បាបវគ្គ
មាន១២រឿង – ១៣គាថា
☸️៧. រឿង មហាធនពាណិជ
ព្រះបរមសាស្តា ទ្រង់ប្រារឰមហាធនពាណិជ ដែលកំពុងតែរៀបចំរបស់របរ ដាក់លើករទេះ ដើម្បីយកទៅលក់ដូរ នៅជនបទ ។ មុននឹងមហាធនពាណិជ ធ្វើដំណើរចេញទៅ គាត់បាននិមន្តភិក្ខុទាំង ឡាយដែលមានបំណងនិមន្តទៅកាន់ជនបទ ឲ្យនិមន្តទៅជាមួយគាត់ ដើម្បីកុំឲ្យមានការលំបាក ដោយចង្ហាន់បិណ្ឌបាត នៅតាមផ្លូវ ។ លុះមហាធនពាណិជ បានរៀបចំរួចស្រេចហើយ ទើបបានចេញដំណើរ ឆ្ពោះទៅកាន់ស្រុកមួយ ដែលឋិតនៅក្បែរមាត់ព្រៃ ហើយបានឈប់សម្រាកនៅ ក្នុងទីនោះឯង ។
ពួកចោរ ទាំង ៥០០ នាក់ ដឹងថា “មហាធនពាណិជ បានឈប់សម្រាក នៅក្បែរមាត់ព្រៃនោះ” ក៏បាននាំគ្នាទៅ ចាំប្លន់ទ្រព្យសម្បត្តិគាត់ ។ ជាវាសនាល្អ មហាធនពាណិជ បានដឹងខ្លួនជាមុន ហើយបានវិលត្រឡប់មកវិញ ។ ពួកចោរ បានដឹងថា គាត់ បានត្រឡប់មកវិញ ក៏បានមក ចាំស្ទាក់ប្លន់ម្តងទៀត ។ មហាធនពាណិជ បានដឹងថា ពួកចោរបានមក ចាំស្ទាក់ប្លន់ម្តងទៀត ក៏ឈប់សម្រាក ក្នុងទីនោះ ហើយបានប្រាប់រឿងដែលចោរបំរុងប្លន់គាត់ ដល់ភិក្ខុសង្ឃ ឲ្យបានជ្រាប ។ ភិក្ខុទាំងឡាយ ក៏ត្រឡប់មកវិញ ហើយក្រាបទូលរឿងនោះថ្វាយព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ៨. | វាណិជោវ ភយំ មគ្គំ | អប្បសត្ថោ មហទ្ធនោ |
| វិសំ ជីវិតុកាមោវ | បាបានិ បរិវជ្ជយេ ។ |
👉បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវាងផ្លូវដែលគួរឲ្យខ្លាច ឬដូចជាបុរសដែលប្រាថ្នានឹងរស់នៅ ចៀសវាងថ្នាំពិសដូច្នោះដែរ ។
