរកុសិនារា ។
ការពិចារណានូវគាថាពុទ្ធប្បវត្តិ
ព្រះវិជិតមារទ្រង់យាងចុះមកអាស្រ័យនៅក្នុងព្រះគភ៌ (នៃព្រះវរមាតា) ក្នុងឆ្នាំរកា ទ្រង់ប្រសូតចាកព្រះគភ៌ក្នុងឆ្នាំច ទ្រង់សោយរាជសម្បត្តិក្នុងឆ្នាំឆ្លូវ ទ្រង់ព្រះផ្នួសក្នុងឆ្នាំថោះ ។
ទ្រង់ត្រាស់ដឹងជាព្រះសព្វញ្ញូពុទ្ធក្នុងឆ្នាំរកា ទ្រង់សម្ដែងនូវព្រះធម្មចក្រក្នុងឆ្នាំនោះ ទ្រង់យាងចូលកាន់ព្រះនិព្វានក្នុងឆ្នាំម្សាញ់ ព្រះពុទ្ធសាសនានឹងគ្រប់៥០០០គត់ក្នុងឆ្នាំជូត ។
ទ្រង់យាងចុះកាន់ព្រះគភ៌ (នៃព្រះវរមាតា) ក្នុងថ្ងៃព្រហស្បតិ៍ ប្រសូតក្នុងថ្ងៃសុក្រ បានត្រាស់ជាព្រះសម្ពុទ្ធក្នុងថ្ងៃពុធ បរិនិព្វានក្នុងថ្ងៃអង្គារ ។
ព្រះអង្គយាងចុះកាន់ព្រះគភ៌ (នៃព្រះវរមាតា) ក្នុងថ្ងៃពេញបូណ៌មី ខែអាសាឍ ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះសម្ពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បរិនិព្វានក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ ។
កាល ព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលជាទីពឹងនៃសត្វលោក បរិនិព្វានទៅហើយ ព្រះបដិមាផង ព្រះពោធិព្រឹក្សផង ព្រះសថូបផង ព្រះជិនធាតុផង ព្រះធម៌៨ម៉ឺន៤ពាន់ធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សម្ដែងហើយដោយប្រពៃផង ជាវត្ថុគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងស្ថានដ៏ ប្រព្រឹត្តទៅ ដើម្បីជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វទាំងឡាយ ។
ប្រតិទិនឆ្នាំព្រះពុទ្ធ
បញ្ជាក់
ការប្រសូតនៃព្រះសម្មាសម្ពុទ្ធ បុរាណាចារ្យបានពោលតៗគ្នាថា ព្រះអង្គទ្រង់ប្រសូតក្នុងឆ្នាំច ដូចមានគាថាពោលខាងដើមស្រាប់ ។ តែឆ្នាំចនេះ មិនមានប្រាកដក្នុងព្រះត្រៃបិដក និងអដ្ឋកថាទាំងឡាយឡើយ ។ ចំណែកព្រះជន្មរៀបអភិសេក មានប្រាកដក្នុងអដ្ឋកថា ពុទ្ធវំស មធុរត្ថវិលាសិនីថា «គ្រានោះ មហាបុរសមានព្រះជន្ម១៦ឆ្នាំតាមលំដាប់» ។ ចំណែកក្នុងព្រះត្រៃបិដក លេខ១៦ ទំព័រ៣១៧ មានបញ្ជាក់ច្បាស់ក្នុងព្រះជន្មព្រះអង្គយាងសាងផ្នួសបួសថា «ម្នាលសុភទ្ទ កាលតថាគតមានវ័យ២៩ឆ្នាំ បានបួសហើយ ជាអ្នកស្វែងរកនូវកុសល» ។ ក្នុងអដ្ឋកថាមនោរថបូរណីបញ្ជាក់ឆ្នាំធ្វើទុក្ករកិរិយាថា «ព្រះមានព្រះភាគទ្រង់បំពេញទុក្ករកិរិយាអស់៦វស្សា ឈ្មោះថា កើតឡើងដើម្បីប្រយោជន៍សត្វលោក» ។ ក្នុងព្រះត្រៃបិដក លេខ១៦ ទំព័រ២១៣ បញ្ជាក់ឆ្នាំព្រះជន្មបរិនិព្វានរបស់ព្រះអង្គថា «ម្នាលអានន្ទ ឥឡូវនេះតថាគតគ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាលដល់បច្ឆិមវ័យហើយ វ័យតថាគតបាន៨០ឆ្នាំហើយ» ។ នៅក្នុងអដ្ឋកថាបបញ្ចសូទនីនៃសំារសុទ្ធិអាទិវណ្ណនាខៃថា «វ័យតថាគតបាន៨០ឆ្នាំហើយ» សេចក្ដីថា ព្រះដ៏មានព្រះភាគទ្រង់សម្ដែងនូវសូត្រនេះក្នុងឆ្នាំបរិនិព្វានរបស់ព្រះអង្គគឺព្រះជន្ម៨០វស្សា ។
ចំណុច ខាងលើនេះបញ្ជាក់ថា ព្រះពុទ្ធជាម្ចាស់អភិសេកក្នុងព្រះជន្ម១៦ឆ្នាំ ទ្រង់ចេញសាងផ្នួស២៩ឆ្នាំ បន្ទាប់មក៦ឆ្នាំ ទ្រង់ត្រាស់ដឹងគឺព្រះជន្ម៣៥ ព្រះជន្ម៨០ទ្រង់បរិនិព្វាន ពិតប្រាកដមែន ។
ដើម្បីឲ្យឃើញថា ព្រះជន្មប៉ុន្មាន ត្រូវឆ្នាំណានោះ មានតែធ្វើជាប្រតិទិនឆ្នាំព្រះពុទ្ធទេទើបច្បាស់ ។ ក្នុង ប្រតិទិនដែលរៀបចំឡើងឃើញថា ព្រះជន្ម១៦ស្ថិតក្នុងឆ្នាំឆ្លូវ ព្រះជន្ម២៩ស្ថិតក្នុងឆ្នាំខាល ព្រះជន្ម៣៥ត្រាស់ដឹងស្ថិតក្នុងឆ្នាំវក ព្រះជន្ម៨០បរិនិព្វានស្ថិតនៅក្នុងឆ្នាំម្សាញ់ ។ ទាំងនេះដោយសំអាងថា «ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូតក្នុងឆ្នាំច» ។
ចំណែកគាថាពោលខាងលើថា «ទ្រង់ព្រះផ្នួសក្នុងឆ្នាំថោះ ទ្រង់ត្រាស់ដឹងជាព្រះសព្វញ្ញូពុទ្ធក្នុងឆ្នាំរកា» នោះ ជាពាក្យសូត្រតៗគ្នាពុំមានមូលដ្ឋានពិតប្រាកដ ។
ហេតុដូច្នេះ ទើបអ្នកនិពន្ធសិក្សាស្រាវជ្រាវក្នុងព្រះត្រៃបិដក អដ្ឋកថា និងដីកា ដើម្បីបង្ហាញតាមបែបប្រតិទិនឲ្យមានគោលស្ថានយ៉ាងត្រឹមត្រូវ ។ សេចក្ដីនេះ សូមជូនលោកអ្នកសប្បុរសជាអ្នកមានពិចារណាតាមព្រះជន្មក្នុង ព្រះត្រៃបិដក និងអដ្ឋកថា ដូចមានតារាងប្រតិទិនខាងលើនោះស្រាប់ ។
ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង
✍️ចងក្រងដោយ៖ ឈូកខ្មែរ
