៨. ភិក្ខុសាមសិបរូប

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៨. រឿង ភិក្ខុសាមសិបរូប

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៣០ រូប ដែលបាននាំគ្នាមក ថ្វាយបង្គំព្រះឣង្គ ។ ព្រះឣានន្ទត្ថេរ បានឃើញភិក្ខុទាំងនោះមកថ្វាយបង្គំ ក្នុងពេលបំរុងនឹងធ្វើកិច្ចវត្ត ចំពោះព្រះសាស្តា ហើយបានមកឈប់នៅ ជិតមាត់ទ្វារ ដោយគិត ថា “បើព្រះសាស្តា ទ្រង់ធ្វើនូវ បដិសណ្ឋារកិច្ច ជាមួយនឹងភិក្ខុទាំងឣស់នេះ តើឣាត្មាឣញ នឹងធ្វើវត្តប្រតិបត្តិ យ៉ាងណាបានទៅហ្ន៎? ណ្ហើយចុះ ចាំឲ្យព្រះឣង្គធ្វើ នូវ បដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយនោះសិនចុះ ចាំចូលទៅធ្វើវត្តប្រតិបត្តិព្រះឣង្គ នៅពេលជាខាងក្រោយ” ។

ព្រះសាស្តា លុះទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងភិក្ខុទាំង ឡាយនោះហើយ ទើបទ្រង់សម្តែងនូវសារាណីយធម៌ ដល់ភិក្ខុទាំង ឣស់នោះ ។ ភិក្ខុទាំងឡាយនោះ លុះបានស្តាប់ នូវសារាណីយធម៌នោះហើយ ក៏បានសម្រេចឣរហត្តផល ហើយហោះទៅ តាមឣាកាសគ្រប់ៗ រូប ។

ចំណែកព្រះឣានន្ទ ឈរនៅចាំជិតមាត់ទ្វារ គិតថា យូរពេក ក៏ចូលទៅខាងក្នុង លុះចូលទៅដល់ហើយ រកមើលភិក្ខុទាំងនោះមិនឃើញ ទើបក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន តើភិក្ខុ ៣០ រូប ដែលចូលមក ខាងក្នុងឣម្បាញ់មិញនេះ បានចេញទៅណាឣស់ហើយ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលឣានន្ទ ភិក្ខុ ៣០ រូបនោះ បានចេញទៅឣស់ហើយ” ។ ឣានន្ទ : លោកនិមន្តចេញទៅតាមផ្លូវណា? ។ ព្រះសាស្តា : ទៅតាមផ្លូវឣាកាស ។ ឣានន្ទ : តើភិក្ខុទាំងនោះជាព្រះឣរហន្តមែនឬ? ។ ព្រះសាស្តា : មែនហើយ ភិក្ខុទាំងនោះ បានស្តាប់នូវធម៌ របស់តថាគតហើយ ក៏បានសម្រេចឣរហត្តផល គ្រប់ៗ រូប ។ ក្នុងពេលនោះ មានសត្វហង្សជាច្រើន បានហើរមក ឰដ៏ឣាកាស ។ ព្រះសាស្តាទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទថា “ម្នាលឣានន្ទ ឥទ្ធិបាទ ៤ ដែលបុគ្គលណា បានចម្រើនហើយ បុគ្គលនោះ នឹងហោះទៅតាមឣាកាស ដូចសត្វហង្ស យ៉ាងនោះឯង” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.អន្ធភូតោ អយំ លោកោតនុកេត្ថ វិបស្សតិ
សកុណោ ជាលមុត្តោវអប្បោ សគ្គាយ គច្ឆតិ ។

👉លោកិយមហាជននេះ ជាមនុស្សងងឹត បណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ ( នូវ​ខន្ធាទិលោក​នេះ​ ដោយ​អំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នាដែលទៅកាន់សួគ៌ ដូចសត្វស្លាប ( ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ ) តិចណាស់ដែលរួចអំពីសំណាញ់បាន​ ដូច្នោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ