និរយវគ្គ
មាន៩រឿង – ១៤គាថា
☸️៧. រឿង ឣាគន្តុកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣាគន្តុកៈ ជាច្រើនរូប ។ ពួកភិក្ខុទាំងនោះ បានទៅចាំវស្សា ក្នុងបច្ចន្តជនបទ ជាបឋម នៅចាំវស្សា មានសេចក្តីសុខសប្បាយ ជាធម្មតាទេ តែពេលក្រោយមក មិនមានសេចក្តីសុខសប្បាយឡើយ ព្រោះគោចរគ្រាម មានពួកចោរមកបៀតបៀន លុះដល់បវារណាចេញវស្សាហើយ ក៏បាននាំគ្នាទៅក្រាបទូលព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការរស់នៅជាសុខសប្បាយ ឣស់កាលជានិច្ចនិរន្តរ៍នោះ គឺបុគ្គលរកបានដោយកម្រពេកណាស់ ភិក្ខុ ត្រូវថែរក្សាខ្លួន ឲ្យដូចជាគេថែរក្សានគរ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | នគរំ យថា បច្ចន្តំ | គុត្តំ សន្តរពាហិរំ |
| ឯវំ គោបេថ អត្តានំ | ខណោ វោ មា ឧបច្ចគា | |
| ខណាតីតា ហិ សោចន្តិ | និរយម្ហិ សមប្បិតា ។ |
👉នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅ យ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងណា កុំឲ្យខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយដែលឲ្យខណៈកន្លងហើយ រមែងសោកស្ដាយក្នុងនរកមីរដេសដាស ។
