ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៩. រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តាទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ សម័យដែលព្រះថេរៈ កំពុងតែស្វែងរកមោក្ខធម៌ លោកបានស្តាប់ឣរិយសច្ចកថា យ៉ាងសង្ខេប ឣំពីព្រះឣស្សជ្ជិ ហើយបានសម្រេចសោតាបត្តិផល, ក្រោយមក ព្រះថេរៈ បានជាព្រះឣគ្គសាវ័ក, កាលបើព្រះថេរៈ ដឹងថា ព្រះឣស្សជ្ជិ គង់នៅក្នុងទិសណា, ក៏ប្រណម្យឣញ្ជលី ថ្វាយបង្គំឆ្ពោះទៅទិសនោះ ។ ភិក្ខុទាំងឡាយ ដែលយល់ខុស បានដៀមដាមដល់ព្រះថេរៈ ថា “សំពះទិសដែលជាសាសនកិច្ច របស់ឣ្នកបួសក្រៅព្រះពុទ្ធសាសនា” ។
ព្រះសាស្តាទ្រង់ត្រាស់ឲ្យនិមន្តព្រះសារីបុត្រមក ដើម្បីត្រាស់សួរ ។ ព្រះថេរៈ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន រឿងនេះ ព្រះឣង្គ ទ្រង់បានជ្រាបច្បាស់ហើយ” ។
ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់នូវភិក្ខុទាំងនោះ ឲ្យបានយល់ជាក់ច្បាស់ ឣស់សង្ស័យហើយ ទើបទ្រង់ត្រាស់ព្រះគាថានេះថា ៖
| ១០. | យម្ហា ធម្មំ វិជានេយ្យ | សម្មាសម្ពុទ្ធទេសិតំ |
| សក្កច្ចំ តំ នមស្សេយ្យ | អគ្គិហុត្តំវ ព្រាហ្មណោ ។ |
👉បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះ ដោយគោរព ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើង ដូច្នោះដែរ ។
