ការយល់ដឹងក្នុងរឿងបញ្ញា
ដើម្បីអោយឃើញជាបញ្ញា កាលបើរួមចូលជាមួយនឹងធម៌ដទៃៗហើយ ដែលលោកបានអោយ ពិន្ទុច្រើន ជាងធម៌ទាំងឡាយដទៃ ព្រោះ លោកមានគំហើញយ៉ាងណានោះ ក្រៅពីមើលឡើងវិញ អោយឃើញថា សទ្ធាដែលមានបញ្ញាជាបង្កូលឬជាចំរានឬជាទំនប់ ដូចបាន ពោលមកហើយ ខ្ញុំសូមស្នើធម្មៈ ផ្នែកដទៃទៀតមាន ដូចនេះ៖
🔸លំដាប់នៃការប្រតិបត្ដិធម៌៣ថ្នាក់ (អនុបព្វបដិបទា)
- សីល រក្សាកាយវាយអោយមានរបៀបរៀបរយ
- សមាធិ ធ្វើចិត្ដអោយមានលំនឹងមាំមួន
- បញ្ញា ធ្វើខ្លួនអោយមានសេចក្ដីចេះដឹងច្រើន
🔸ការអប់រំចិត្ដ ២ថ្នាក់ (ភាវនា)
- សមថភាវនា អប់រំសមាធិ
- សមថវិបស្សនា អប់រំបញ្ញា
🔸រួបរួមល័ក្ខឋានដែលលើកតំកើងបញ្ញា
- មនុស្សដែលរស់ក្នុងលោកនេះ អ្នកមានទង្វើប្រកបដោយបញ្ញារមែងរក ឃើញនូវសេចក្ដី សុខ ដែលមាននៅក្នុងសេចក្ដីទុក្ខ
- បញ្ញាជាបន្លឺរស្មីក្នុងពិភពលោក
- បញ្ញាជាដួងកែវនៃជីវិតរបស់នរជន
- សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងមានជីវិតរុងរឿងដោយបញ្ញា
- បណ្ឌិតទាំងឡាយមានពំនោលថា បញ្ញាប្រសើរបំផុតដូចដួងច័ន្ទ ប្រសើរជាងផ្កាយ ទាំង ឡាយគុណធម៌ទាំងឡាយមានសីលជាដើម របស់ជនអ្នកប្រព្រឹត្ដធម៌ល្អរមែងជារបស់ ប្រព្រឹត្ដ ទៅតាមអ្នកមានបញ្ញា (គឺ បញ្ញា មានហើយធាតុល្អដទៃៗ ដណ្ដើមជើងគ្នា ដើរតាម បញ្ញា)
- អ្នកប្រាជ្ញទាំងឡាយស្ដីថា ជីវិតរបស់បុគ្គលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុត
- បញ្ញាគ្រប់គ្រងរក្សាមនុស្ស មានភាពស័ក្ដិសិទ្ធជាងអ្វីៗទាំងអស់
- បញ្ញាដែលបុគ្គលមានហើយ ជាហេតុអោយគេទំលាយកិលេសចោលបាន
- បញ្ញាកើតបានដោយអាស្រ័យសេចក្ដីព្យាយាម
- កាលណាបុគ្គលឃើញដោយបញ្ញាថា សង្ខារទាំងពួងមិនទៀងជាទុក្ខ ធម៌ទាំងពួងមិន មែនខ្លួនប្រាណកាលនោះគេរមែងមានចិត្ដធុញក្នុងទុក្ខ។នេះឯងគឺជា ផ្លូវនៃសេចក្ដីបរិសុទ្ធ
- បុគ្គលល្ងង់មានជីវិតរស់នៅ១០០ឆ្នាំ ពុំប្រសើរ ស្មើនឹងបុគ្គលដែលមានជីវិតរស់នៅតែ មួយថ្ងៃតែមានបញ្ញា។
អាគតស្ថាននិងគុណភាពនៃបញ្ញា ដែលលើកយកមកបរិយាយដោយសង្ខេប នេះបញ្ជាក់អោយ ឃើញថា ព្រះពុទ្ធសាសនា ប្រកាន់យក បញ្ញាជាធំ ជាគុណធម៌សំខាន់ ព្រោះបញ្ញាជា ចង្កៀង ឬ ពន្លឺនៃជីវិត ឬជាធាតុនាំផ្លូវ នៃវិញ្ញាណអោយចេញចាកទីងងឹត ទៅកាន់ទីភ្លឺស្វាង ។ ព្រមគ្នានេះ បញ្ញាជួយគ្រងរក្សាមនុស្សអោយរស់ក្នុងសេចក្ដីសុខ ជួយកំចាត់ទុក្ខចាស់ និងជួយការពារទុក្ខថ្មី។ ជាពិសេសជួយរកសេចក្ដីសុខ ដែលកប់ នៅក្នុងសេចក្ដីទុក្ខ ជូនបញ្ញាជន បានគ្រប់ពេលវេលា។
ប្រសិនបើមនុស្សយើងមិនស្គាល់សេចក្ដីពិតដោយបញ្ញា ដោយពន្លឺនៃគំនិត គេអាចសំគាល់ទុក្ខ ថាជាសុខ តែបើកាលណាគេមានបញ្ញា គេលែងច្រលំលែង ចូលចិត្ដខុសគឺ លែងច្រលំទុក្ខថាជា សុខ ដូចធ្លាប់មានក្នុងកាលមុនហើយ។
🔸បញ្ញា២
- លោកិយបញ្ញា បញ្ញាថ្នាក់លោកិយ
- លោកុត្ដរបញ្ញា បញ្ញាថ្នាក់លោកុត្ដរ។
🔸បញ្ញា២ ទៀត
- សេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលនៅមានការសិក្សាទៀត
- អសេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលអស់មានការសិក្សាទៀត។
🔸បញ្ញា៣
- ចិន្ដាមយបញ្ញា បញ្ញាកើតពីគំនិត
- សុត្ដាមយបញ្ញា បញ្ញាកើតអំពីសំដាប់ (ការស្ដាប់)
- ភាវនាមយបញ្ញា បញ្ញាកើតអំពីការអប់រំ។
🔸បញ្ញា៣ ទៀត
- អាយកោសល ចំណតក្នុងភាពចំរើន
- អបាយកោសល ចំណតក្នុងភាពសូន្យ
- ឧបាយកោសល ចំណតក្នុងកិច្ចកល។
🔸សតិជាគូនឹងបញ្ញា
ដូចបាននិយាយមកហើយ ក្នុងសប្បុរិយធម៌ (ធម៌មនុស្សល្អ) កំរងធម៌នេះមានសតិ និង បញ្ញា នៅជាមួយគ្នា ឬជាគូគ្នា។ ខ្មែរយើងខ្លះ ចូលចិត្ដថា ការមានតែសតិ ក៏មានតែការចាំ តែគ្មានចេះ ការមានតែបញ្ញា ក៏គឺមានតែចេះ តែគ្មានចាំ។ អ្នកខ្លះមានមតិថា សតិសម្បជញ្ញៈ មិនមែន ជាធម៌អ្ វីដទៃទេ គឺសតិ និងបញ្ញាបូកគ្នាហ្នឹងឯង។
🔸បញ្ញា៤
- ស្គាល់ទុក្ខ
- ស្គាល់ហេតុនៃទុក្ខ
- ស្គាល់ភាពរលត់ទុក្ខ
- ស្គាល់ផ្លូវប្រតិបត្ដិអោយដល់ភាពរលត់ទុក្ខ។
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ពុទ្ធសាសនា ពុំបានប្រកាន់យកបញ្ញា ដែលមានមកអំពី កំណើត ដែលយើងធ្លាប់ហៅថា សេចក្ដី វៃឆ្លាត ទុកជាបញ្ញាជាន់ខ្ពស់ តែប្រកាន់យកបញ្ញា ដែល គេបានធ្វើអោយកើតដោយអាស្រ័យការគិត ការសិក្សា និង ការប្រតិបត្ដិធម៌ ឬ ការអនុវត្ដន៍ទុកជា បញ្ញាជាន់ខ្ពស់បំផុត ដែលអាចជួយចំលងមនុស្ស អោយផុតទុក្ខបាន។
ដូចនេះព្រោះអ្វី ព្រោះសេចក្តីវៃឆ្លាត ជារបស់ដែលមនុស្សយើងមាននោះ មានភាពមិនដូចគ្នា ទេ។ ចំណែកបញ្ញា ប្រភេទដែលគេអប់រំ ដោយកើតបាននោះ មានភាពមិនដូចគ្នាទេ។ ចំណែក បញ្ញាដែលប្រភេទ ដែលគេអប់រំ ដោយកើតបាននោះ ជាធាតុដែលមនុស្សរាល់រូប មានសិទ្ធិ សិក្សារៀនសូត្រស្រាវជ្រាវនិងប្រតិបត្ដិ ឬ អនុវត្តន៍អោយកើត មានស្រេចហើយ តែសេចក្ដីត្រូវការ របស់ខ្លួន។
បញ្ញាឬសេចក្ដីវៃឆ្លាតពីកំណើត ដែលអាចប្រើការបានជាស្ថាពរ ឬគ្មានភាពឋិតនៅអស់ចិរកាល នោះក៏មានទំនាក់ទំនងមិនខុសគ្នា នឹង ភ្លើងធម្មជាតិទាំងឡាយ មានភ្លើងព្រៃជាដើម ដែលគេ មិនអាច នឹង ប្រើភ្លើងនេះ អោយបានប្រយោជន៍គ្រប់ពេលវេលា ដែលត្រូវការ។
ដោយអាស្រ័យ ភាពមិនឋិតឋេរនៃភ្លើងទាំងឡាយនេះហើយ ទើបបានមនុស្សយើង បង្កើត ឈើគូស ដែកភ្លើងរហូតដល់អគ្គិសនី និង គ្រឿងឧបករណ៍អគ្គិសនី ដើម្បីយកភ្លើងប្រើ អោយ បានគ្រប់ឱកាសដែលត្រូវការ។សូម្បីបញ្ញាញាណនៃព្រះសម្មាសម្ពុទ្ធព្រះអង្គឯង ក៏ពុំមែនបានមក ដោយទង្វើផ្សងព្រេងឡើយ គឺកើតឡើងដោយអាស្រ័យសេចក្ដីព្យាយាមជាមួយនឹងការតស៊ូយ៉ាង ប្ដូរផ្ដាច់ទើបបានសំរេច ក្នុងទីបំផុត។
ពុទ្ធសាសនា មិនបានបង្រៀនមនុស្ស អោយដេកចាំទទួលសេចក្ដីសុខ ដែលផ្ដល់អោយ ដោយ ធម្មជាតិ ឬ ដោយអាទិទេព ឬ រង់ចាំ ជោគវាសនា ដែលរិក្សយាម ថ្ងៃ ខែ ឆ្នាំ ល្អផ្ដល់អោយឡើយ។ ពុទ្ធសាសនា បង្រៀនមនុស្ស អោយធ្វើការគ្រប់យ៉ាង នៅក្នុងក្របខ័ណ្ឌ នៃគំនិតបញ្ញា ឬ ក្រប ខ័ណ្ឌនៃហេតុផល ដើម្បីទទួលយកផល ដែលមានគុណភាពខ្ពស់ សមតាមសេចក្ដីត្រូវការរបស់ ខ្លួន ។ ពុទ្ធសាសនា គ្មានបង្រៀនមនុស្សអោយផ្ញើជោគវាសនារបស់ខ្លួនលើគ្នាឯងឬលើពួកទេព ណាមួយឡើយ ។ មតិនេះមានសំអាងលើគម្ពីរ អត្ថកថា ទុក្កនិបាតអង្គុត្ដរនិកាយ ក្នុងចំណុចថា ការខ្វះសម្បជញ្ញៈ ក៏គឺគ្មានញាណឬបញ្ញា។
🔸ការប្រើបញ្ញាដំណោះទុក្ខ
ពុទ្ធសាសនាមានជំនឿថា ដំណោះស្រាយទុក្ខជាបញ្ហាសំខាន់ ហើយជាទិសដៅយ៉ាងខ្ពស់បំផុត របស់បុគ្គលអ្នកឃើញទោស នៃសេចក្ដីទុក្ខ ។ ចំពោះបញ្ហានេះ អ្នកផងសឹងបានឃើញហើយថា ទ្រឹស្ដី អរិយសច្ចៈ៤ប្រការ គឺទ្រឹស្ដីដំណោះស្រាយទុក្ខយ៉ាងចំៗ តែជាទ្រឹស្ដី មានភាពចំលែក ជាង ធម្មតាគឺទ្រឹស្ដីធម្មតា វាជារឿងនៃគំនិតប្រកាន់យក ឬ ទង្វើសាកល្បង រៀបចំអោយ មានជាគោល ការមុន ទើបធ្វើការពិសោធន៍ជាខាង ក្រោយ។
តែទ្រឹស្ដីអរិយសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធមិនមែនជាគំនិតយល់សប្ដិ រឺ គំនិតត្រិះរិះគ្នាន់គ្នេហើយ ប្រកាន់យក ឬអនុវត្ដទេ គឺព្រះអង្គ បានប្រើជីវិតរបស់ព្រះអង្គអែង ជាដើមធាតុក្នុងការ សាក ល្បងស្រាវជ្រាវ លុះត្រាបានសំរេចផល បានរួចចាកទុក្ខទាំងពួងពិតប្រាកដហើយ ទើបបាន ប្រកាសទ្រឹស្ដីនេះចេញមក ព្រមគ្នានេះបានធ្វើសេចក្ដីថ្លែងការបញ្ជាក់ថា ដរាបណាព្រះអង្គមិន បានរកឃើញសេចក្ដីពិតឬ ប្រតិបត្ដិធម៌ មិនបានសំរេចផលដោយខ្លួនឯង ព្រះអង្គនឹងមិនធ្វើសេច ក្ដីប្ដេជ្ញាជាដាច់ខាតថា ព្រះអង្គជាព្រះពុទ្ធ បានត្រាស់ដឹងនូវអនុត្ដរ សម្មាសម្ពោធិញ្ញាណឡើយ។
ព្រោះហេតុនេះការពិចារណាដល់កំណែ ឬ ដំណោះសេចក្ដីទុក្ខតាមលំអាននៃព្រះពុទ្ធ សាសនា យើងត្រូវពិចារណាដោយត្រង់ៗចំៗ ទៅលើអរិយសច្ចៈ មួយចំណែក ជាមួយគ្នានេះ គេត្រូវប្រើ គោលគំនិត នៅក្រោមខ្សែបន្ទាត់នៃអរិយសច្ចៈ ដើម្បីចំអិនបញ្ញារឿយៗ ប្រកបដោយព្យាយាម យ៉ាងខ្លាំងក្លាមោះមុត។
ក- កំណែទុក្ខតាមគំនោលអរិយសច្ចៈ ឬ សច្ចៈ
- មុនដំបូងអោយស្គាល់ថា អ្វីជាភាពទុក្ខ ពេលខ្លះគេចូលចិត្ដត្រលប់ត្រលិន ឃើញសុខជាទុក្ខ ឬ ឃើញទុក្ខជាសុខ ។ ដូចនេះទើបគេត្រូវប្រកាន់យកគោលការថា ទុក្ខមាន ៣ បែបគឺទុក្ខ ប្រចាំ បានដល់សេចក្ដីកើតសេចក្ដីចាស់ សេចក្ដីឈឺ សេចក្ដីស្លាប់ ។ ទុក្ខបានដល់សេចក្ដីសោក សេចក្ដី ខ្សឹកខ្សួលសេចក្ដីមិនសប្បាយកាយ សេចក្ដីមិនសប្បាយចិត្ដ សេចក្ដីចង្អៀតចង្អល់ ជាដើម ៘
- អោយស្គាល់ថាអ្វីជាដើមហេតុរបស់ទុក្ខ មានមនុស្សច្រើនណាស់ ដែលមានប្រាថ្នាចង់ រំដោះ ទុក្ខឬ ធ្វើកំណែទុក្ខ ត្រលប់ជារវើរវាយ ទៅធ្វើផលនៃទុក្ខទៅវិញ ដូចនេះ ទើបកំណែរបស់គេវាទៅ ជាគ្មានបានផលបានប្រយោជន៍អ្វី គឺវានៅជាទុក្ខ ជាព្រួយដដែល៘
- អោយស្គាល់ភាពរលត់ទុក្ខថា បានដល់អ្វី រឺមានអ្វីជាធាតុ សំរាប់រំលត់ទុក្ខ ។ ពុទ្ធសាសនា បាន បង្ហាញផ្លូវថា ការរំលត់ទុក្ខ មិនមែនរំលត់ ផលទេ គឺរំលត់ហេតុ។ បើរំលត់តែផល ហេតុនៅ ដដែលទុក្ខនឹងកើតឡើងទៀត ដូចនេះការរំលត់ទុក្ខក្នុងទីនេះគឺត្រូវរំលត់ហេតុ បានដល់តណ្ហា ទាំង ៣ អោយបានដាច់ខាត។
- អោយស្គាល់ថា ភាពរលត់ទុក្ខ មិនអាច នឹង កើតបានស្រួលៗ ធូរៗ ទេត្រូវមានការប្រតិបត្ដិ ធម៌ អោយដល់នូវភាពរលត់ទុក្ខ។ សេចក្ដី ប្រតិបត្ដិនោះលោកហៅថា មជ្ឈិមបដិបទា។
សេចក្ដីពិស្ដារនៃរឿងនេះ មានក្នុងបទដទៃខ្លះហើយ បើមិនទាន់គ្រប់គ្រាន់តាមសេចក្ដីត្រូវការ មេត្ដាមើលសៀវភៅ និព្វានទស្សនៈ និង សៀវភៅ ទស្សនៈសកល របស់ខ្ញុំប្រកបផង។
កាលណាមានរឿងកើតទុក្ខ រឿងអស់សង្ឃឹម រឿងមិនសមតាមប្រាថ្នា សូមអោយនឹកជានិច្ច ដល់ព្រះពុទ្ធតំរាស់ថាតណ្ហាជាហេតុអោយកើតទុក្ខគំនិតនេះនាំអោយកើតបញ្ញាប ង្រៀនខ្លួនអែង អោយចេះសន្ដោសចេះបន្ធូរបន្ថយចំណង់ ក្នុងទីបំផុតសេចក្ដីអផ្សុក ស្អុះស្អាប់ ក្រវល់ក្រវាយចិត្ដ បានត្រូវរលាយបាត់បន្ដិចម្ដងៗរហូតដល់សូន្យបាត់ក៏មាន ប្រសិនបើគេបានអនុវត្ដន៍មគ្គ ៨ប្រការ អស់ពីកំលាំង និង សមត្ថភាពក្នុងពេលនោះ។
ចំពោះរឿងសេចក្ដីស្នេហា ព្រះសម្មាសម្ពុទ្ធបានមានព្រះតំរាស់ថា ស្នេហាមួយមានទុក្ឌមួយ ស្នេហាមួយរយមានទុក្ខមួយរយ៘ អ្នកណាថាមិនពិត រឺមានយោបល់ ទំនាស់ នឹងពុទ្ធតម្រាស់ នេះ ក៏ស្រេចតែក្បាលចិត្ដរបស់គេចុះ ។ គំនិតខ្ញុំឃើញថាពុទ្ធតម្រាស់នេះ បើទុកដាក់ជាគណិត សាស្រ្ដក៏បានព្រោះខាងគណិតសាស្រ្ដតែងតែមានស៊ីមាន សង រឺ បើនឹងទុកដាក់ជាគ្រឿងប្រដាប់ សំរាប់ ទប់សំរាប់ហាមបាន ព្រោះបើគ្មានគ្រឿងប្រដាប់ហាមកង់ កង់ក៏មិនឈប់វិល រថយន្ដ ក៏មិន ឈប់បុកឬ ភ្លូក។ ចំណែកចិត្ដមនុស្សវិញបើគ្មានធម្មៈ សំរាប់ទប់ សំរាប់ហាមសេចក្ដីស្នេហា ក៏មិន ឈប់កើត ទុក្ខក៏មិនឈប់មាន បើសេចក្ដីស្នេហារបស់មនុស្សកាន់តែដើរហួសព្រំដែន ម្នាក់ណា ក៏ដូច ជាម្នាក់ណា ពិភពលោកក៏ត្រូវតែឆេះដោយ វាគគ្ដិ នៃប្រជាសត្វជាមិនខាន។ ពំនោលនេះត្រូវចំរើនលើពុទ្ធភាសិតថា «គ្មានភ្លើងណា មានកំដៅខ្លាំងក្លាជាងភ្លើងស្នេហា គ្មាន ព្រំដែន,គ្មានស្កប់។គ្មានកំហុសណា មានពិសអំណាចជាងកំហុសនៃកំហឹង។ គ្មានសំណាញ់ ណា មានជំនាប់ មាំមួនជាងសំណាញ់ គឺកំឡៅ។ គ្មានស្ទឹងណាហូរជាប់ អត់ឈប់ដូច ស្ទឹងគឺស្នេហា»
និត្ថិរាគ សមោ អគ្គិនត្ថិ ទោសោ សមោគហោ
នត្ថិមោហ សមំ ថាលំ ទត្ថិ តណ្ហា សមា នទី
«គ្មានភ្លើងណា មានកំដៅខ្លាំងក្លាជាងសេចក្ដីស្នេហា អត់មានចប់ អត់មានព្រំដែន គ្មានកំហុស ភ្លាំងភ្លាត់ណា បង្កើតគ្រោះថ្នាក់ ស្មើដោយ ទោសៈ គ្មានទុក្ខណា ញាំញី កំទេចមនុស្ស ស្មើ ដោយ ខន្ធ ៥ គ្មានស្ទឹងណាហូរជាប់អស់កាលជានិរន្ដរ៍ ស្មើដោយស្ទឹងគឺសេចក្ដីស្នេហា គ្មានចប់ គ្មានទី បំផុត »
នត្ថិ រាគ សមោ អគ្គិ នត្ដិ ទោសោ សមោ
កលិនត្ថិខន្ធា សមា ទុក្ខា នត្ថិ តណ្ហា សមា នទី
ជីវិតទាសៈ នៃសេចក្ដីស្នេហា (តណ្ហា) ឃើញពិភពលោកមានទំហំតូច មានភាពចង្អៀត ជឺវិត សន្ដោស (ស្កប់ចិត្ដ) ឃើញពិភពលោក មានទំហំធំ មានសភាពទូលំទូលាយ ពិភពលោកកើត សង្គ្រាម ដោយភ្លើង រាគៈ ទោសៈ មោហៈ ដែលអាស្រ័យនៅក្នុងចិត្ដមនុស្ស ឬដែលមានចិត្ដសត្វ លោកជាជើងក្រាន ពិភពលោកមានសន្ដិភាពដោយអាស្រ័យសេចក្ដីសន្តោស ដែលមាននៅ ក្នុង ចិត្ដមនុស្ស ឬ ដែលមានចិត្ដ សត្វលោកជាលំនៅឋាន។
ពិភពលោកមានសេក្ដីចំរើនរុងរឿង ដោយអ្នកសាសនា ឬអ្នកវិទ្យាសាស្រ្ដមាន ចិត្ដកុសល ឬ រស់នៅក្នុងព្រហ្មវិហារធម៌ពិភពលោកវិនាសដោយអ្នកសាសនានិងអ្នកវិទ្យាសាស្រ្ដ គ្មានសីលធម៌ គ្មានអនុវត្ដព្រហ្មវិហារធម៌ ឬមានចិត្ដអកុសល ។
ខ- កំណែទុក្ខដោយអនុលោមតាមគំនោលអរិយសច្ចៈ ឬ សច្ចៈ
គំនិតដែលនាំបង្កើតមនោសញ្ចេតនាអផ្សុក ធុញទ្រាន់ ព្រោះមើលឃើញអ្វីៗទាំងអស់ សុទ្ធតែ ជាទុក្ខលំបាកនោះ គំនិតបែបនេះប្រាកដ ជាមានមែន មនុស្សខ្លះឃើញលោកជាទុក្ខ ជាលំបាក គ្រប់ពេលវេលា សឹងត្រូវតាមគំនោលនៃអរិយសច្ចៈ ក្នុងចំណុច ទុក្ខហើយ តែគ្មាន គំនិតអនុវត្ដន៍ កំណែនៃអរិយសច្ចៈក្នុងចំណុច មគ្គឡើយ បានត្រឹមតែដេក គងថ្ងាសរអ៊ូរទាំត្មះតិះដៀលលោក រហូតដល់អទិទេពសាង លោកថា បង្កើតលោកមកសំរាប់តែធ្វើអោយមនុស្សកើតទុក្ខកើតព្រួយ គំនិតនេះបានខុសស្រឡះ នឹងគំនិតពុទ្ធសាសនារបស់យើង ព្រោះពុទ្ធសាសនា ដែលបង្កើត ឡើង ដោយព្រះសម្មាសម្ពុទ្ធនោះ ព្រះអង្គបានអោយចំលើយថា ពិភពលោកមួយអន្លើនិង វត្ថុទាំងឡាយដែលកើតជាមួយនឹងពិភពលោករួមទាំងមនុស្សសត្វផង ទោះជាកើតឡើងដោយ ខ្លួនឯងក្ដីកើតដោយ មានអ្នកបង្កើតក្ដី រឿងនេះ វាហួសទៅហើយ គិតទៅខឹង ទៅជេរទៅក៏គ្មាន ប្រយោជន៍អ្វីដែរ របស់ដែលគេត្រូវគិត ត្រូវនិយាយនោះ គឺ ការអនុវត្ដការងារភ្លាមៗ ដើម្បីគាស់ រំលើងទុក្ខ បណ្ដុះ ដំណាំសុខនេះវិញទេ ៘
🔸អផ្សុកក្នុងពេលនឹកដល់សេចក្ដីស្លាប់
មនុស្សខ្លះ មានចិត្ដច្រាសច្រាល ឆ្កោរក្រមាល់អស់កាលជានិច្ច មិនថានឹកដល់អ្វីជារឿងអ្វីឡើយ អោយតែជារឿងរបស់ពិភពលោក កាលណាដុំគំនិតរស់គេបានប៉ះទង្គិច នឹង ដុំពិភពលោកមួយ អន្លើ នឹង របស់ទាំងឡាយ ដែលមានជំនាប់កំណើត ជាមួយនឹងពិភពលោក គំនិតអស់សង្ឃឹមនិង គំនិតសុញ ហាក់ដូចជាស្រែកអំពាវនាវអោយគេឈប់ ធ្វើសកម្មភាពទាំងអស់ ដែលខ្លួន គេធ្លាប់មាន ។
ជាមួយគ្នា នេះទៀត គំនិតកំសោយ គំនិតគ្មានអាល័យរស់ និង គំនិតគ្មានសង្ឃឹម វាបានខ្សឹប ប្រាប់ថា មិនកើតទេ! មិនស្រួលទេ! ឈប់ធ្វើអ្វីៗទៅ មិនយូរប៉ុន្មានទេ សេចក្ដីស្លាប់ នឹង មកដល់ ហើយព្រោះអ្វីៗ ទាំងអស់ រួមទាំងជីវិតរបស់មនុស្សផង វាមានដំណាក់ចុងក្រោយ គឺរលាយ សូន្យ និង ស្លាប់ដូចគ្នា ។ នៅខាងក្រោយសូន្យ ក្រោយស្លាប់មានតែភាពទទេ ភាពវាលធេងល្ហល្ហេវ ដូចនេះ គំនិតក្ដី ទង្វើក្ដី ពំនោលក្ដី របស់មនុស្សទាំងឡាយ វាត្រឹមតែជាធាតុធម្មតា មិនមែនសត្វ មិនមែនជីវិត មិនមែនជាគ្មានសូន្យនៅក្នុងទីបំផុតទេ។
តើយើងខំនាំគ្នាបង្កើតគំនិត ទង្វើពំនោលគ្រប់បែបយ៉ាងហ្នឹងធ្វើអ្វី?គំនិតទល់ច្រកនិងគំនិត សុញ នេះវាមិនត្រឹមតែជិះជាន់វិញ្ញាណអោយធ្លាក់ចុះក្នុងអន្លង់ទុក្ខធំៗទាំងឡាយ មាន កើត ចាស់ ឈឺ ស្លាប់ ៘ កាន់តែញឹកឡើង ច្រើនឡើងប៉ុននឹងទេ ។
បន្ថែមមកលើនេះទៀតគឺវាច្រានវិញ្ញាណមនុស្ស អោយធ្លាក់ក្នុងអន្លងទិដ្ឋិ (គំនិតយល់ខុស) លុះលែងដឹង លែងយល់ លែងធ្វើ នូវទង្វើរំដោះទុក្ខតាមក្បួនអរិយសច្ចទាំងអស់ ដែលប្រកាស អោយអនុវត្ដន៍ដោយព្រះសម្មាសម្ពុទ្ធ។តែគេឃើញពួកនេះនៅមានសកម្មភាពបន់ស្រន់ សុំជំនួយ អំពីពួកទេព សុំសេចក្ដីអនុគ្រោះ ភាពប្រោសប្រាណ អំពីព្រះអរិយមេត្ដេយ្យ (ព្រះសីអារ្យមេត្រី) អោយព្រះអង្គប្រញាប់មកត្រាស់ស្រោចស្រង់មនុស្ស ក្នុងក្របខ័ណ្ឌនៃសេចក្ដី អង្វរករជាមួយនឹង ពាក្យឧទានគ្រប់ពេលវេលាថា «ពុទ្ធោអើយ! ឆាប់ៗឡើងព្រះគុណម្ចាស់ ថ្លៃខ្ញុំ» ។
🔸សំនួរដេញដោល
ដូចបាននិយាយមកហើយ ករណីយ៍ពុទ្ធសាសនិក គឺត្រូវដុះខាត់អោយគំនិតរបស់ខ្លួនមានពន្លឺ ត្រូវខំកាច់បំបាក់មនោសញ្ចេតនារបស់ជន ដែលមានគំនិតច្រលំ ដឹកនាំអោយសង្គមមានទុក្ខ ត្រូវ កុំគាំទ្រហេតុដែលនាំអោយមានទុក្ខ ត្រូវខំរកផ្លូវ ឬ មធ្យោបាយ ឬ ប្រមូលសតិបញ្ញា ទាំងអស់ មក ធ្វើការបកស្រាយ ន័យរបស់អរិយសច្ច អោយខ្លួនមានភាពជាក់លាក់ច្បាស់លាស់ ដើម្បីអោយ ចំលើយដល់មនុស្សមានចំងល់ ក្នុងអរិយសច្ចដូចតទៅនេះ៖
- អ្វីជាហេតុទាក់ទាញចិត្ដយើងអោយអផ្សុក? (ក្នុងចំណុចនេះសូមអោយរាវរក ចំលើយដែល នឹកឃើញថានៅជិតអរិយសច្ចៈ រឺ ជុំវិញ អរិយសច្ច)
- គំនិតដូចនេះ កើតពីអាយុប៉ុន្មាន? (បើមិនប្រាកដជាក់លាក់ដោយ ឆ្នាំក៏អោយបានជារយៈ ប្រមាណ)
- គំនិតដូចនេះកើតឡើងម្ដងៗគឺកើតហើយបាត់ទៅរឺកើតជាប់ៗគ្នារឺយូរៗទើបកើតម្ដងមួយ គ្រា?
- បើរយៈកាលដែលគំនិតនេះកើតឡើង ហើយរលាយបាត់ទៅវិញមានមែនតើធ្លាប់បានសង្កេត ខ្លះរឺទេថារាល់ពេលដែលវាកើតឡើងវាកើតឡើងឯងៗ រឺមានអ្វីទាក់ទងគ្នានឹងសង្គ្រាម ដំណឹង មរណភាពរបស់មនុស្សខ្លះ រឺពាក្យពេចន៍ទង្គិចគ្នា ដែលបានលឺពីបុគ្គលផ្សេងៗរឺទៅស្ងៀមៗ ព្រងើយៗ នឹកឃើញខ្លួនឯង។
- បើគំនិតបែបនេះ កើតឡើងវាមានអំណាចលើចិត្ដយើង ដោយប្រការទាំងពួងគឺបង្កបង្កើត ឲ មានដំណុកដំណាន់សំអុះសំអាប់ដោយគ្មានផ្លូវធ្វើកំណែបានរឺនៅមានផ្លូវកំណែ បាន ខ្លះដែរ?
- គំនិតដែលធ្វើអោយខ្លួនអែងកើតទុក្ខដូចនេះ តើចាត់ជាគំនិតល្ងង់រឺគំនិតចេះ? (សូមព្យាយាម គិត មុនអោយបានល្អិតល្អន់ម៉ត់ចត់ ទើបអោយចំលើយនេះបានល្អ)
- បើជាគំនិតល្ងង់ តើយើងសុខចិត្ដអោយគំនិតល្ងង់នេះនៅរហូតទៅ? រឺរកផ្លូវធ្វើកំណែ ដើម្បី កំចាត់ ចោលនូវគំនិតល្ងង់នេះ?
- បើជាគំនិតចេះ តើយើងត្រូវបានប្រយោជន៍អ្វីពីគំនិតនេះខ្លះ? ប្រសិនបើ គ្មានប្រយោជន៍ដល់ យើងរហូតទៅ តើយើងត្រូវរក្សាទុក នូវគំនិត គ្មានអោយប្រយោជន៍នេះតទៅទៀតរឺទេ?
- គំនិតបែបនេះ មានចំណែកទាក់ទង មកពីពេញចិត្ដរស់នៅម្នាក់អែង មិនចូលចិត្ដរស់នៅជា មួយ ជនដទៃ រហូតដល់មិនស្រលាញ់ការ សមាគម ជាមួយនឹងអង្គការនានាមែនរឺទេ? បើមែន តើយើងត្រូវធ្វើកំណែខ្លួន ចូលកាន់ការសមាគម ការស្ដាប់ទេសន៍ការរួមធ្វើ សន្និសិទការស្ដាប់ បាឋកថា ការទេសចរ ការហាលអាកាស ការសំរាកព្រលឹងក្នុងរមណីយដ្នាននានា៘ ដើម្បីអោយធម្មជាតិ ទាំងឡាយ ជួយកំចាត់ហេតុ និង វត្ថុជុំវិញរបស់យើង ដែលគំនិត យើង យល់ថា អាក្រក់ រឺ ទំនាស់ នឹង មនោសញ្ចេតនារបស់យើង នៅក្នុងក្របខ័ណ្ឌ នៃការរបាយ អារម្មណ៍នៃការបន្ធូបរិយាកាសនៃការរំលាយដុំគំនិតជូរចត់ ដែលធ្វើអោយវិញ្ញាណ បានក្លាយ ភាពជាមានរបួសស្លាកស្នាមដោយស្វាយប្រវត្ដិដែលយើងខ្លួនអែងគ្មានដឹងសោះបានដែររឺទេ?
- កាលណាបើគំនិតតានតឹងឆេះឆួលក្ដួលក្ដៅកើតឡើងក្នុងទ្រូង រឺក្នុងខួរក្បាល យើងយ៉ាងនេះ ហើយ តើជម្ងឺតក់ម៉ក់ របស់ចិត្ដ និង ជម្ងឺចុកចាប់របស់រូបកាយយើង វាអាចកើតមាន បានដែរ រឺទេ?
- កាលបើយើងបានតាំងសំនួរជាមូលដ្ឋានដូចនេះហើយគំនិតរបស់យើង នឹងអាចអោយចំលើយ មួយម្ដងៗ នៅក្នុងក្របខ័ណ្ឌនៃបញ្ញា របស់ខ្លួន ដូចនេះដូចនោះខ្លះជាមិនខាន។ ចំលើយនេះ យើងត្រូវធ្វើសំនេរទុកក្នុងសៀវភៅមួយ ដើម្បីធ្វើវិភាគទានដល់វិញ្ញាណរបស់យើង ក្នុងពេល ដែលភ្លេចច្រលំកាល។
🔸ហេតុផលនៃកង្វែងពំនោល
ដើម្បីរកទ្វារចេញចាកទុក្ខ យើងត្រូវប្រមូលសតិបញ្ញា ដែលម្នាក់ធ្លាប់មានតាមផ្លូវគំនិតក្ដី សំដា ប់ក្ដី ចំរើនក្ដី យើងផ្ដុំកំលាំងគ្នា ជួយរកមធ្យោបាយ តស៊ូជាមួយនឹង គំនិតប្រឆាំង ដែលធ្វើអោយ យើងកើតទុក្ខកើតកំដៅរឿយៗ។ ដើម្បីបានសំរេចតាមគំនិតនេះ ជាដំបូង យើងត្រូវសមយោបល់ សមពុំនោលគ្នា គឺធ្វើយ៉ាងណា អោយកង្វែងរបស់យើង បានដល់នូវភាពស្របគ្នាសិន។ ព្រោះអ្វី? ព្រោះថា ក្នុងចំណោមគ្នាយើង ដែលកំពុងព្យាយាមតស៊ូ ដើម្បីគាស់រំលើងនូវហេតុនៃទុក្ខ (សមុទ យៈ) ក៏កំពុងខ្វែងពំនោល ខ្វែងយោបល់គ្នា ក្នុងចំណុចខ្លះៗ ដោយអាស្រ័យគំនិត បញ្ញាដែលខ្លួន យើងម្នាក់ៗ មានពុំទាន់ស្មើគ្នា ។
ដូចនេះការរុករក ឬ ការរុលអោយដល់ទិសដៅ សំរាប់មនុស្សមានកំលាំងមិនស្មើគ្នា ខ្ញុំគ្មានឃើញផ្លូវណាដទៃ ក្រៅពីជួយយិតយោងគ្នា បន្ដិចម្នាក់ ដូចមនុស្សទូទៅក្នុងពិភពលោក គេធ្លាប់បានធ្វើមកហើយ។ ប្រសិនបើអ្នកសិក្សាមានគំនិតឃើញដូចខ្ញុំដែរ សូមមេត្ដាត្រិះរិះពិចារណាជាមួយគ្នាដូចនេះ ។
សេចក្ដីស្លាប់មិនមែនជាភាពសោះសូនទេ ព្រោះចាប់ផ្ដើមតាំងពីមានមនុស្សនៅលើពិភពលោក យើងមក រយៈពេលដែលកន្លងទៅ មិនដឹងជាមានប៉ុន្មានលានឆ្នាំទេ ។ អ្នកប្រាជ្ញខាងភូមិសាស្រ្ដ និងបូរាណសាស្រ្ដខ្លះ គ្រាន់តែបានធ្វើសេចក្ដី ប៉ាន់ស្មានថា ពិភពលោកមាន អាយុប្រមាណ ជាង ពីរពាន់លានឆ្នាំមកហើយ ។ មនុស្សកើតមានចំនួនប៉ុន្មាន មនុស្សស្លាប់មានចំនួនប៉ុននោះ ជាប់ គ្នារឿយៗមក គ្មានឃើញមនុស្សណាម្នាក់ បានគេចផុតពីសេចក្ដីស្លាប់បាន ប្រសិនបើយើងធ្វើលេខ រកចំនួនមនុស្សដែលស្លាប់ទៅ ហើយអោយដឹងថាមានចំនួន ប៉ុន្មានខ្ទង់ ជើងលខលទ្ធផល គឺគ្មាន ខ្ទង់លេខ គ្មានចំនួនដែលអាចត្រាបានថា ប៉ុននេះប៉ុននោះឡើយ ។
តែមនុស្សនៅតែកើត មានពូជពន្ធុំជាប់គ្នា ហូរហែមក មនុស្សខ្លះមិនត្រឹមតែកើតមិនត្រឹមតែ មានផៅសន្ដានជាប់គ្នាមកប៉ុណ្ណោះទេ បន្ថែមលើនេះទៀត គឺមានមនុស្សរលឹកជាតិបានថា ខ្លួន ធ្លាប់កើតក្នុងជាតិមុនមានឈ្មោះដូចនេះ មានប្រពន្ធកូនប៉ុននេះ ប៉ុននោះ មានឈ្មោះ យ៉ាងនេះ យ៉ាងនោះ នៅស្រុកនេះស្រុកនោះ៘
ហេតុការណ៍ទាំងអស់នេះ រឿងខ្លះត្រូវបានគេធ្វើសំនួរ សាមីខ្លួនមានលក្ខណៈជាវិទ្យាសាស្រ្ដ ឬ ជាគំនោលនៃវិទ្យាសាស្រ្ដ ជាមួយគ្នានេះគេបានយកចំលើយទាំងអស់ ដែលសាមីខ្លួនបាន ធ្វើ អំណោយ មានសរសេរជាសៀវភៅ ក៏មានមនុស្សអ្នកស្រាវជ្រាវរឿងនេះជាច្រើនរយបានរួមគំនិត គ្នា ថតរូបបញ្ជាក់លក្ខឋាន សឹងមានលក្ខណៈគួរអោយជឿបាន គួរអោយប្រកាន់យកទុក ជាកម្ម វត្ថុសំរាប់ត្រិះរិះពិចារណាក៏មានច្រើន។គម្ពីរព្រះពុទ្ធសាសនាខ្លះក៏មាន និយាយទាក់ទង ដល់រឿង មនុស្សរលឹកជាតិបាន។ នៅក្នុងប្រទេស ភាគខាងលិច (អឺរុប) និងប្រទេសភាគខាងកើត (អាហ្ស៊ី) ក៏មានតួរយ៉ាងបញ្ជាក់អំពីមនុស្សរលឹកជាតិបាន មានចំនួនមិនតិចឡើយ ។
សេចក្ដីស្លាប់ ប្រសិនបើគិត ក្នុងវិស័យមួយផ្សេងទៀត ក៏មិនគួរយើងនាំគ្នាខ្លាច លុះត្រាមាន កង្វល់កង្វាយច្រើនពេកទេ។ ដូចនេះ ព្រោះអ្វី? ព្រោះត្រឹមតែជាក្បួនតំរារបស់ធម្មជាតិ ឬ វត្ថុដែល ធ្វើអំណោយឬធ្វើវិភាគទានកំទេចរបស់ចាស់ ដែលប្រើមិនកើតចោលដើម្បីបើកឱកាសឬ ប្រគល់ កន្លែងអោយរបស់ថ្មីដែលត្រូវមកជំនួសប៉ុណ្ណោះ ប្រសិនបើយើងសាកល្បងនឹកមើលថា បើពិភព លោកនេះគ្មានសេចក្ដី ស្លាប់ គឺមនុស្ស ដែលកើតមកក្នុងសម័យរាប់លានឆ្នាំមកហើយ រស់នៅ ទាំងអស់! បើមានក៏បានត្រឹមតែដេកគរជើងគ្នាតែប៉ុណ្ណោះ តើយើង រស់កើតទេ? មិនកើតទេ។
និយាយខ្លឺៗ គ្មានស្លាប់គ្មានកើត ល្អចប់រឿងគ្មានបញ្ហាចោទ។ មានតែកើតគ្មានស្លាប់ ពិភព លោកយើងនឹងពេញ ណែនណាន់តាន់តាប់ គ្មានដីធ្វើផ្ទះនៅ គ្មានដីធ្វើរបរចិញ្ចឹមជីវិត គ្មានល្អ គ្មានចប់រឿងបញ្ហាតាមចោទជាប់មួយហើយមួយទៀតដោយគ្មានរួច ហើយចោទទៀតគ្មានទីបំផុត ។
សេចក្ដីស្លាប់ គឺជាទង្វើទំលាក់ចោល របស់ដែលប្រើលែងកើត ដាក់ចូលរបស់ដែលប្រើ កើត ជំនួសមិនខុសគ្នា នឹងចំណោលអាហារចាស់ ហើយចំណូលអាហារ ថ្មីជំនួសដែលយើងកំពុង ធ្វើគ្រប់គ្នាសព្វថ្ងៃ ហើយដែលពាក្យធម្មតាថា «ស៊ីជុះ» គឺបើយើងស៊ីរាល់ថ្ងៃ យើងក៏ត្រូវជុះ រាល់ថ្ងៃដែរ ។ នេះគឺជាក្បួនទង្វើធម្មជាតិ ដែលធ្វើអោយពិភពលោក ឋិតនៅក្នុងភាពល្មម មិនគួរយើង នាំគ្នាតក់ស្លុតភិតភ័យពេកទេព្រោះ យើងក៏មានដំណើរប្រព្រឹត្ដទៅតាមក្បួនធម្មជាតិដូចតែគ្នា។
ចំពោះពុទ្ធសាសនា រិតតែបង្រៀនមិនអោយយើង គិតដល់សេចក្ដីស្លាប់ ប្រកបដោយភាពតក់ ស្លុតតែអោយមានសេចក្ដីក្លាហាន ប្រកប ដោយសេចក្ដីព្យាយាមយ៉ាងមោះមុត នៅក្នុងក្របខ័័ណ្ឌ នៃការងារ គឺខំកំចាត់បង់ទង្វើអាក្រក់ អោយកាន់តែអស់ទៅ ខំសាងសន្សំទង្វើល្អ អោយកាន់តែ កើតច្រើនទៀត។ កុំរស់នៅអួតពិភពលោកដោយ យោបំ ដោយ តំងូ ជាមួយគ្នានេះទៀត កុំស្លាប់ ទៅទទេៗ ដោយគ្មានបាន ធ្វើប្រយោជន៍ អ្វីដល់ខ្លួនឯង និង ពិភពលោក។
រួមសេចក្ដីថាកាលណាយើងមានបញ្ញាគ្រប់គ្រាន់ហើយយើងអាចធ្វើកំណែទុក្ខបាន យើងមើល ឃើញផ្លូវរំលត់ទុក្ខនេះឯង គឺដំណោះស្រាយនៃបញ្ហាជីវិត តាមគំនិតនៃអរិយសច្ចៈធម៌ដែលប្រកា សដោយព្រះសម្មាសម្ពុទ្ធបរមគ្រូ។
ប្រភព: សៀវភៅសកលចិន្តា ធម្មបាលខៀវ ជុំ
