បិយវគ្គ
មាន៩រឿង – ១២គាថា
☸️៨. រឿង ព្រះឣនាគាមិត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឣនាគាមិថេរ មួយរូប ។ ពួកឣន្តេវាសិកទាំងឡាយ របស់ព្រះថេរៈ បានសួរនូវគុណធម៌ ដែលមាននៅ ក្នុងខ្លួនលោក ។ ព្រះថេរៈ មានការខ្មាសឣៀន យ៉ាងខ្លាំង ហើយគិតថា “សូម្បីតែពួកគ្រហស្ថ ក៏គេបានសម្រេចឣនាគាមិផលដែរ, ចាំដល់ឣាត្មាឣញ បានសម្រេចឣរហត្តផលហើយ សឹមប្រាប់ដល់ពួកឣន្តេវាសិក ជាខាងក្រោយ” ។ តែឣនិច្ចា ព្រះថេរៈ មិនទាន់បានសម្រេចឣរហត្តផលផង ក៏បានធ្វើមរណកាល ហើយបានទៅកើត ក្នុងសុទ្ធាវាសទេវលោក ។
ពួកឣន្តេវាសិក នាំគ្នាស្រែកយំខ្សឹកខ្សួល ហើយនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវការយំសោកខ្សឹកខ្សួល ទ្រង់សម្តែងសម្បរាយិកភព របស់ព្រះថេរៈ ស្រេចហើយទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | ឆន្ទជាតោ អនក្ខាតេ | មនសា ច ផុដោ សិយា |
| កាមេសុ ច អប្បដិពទ្ធចិត្តោ | ឧទ្ធំសោតោតិ វុច្ចតិ ។ |
👉បុគ្គលអ្នកមានសេចក្ដីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្តប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថា ជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅក្នុងខាងលើ ។
