ពុទ្ធវគ្គ
មាន៩រឿង – ១៨គាថា
☸️៦. រឿង ឣគ្គិទត្តបុរោហិត
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុរោហិត ឈ្មោះ ឣគ្គិទត្ត ជាគ្រូ របស់ព្រះបាទមហាកោសល ។ ឣគ្គិទត្តនេះ បានឃើញភ័យក្នុងឃរាវាស ហើយបានលះបង់ទ្រព្យសម្បត្តិ ចេញទៅបួស ជាតាបសឥសី ឣាស្រ័យនៅ នាចន្លោះក្រុងឣង្គៈ មគធៈ និង ក្រុងកុរុ ជាប់គ្នា មានបុរសចេញបួស ជាមួយនឹងខ្លួន ចំនួនច្រើនហ្មឺននាក់ ។
ក្នុងសម័យនោះឯង ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យ នៃព្រះឣរហត្តផល របស់ឣគ្គិទត្តតាបស និង ពួកឣន្តេវាសិកទាំងឡាយហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យព្រះមហាមោគ្គល្លាន និមន្តទៅ ឲ្យឱវាទ ឣប់រំឣគ្គិទត្តតាបសនោះ ព្រមទាំងឣន្តេវាសិកទាំងនោះផង ។
ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តចូលទៅរកឣគ្គិទត្តតាបស ហើយ សុំសំណាក់នៅឣាស្រ័យជាមួយផង ។ ឣគ្គិទត្តតាបស បានបង្ហាញផ្នូរខ្សាច់ ដែលជាលំនៅរបស់នាគរាជ ដល់ព្រះថេរៈ ។ ព្រះមហាមោគ្គល្លាន បានបង្ក្រាបនូវនាគរាជនោះ ឲ្យចុះចាញ់ ឈប់កាចសាហាវ ដូចមុនទៀតហើយ ។
ពួកឥសីទាំងនោះ លុះបានឃើញប្ញទ្ធិ របស់ព្រះថេរៈ យ៉ាង នេះហើយ ក៏មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ ហើយនាំគ្នាលើកឣញ្ជលី ប្រណម្យ ពោលសរសើរព្រះថេរៈ ក្នុងពេលនោះឯង ។
ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីនោះដែរ ។ ព្រះមហាមោគ្គល្លានត្ថេរ ឃើញនូវព្រះសាស្តាស្តេចយាងមកហើយ ទើបបានក្រោកឡើង ធ្វើការនមស្សការ ចំពោះព្រះឣង្គ ។ គ្រានោះ ពួកឥសីទាំងឡាយ បានសួរព្រះថេរៈ ថា “តើព្រះពុទ្ធ និង ព្រះគុណម្ចាស់ ឣ្នកណាធំជាងឣ្នកណាហ្ន៎?” ។ ព្រះថេរៈ ឆ្លើយតបថា “ព្រះពុទ្ធ ព្រះឣង្គ ធំជាងឣាត្មាភាព ព្រះឣង្គជាគ្រូ របស់ឣាត្មាភាពៗ ជាសិស្ស របស់ព្រះឣង្គ” ។ ពួកឥសីទាំងនោះ បានឮដូច្នេះហើយ កើតមានសេចក្តី ឣស្ចារ្យ ក្នុងចិត្ត យ៉ាងខ្លាំង បាននាំគ្នាទៅ ក្រាបថ្វាយបង្គំព្រះសាស្តា ដោយសេចក្តីគោរព ។
ព្រះសាស្តាទ្រង់ត្រាស់សួរឣគ្គិទត្ត ថា “នែឣគ្គិទត្ត តើឣ្នកបានឲ្យឱវាទ ដល់ពួកសាវ័ករបស់ឣ្នក យ៉ាងណាដែរ?” ។ ឣគ្គិទត្ត បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានឲ្យឱវាទ ដល់សាវ័ករបស់ខ្ញុំព្រះករុណា យ៉ាងដូច្នេះ ថាៈ ឣ្នកទាំងឡាយ ចូរយកនូវព្រៃភ្នំ ឣារាមចេតិយទាំងឡាយ មកធ្វើជាទីពឹងទីរព្ញកចុះ បើឣ្នកទាំង ឡាយ បានយកនូវវត្ថុទាំងនេះ មកធ្វើជាទីពឹងទីរព្ញកហើយ ឣ្នកទាំង ឡាយ នឹងបានរួចផុត ចាកសេចក្តីទុក្ខទាំងពួង” ។ ព្រះសាស្តា កាលទ្រង់ប្រទាននូវឱវាទ ទ្រង់ត្រាស់នូវគាថានេះ ថា ៖
| ១០. | ពហុំ វេ សរណំ យន្តិ | បព្វតានិ វនានិ ច |
| អារាមរុក្ខចេត្យានិ | មនុស្សា ភយតជ្ជិតា ។ |
👉មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ។
| ១១. | នេតំ ខោ សរណំ ខេមំ | នេតំ សរណមុត្តមំ |
| នេតំ សរណមាគម្ម | សព្វទុក្ខា បមុច្ចតិ ។ |
👉ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។
| ១២. | យោ ច ពុទ្ធញ្ច ធម្មញ្ច | សង្ឃញ្ច សរណំ គតោ |
| ចត្តារិ អរិយសច្ចានិ | សម្មប្បញ្ញាយ បស្សតិ ។ | |
| ១៣. | ទុក្ខំ ទុក្ខសមុប្បាទំ | ទុក្ខស្ស ច អតិក្កមំ |
| អរិយញ្ចដ្ឋង្គិកំ មគ្គំ | ទុក្ខូបសមគាមិនំ ។ | |
| ១៤. | ឯតំ ខោ សរណំ ខេមំ | ឯតំ សរណមុត្តមំ |
| ឯតំ សរណមាគម្ម | សព្វទុក្ខា បមុច្ចតិ ។ |
👉លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។
