មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️៦. រឿង មហលកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុចាស់ៗ ជាច្រើនរូប ។ ក្នុងពេលដែលនៅជាគ្រហស្ថ ភិក្ខុ ចាស់ទាំងនោះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លុះមកបួសហើយ ក៏បានកសាងសាលាមួយខ្នងយ៉ាងធំ នៅខាងក្រោយព្រះវិហារ ហើយឣាស្រ័យនៅ ក្នុងសាលានោះទាំងឣស់គ្នា ។ ភរិយាចាស់ របស់ភិក្ខុមួយរូប ឈ្មោះនាងមធុបាណិកា ជាឣ្នកធ្វើចង្ហាន់ប្រគេន ជារៀងរាល់ថ្ងៃ ។ ក្រោយមក នាងមធុបាណិកា ក៏បានធ្វើកាលកិរិយាស្លាប់ចោលទៅ ។ ពួកភិក្ខុចាស់ទាំងនោះ បានទៅប្រជុំគ្នា ស្រែកយំ ឮកងរំពង ពេញសាលា ព្រោះនឹកស្រណោះឣាឡោះឣាល័យ ដល់នាងមធុបាណិកានោះខ្លាំងពេក ។ ភិក្ខុដទៃៗ ទៀត បានឮដូច្នេះហើយ ក៏នាំយករឿងនោះ ទៅនិយាយ គ្នា ដោយប្រការផ្សេងៗ ។
ព្រះសាស្តា យាងមក ក្នុងទីប្រជុំនោះ ត្រាស់គាថានេះ ថា ៖
| ១១. | វនំ ឆិន្ទថ មា រុក្ខំ | វនតោ ជាយតេ ភយំ |
| ឆេត្វា វនញ្ច វនថញ្ច | និព្វនា ហោថ ភិក្ខវោ ។ |
👉អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកម្ចាត់ដើមឈើ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ។
| ១២. | យាវញ្ហិ វនថោ ន ឆិជ្ជតិ | អណុមត្តោបិ នរស្ស នារិសុ |
| បដិពទ្ធមនោវ តាវ សោ | វច្ឆោ ខីរបកោវ មាតរិ ។ |
👉ចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចជាព្រៃឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារី ដរាបណា នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។
