តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️៨. រឿង មារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ។ ក្នុងរាត្រីយប់មួយ មារ នោះ បាននិមិត្តកាយធ្វើជាដំរី មកបៀតបៀនព្រះរាហុល ដែលកំពុងតែសិង នៅពីមុខព្រះគន្ធកុដី នៃព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាប ហើយ ទ្រង់ត្រាស់ ថា “នែមារចិត្តបាប ឣ្នកមិនឣាចនឹងធ្វើឲ្យបុត្ររបស់តថាគត តក់ស្លុតបានឡើយ ព្រោះបុត្ររបស់តថាគត ជាឣ្នក ឣង់ឣាចក្លាហាន មានប្រាជ្ញាច្រើន ប្រាសចាកតណ្ហា” ដូច្នេះហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ១៨. | និដ្ឋង្គតោ អសន្តាសី | វីតតណ្ហោ អនង្គណោ |
| អច្ឆិន្ទិ ភវសល្លានិ | អន្តិមោយំ សមុស្សយោ ។ |
👉បុគ្គលណា ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរគឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្ដុំគ្នាហើយនេះរបស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។
| ១៩. | វីតតណ្ហោ អនាទានោ | និរុត្តិបទកោវិទោ |
| អក្ខរានំ សន្និបាតំ | ជញ្ញា បុព្វាបរានិ ច | |
| ស វេ អន្តិមសារីរោ | មហាបញ្ញោតិ វុច្ចតិ ។ |
👉បុគ្គលណា មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាសក្នុងនិរុត្តិ ( វាចាជាគ្រឿងសំដែងចេញ ) និងបទដ៏វិសេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។
