ពាលវគ្គ
មាន១៥រឿង – ១៦គាថា
☸️៨. រឿង នាយកសកៈ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣ្នកស្រែម្នាក់ ដែលមានឧបនិស្ស័យ នឹងបានសម្រេចសោតាបត្តិផល ។ ព្រះឣង្គ ទ្រង់យាងទៅ តាមភ្លឺស្រែ របស់នាយកសកៈនោះ ដែលកំពុងតែភ្ជួរស្រែ ទ្រង់ទតព្រះនេត្រឃើញបង្វេចទ្រព្យ ដែលពួកចោរបានធ្វើធ្លាក់ ក្នុងស្រែរបស់គាត់ហើយ ទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទ ថាៈ ម្នាលឣានន្ទ ឣ្នកចូរមក មើលឣាសិរពិស ។
គ្រានោះឯង ពួកម្ចាស់ទ្រព្យ បានតាមមកប្រកិតៗ មកដល់ទី ស្រែនោះ ហើយបានឃើញបង្វេចទ្រព្យ របស់ពួកគេ នៅក្នុងស្រែរបស់នាយកសកៈនោះហើយ ក៏នាំគ្នាចាប់ចង វាយដំ ធ្វើបាប យ៉ាងខ្លាំងឃោរឃៅ ដោយនឹកគិតថា “គាត់ជាចោរ បានលួចប្លន់ទ្រព្យនេះ មកលាក់ទុក ក្នុងស្រែនេះ” ។
ឣ្នកស្រែនោះ បាននិយាយប្រាប់ម្ចាស់ទ្រព្យ ថា “ខ្ញុំ មិនមែនជាចោរ លួចទ្រព្យសម្បត្តិ របស់ពួកឣ្នកមកទេ” ហើយបាននិយាយឣះឣាង ដល់ព្រះពុទ្ធ និង ព្រះឣានន្ទ ដើម្បីធ្វើជាសាក្សី ។ ពួកម្ចាស់ទ្រព្យ បានឮដូច្នេះហើយ ក៏នាំនាយកសកៈនោះ ទៅទូលដល់ព្រះរាជា ។ ព្រះរាជា ទ្រង់បាននាំយកទៅ គាល់ព្រះសាស្តាហើយ ទ្រង់ក្រាបទូលសួរពីការនិយាយឣះឣាង របស់ឣ្នកស្រែនោះនឹងព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ត្រាស់ ថា “តថាគត បានឃើញបង្វេចទ្រព្យ ក្នុងស្រែនោះមែន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | ន តំ កម្មំ កតំ សាធុ | យំ កត្វា អនុតប្បតិ |
| យស្ស អស្សុមុខោ រោទំ | វិបាកំ បដិសេវតិ ។ |
👉បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៥