បណ្ឌិតវគ្គ
មាន១១រឿង – ១៤គាថា
☸️៩. រឿង ព្រះធម្មិកត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះធម្មិកត្ថេរ ។ កាលដែលលោកនៅជាគ្រហស្ថ, ជាឧបាសកម្នាក់ដែលមានសទ្ធាជ្រះថ្លា យ៉ាងខ្លាំង ក្នុងព្រះពុទ្ធសាសនា ប្រាថ្នាចង់បួសជាភិក្ខុ ហើយក៏បានប្រឹក្សាជាមួយនឹងភរិយា របស់ខ្លួន ។ ភរិយា មិនចង់ឲ្យទៅបួសទេ បាននិយាយប្រាប់ ថា “សូមបងកុំឣាលទៅបួសឣី ចាំឲ្យកូនយើង ក្នុងផ្ទៃប្រសូតមកសិន” ។ លុះដល់ទារក ប្រសូតមកហើយ, ភរិយា បានប្រាប់ស្វាមីទៀត ថា “សូមបងរង់ចាំឲ្យកូនតូចនេះ ចេះដើរបន្តិចសិន ចាំទៅបួសចុះ” ។ ឧបាសក ឃើញដូចជាគ្មានបានការសោះ ទើប លួចរត់ទៅបួសជាភិក្ខុ ខំព្យាយាម បំពេញសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ។
ចំណែកភរិយានៅម្នាក់ឯងពុំបាន ក៏ចូលទៅបួសជាភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ហើយបានសម្រេចព្រះឣរហត្តផលដូចគ្នាដែរ ។
ភិក្ខុទាំងឡាយ ប្រជុំគ្នានិយាយរឿងព្រះធម្មិកត្ថេរ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៩. | ន អត្តហេតុ ន បរស្ស ហេតុ | ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ |
| ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ | ស សីលវា បញ្ញវា ធម្មិកោ សិយា ។ |
👉បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។
