កោធវគ្គ
មាន៨រឿង – ១៤គាថា
☸️៧. រឿង ឣតុលឧបាសក
ព្រះបរមសាស្តា ទ្រង់ប្រារឰឧបាសកម្នាក់ ឈ្មោះឣតុលៈ ។ ថ្ងៃមួយ ឣតុលឧបាសក និង ឧបាសក ៥០០ នាក់ទៀត បានទៅស្តាប់ធម៌ទេសនា របស់ព្រះរេវតត្ថេរ, កាលបើព្រះរេវតៈ មិនសម្តែងធម៌ ក៏ក្រោធខឹងហើយ បាននាំគ្នាទៅកាន់សំណាក់ព្រះសារីបុត្រ, កាលបើព្រះសារីបុត្រសម្តែងព្រះឣភិធម្ម ជ្រាលជ្រៅពេក, ក៏មិនពេញចិត្ត ហើយក៏បាននាំគ្នា ទៅរកព្រះឣានន្ទ, កាលបើព្រះឣានន្ទ សម្តែងធម៌តិចហួសពេក, ក៏បានក្រោធខឹងនឹងព្រះឣានន្ទ ថា “ព្រះឣានន្ទ នេះ ចំ ជាខ្ជិលមែនទែន សម្តែងធម៌តែបន្តិច” ហើយ បាននាំគ្នាទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
| ៧. | បោរាណមេតំ អតុល | នេតំ អជ្ជតនាមិវ |
| និន្ទន្តិ តុណ្ហិមាសីនំ | និន្ទន្តិ ពហុភាណិនំ | |
| មិតភាណិម្បិ និន្ទន្តិ | នត្ថិ លោកេ អនិន្ទិតោ ។ |
👉ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បុរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើងក្នុងថ្ងៃនេះទេ ( ព្រោះថា ) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើនក៏មាន និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( បុគ្គលណាៗ ក៏ដោយ ) ក្នុងលោកដែលមិនត្រូវគេនិន្ទាគ្មានឡើយ ។
| ៨. | ន ចាហុ ន ច ភវិស្សតិ | ន ចេតរហិ វិជ្ជតិ |
| ឯកន្តំ និន្ទិតោ បោសោ | ឯកន្តំ វា បសំសិតោ ។ |
👉បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាង មិនមែនមានមកហើយ តែក្នុងអតីតទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។
| ៩. | យញ្ចេ វិញ្ញូ បសំសន្តិ | អនុវិច្ច សុវេ សុវេ |
| អច្ឆិទ្ទវុត្តឹ មេធាវឹ | បញ្ញាសីលសមាហិតំ ។ |
👉អ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល ។
