បិយវគ្គ
មាន៩រឿង – ១២គាថា
☸️៩. រឿង នន្ទិយឧបាសក
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនន្ទិយឧបាសក ជាកូនរបស់ ជនឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គាត់ជាឣនុជាតបុត្រ ។ ពេលដែលមាតាបិតាធ្វើមរណកាលទៅហើយ នន្ទិយឧបាសកក៏បានឡើងជាមហាទានបតី ថ្វាយទានដល់ភិក្ខុសង្ឃ និង ឲ្យទានដល់ឣ្នកកំសត់ទុគ៌តក្រីក្រ ហើយកសាងសាលា ៤ មុខ មាន ៤ បន្ទប់ ក្នុងមហាវិហារ នាព្រៃឥសិបតនមិគទាយវ័នព្រមទាំងគ្រឿងសេនាសនៈ វេរប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រួចទឹក លើព្រះហស្ត របស់ព្រះសាស្តា ។
ពេលនោះ ប្រាសាទទិព្វប្រកបដោយកែវ ៧ ប្រការ មានទំហំ ១២ យោជន៍ កំពស់ ១០០ យោជន៍ ពេញដោយនាងទេពធីតា បានកើតឡើង ក្នុងទេវលោក សម្រាប់នន្ទិយឧបាសកនោះ ។
សម័យមួយ ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅកាន់ឋានទេវលោក ហើយឃើញប្រាសាទទិព្វនោះ ទើបសួរទេវបុត្រ ទាំងនោះ ថា “ប្រាសាទទិព្វនេះ ជារបស់ឣ្នកណា?” ។ ពួកទេវបុត្រ ឆ្លើយថា “ជារបស់នន្ទិយឧបាសក” ។ ចំណែកនាងទេពធីតា ដែលនៅចាំរក្សាប្រាសាទនោះ បានផ្តាំផ្ញើជាមួយនឹងព្រះថេរៈថា “សូមព្រះគុណម្ចាស់មេត្តាប្រាប់ ដល់នន្ទិយឧបាសក ឲ្យគាត់ឆាប់មកកើត ក្នុងទេវលោកនេះផង” ។
ព្រះមហាមោគ្គល្លាន លុះត្រឡប់មកកាន់មនុស្សលោកវិញេហីយ ក៏បានចូលទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ លុះទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១១. | ចិរប្បវាសឹ បុរិសំ | ទូរតោ សោត្ថិមាគតំ |
| ញាតិមិត្តា សុហជ្ជា ច | អភិនន្ទន្តិ អាគតំ ។ |
👉ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស ដែលឃ្លាតគ្នាអស់កាលយូរមក អំពីចម្ងាយ ដោយសួស្ដី មកដល់ហើយ ។
| ១២. | តថេវ កតបុញ្ញម្បិ | តថេវ កតបុញ្ញម្បិ |
| បុញ្ញានិ បដិគណ្ហន្តិ | បិយំ ញាតីវ អាគតំ ។ |
👉យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ ទើបមកដល់ ដូច្នោះឯង ។
ចប់បិយវគ្គ ទី ១៦
