ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៧. រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសារីបុត្រ ។ វេលាថ្ងៃមួយ មានព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិម្នាក់ បានឮគេពោលសរសើរព្រះថេរៈ ថា ជាឣ្នកមិនចេះក្រោធខឹង” ទើចង់ទៅសាកល្បងមើល ។ ក្រោយមក គាត់បានឃើញព្រះសារីបុត្រ កំពុងតែនិមន្តបិណ្ឌបាត ប្រោសសត្វ ទើបយកដៃទៅគក់ខ្នងព្រះថេរៈ លុះដឹងថា ព្រះថេរៈមិនក្រោធខឹង ក៏កើតសេចក្តីជ្រះថ្លា សុំខមាទោសព្រះថេរៈ ហើយបាននិមន្តព្រះថេរៈ ទៅទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។
ក្នុងគ្រានោះ ពួកប្រជាជនខ្លះ បានដឹងថា “ព្រាហ្មណ៍បានវាយព្រះថេរៈ ដែលលោកមិនមានចិត្តក្រោធខឹងនឹងឣ្នកណា” ក៏នាំគ្នាមក ដើម្បីធ្វើបាបព្រាហ្មណ៍នោះ លុះបានឃេញីថា “ព្រាហ្មណ៍នោះ មានចិត្តជ្រះថ្លា ចំពោះព្រះថេរៈ” ក៏នាំគ្នាវិលត្រឡប់ទៅវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។
ព្រះសាស្តា យាងទៅក្នុងទីប្រជុំនោះ ត្រាស់ព្រះគាថានេះថា ៖
| ៧. | ន ព្រាហ្មណស្ស បហរេយ្យ | នាស្ស មុញ្ចេថ ព្រាហ្មណោ |
| ធិ ព្រហ្មណស្ស ហន្តារំ | តតោ ធិ យស្ស មុញ្ចតិ ។ |
👉ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ( ចំណែក ) ព្រាហ្មណ៍ ( ដែលត្រូវគេប្រហារហើយ ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។
| ៨. | ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ | យទានិសេធោ មនសោ បិយេហិ |
| យតោ យតោ ហឹសមនោ និវត្តតិ | តតោ តតោ សម្មតិមេវ ទុក្ខំ ។ |
👉ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្ដិចបន្ដួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏រម្ងាប់ទៅបាន ។
