អត្តវគ្គ
មាន១០រឿង – ១០គាថា
☸️៩. រឿង ចុឡកាលឧបាសក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចុឡកាលឧបាសក ។ រាត្រីថ្ងៃមួយ ឧបាសក បានទៅស្តាប់ព្រះធម៌ទេសនា ក្នុងព្រះវិហារ លុះព្រឹកឡើង គាត់បានចេញពីព្រះវិហារ ដើរសំដៅទៅកាន់ផ្ទះ របស់ខ្លួន ។ ក្នុងពេលជាមួយគ្នានោះ មានចោរមួយក្រុម បានរត់មក តាមផ្លូវនោះ ហើយបានបោះទ្រព្យដែលលួចនោះ នៅចំពោះមុខឧបាសកនោះ រួចហើយ ក៏បានរត់គេចខ្លួនបាត់ទៅ ។ ម្ចាស់ទ្រព្យ បានដេញតាមមក យ៉ាងប្រកិតៗ លុះឃើញទ្រព្យ របស់ខ្លួន នៅចំពោះមុខឧបាសកនោះហើយ ក៏សម្គាល់ ថា “ឧបាសកនេះ ជាចោរ” ហើយបានចាប់វាយធ្វើបាប យ៉ាងខ្លាំង ។
ពួកនាងទាសី ទៅដងទឹក បានឃើញយ៉ាងនេះហើយ ក៏ជួយប្រាប់ដល់ម្ចាស់ទ្រព្យថា “ឧបាសកនេះ មិនមែនជាចោរទេ គឺគាត់ជាមនុស្សល្អ” ហើយបានឲ្យដោះលែង ឲ្យបានរួចផុតពីសេចក្តីស្លាប់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏នាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យទ្រង់សម្តែងធម្មីកថា ត្រាស់ព្រះគាថានេះថា ៖
| ៩. | អត្តនា វ កតំ បាបំ | អត្តនា សំកិលិស្សតិ |
| អត្តនា អកតំ បាបំ | អត្តនា វ វិសុជ្ឈតិ | |
| សុទ្ធិ អសុទ្ធិ បច្ចត្តំ | នាញ្ញោ អញ្ញំ វិសោធយេ ។ |
👉អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដីបរិសុទ្ធនិងមិនបរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។
