អត្តវគ្គ
មាន១០រឿង – ១០គាថា
☸️៦. រឿង ភិក្ខុទេវទត្ត
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុទេវទត្ត ។ សម័យមួយ ភិក្ខុទាំងឡាយ បានប្រជុំគ្នា និយាយតិះដៀលភិក្ខុទេវទត្ត ថា “ជាភិក្ខុទ្រុស្តសីល ជាឣ្នកមានធម៌លាមក, កាលបើសេចក្តីប្រាថ្នាចង់បាន កើតឡើងពេញទំហ៊ឹងហើយ, ក៏បានទៅសេពគប់ រួមគំនិតគ្នា ជាមួយនឹងព្រះបាទឣជាតសត្រូវកុមារ ញ៉ាំងលាភសក្ការៈ ឲ្យកើតឡើង ជាច្រើន ហើយបានដឹកនាំព្រះបាទឣជាតសត្រូវកុមារ ឲ្យទៅសម្លាប់ព្រះបាទពិម្ពិសារដែលជាព្រះវររាជបិតា របស់ព្រះឣង្គផង ព្យាយាមដើម្បីនឹងធ្វើគុតព្រះសាស្តា ដោយប្រការផ្សេងៗ” ។
ព្រះបរមសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បានសម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | យស្ស អច្ចន្តទុស្សីល្យំ | មាលុវា សាលមិវោត្ថតំ |
| ករោតិ សោ តថត្តានំ | យថា នំ ឥច្ឆតី ទិសោ ។ |
👉ភាពជាអ្នកទ្រុស្ដសីលហួសហេតុ1 គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។
- [បើគ្រហស្ថ ចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង ១០ បើបព្វជិតគិតអំពីថ្ងៃដែលបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រុស្តសីលហួសហេតុ] ↩︎
