៧. ភិក្ខុទេវទត្ត

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️៧. រឿង ភិក្ខុទេវទត្ត

👉ព្រះបរមសាស្តា ទ្រង់ប្រារឰសំពត់កាសាវពស្ត្រ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានសំពត់កាសាវពស្ត្រ ពីញាតិញោមមួយក្រុម ។ សំពត់នោះជាសំពត់មានសាច់ល្អ មានតម្លៃ ក៏ច្រើន ។ មនុស្សខ្លះ និយាយថាៈ សំពត់នេះ មិនសមគួរ ដល់ភិក្ខុទេវទត្តឡើយ, តែសមគួរ ដល់ព្រះសារីបុត្រ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងរឿងដែលភិក្ខុទេវទត្ត ធ្លាប់គ្រងសំពត់កាសាវពស្ត្រ ដែលមិនសមគួរដល់ខ្លួន តាំងតែអំពីពេលដែលទេវទត្ត កើតជាព្រានព្រៃ បានលួចយកនូវសំពត់ កាសាវពស្ត្រ របស់ព្រះបច្ចេកពុទ្ធ មួយឣង្គ មកស្លៀកពាក់ ដើម្បីបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ លបចាំសម្លាប់ដំរី ដែលដើរនៅពីក្រោយគេបង្អស់ម្តងមួយៗ ។ ក្នុងគ្រានោះឯង ព្រះពុទ្ធជាម្ចាស់ ទ្រង់បានសោយព្រះជាតិជា ស្តេចដំរី ឃើញដំរីដែលជាបរិវារ របស់ព្រះឣង្គ ចេះតែបាត់ឣស់ទៅជាច្រើន ទើបសង្កេតមើលនូវហេតុឣន្តរាយដែលកើតឡើង មិនយូរប៉ុន្មាន ក៏បានឃើញជាក់ច្បាស់ថា ឣន្តរាយនេះ កើតឡើង ព្រោះមានមនុស្សមកបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ព្រះឣង្គទ្រង់បាន ឣែបមកនៅ ខាងក្រោយហ្វូងម្តង ដើម្បីលបចាំចាប់ព្រានព្រៃនោះលុះព្រះឣង្គចាប់ព្រានព្រៃបានហើយ ក៏ទ្រង់ព្រះតម្រិះ ថាៈ នឹងបោកសម្លាប់ចោល តែព្រះឣង្គទ្រង់ត្រិរិះទាន់ គឺ មិនបានសម្លាប់ គ្រាន់តែ អប់រំទូន្មាន ប្រៀនប្រដៅហើយ ក៏លែងព្រានព្រៃនោះទៅវិញ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

៩.អនិក្កសាវោ  កាសាវំយោ  វត្ថំ  បរិទហិស្សតិ
អបេតោ  ទមសច្ចេនន  សោ  កាសាវមរហតិ ។

👉បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់ កាសាវពស្ត្រសោះឡើយ ។

១០.យោ  ច  វន្តកសាវស្សសីលេសុ  សុសមាហិតោ
ឧបេតោ  ទមសច្ចេនស  វេ  កាសាវមរហតិ ។

👉លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ