| (១) | នេះគឺច្បាប់ក្រម | ប្រសើរឧត្ដម | ទូន្មានអ្នកផង |
| ប្រើឱនលំទោន | កុំបីមានឆ្គង | ប្រាជ្ញាបុណ្យផង | |
| កើតដោយប្រណិប័តន៍ ។ | |||
| នរូអ្នកណា | ទោះយកអាត្មា | ចូលសាសន៍ពុទ្ធរត្ន | |
| ចូរធ្វើឱ្យត្រង់ | ដោយនូវបន្ទាត់ | ហៅស្វែងសម្បត្ដិ | |
| យកផ្លូវនិព្វាន ។ | |||
| នរូអ្នកផង | ទោះដឹងយល់ហោង | ចិត្ដនោះឱ្យហ៊ាន | |
| បំពេញព្រះផ្នួស | ដោយព្រះទូន្មាន | កុំធ្វើលីកលាន | |
| ដោយចិត្ដអន្ធពាល ។ | |||
| ម្ដាយឪពុកសោតណា | ស្រឡាញ់ស្ងួនភ្ងា | ហៅកូនសង្សារ | |
| អាចមកបំបួស | ហេតុចង់សម្ភារ | ប្រើបង់អន្ធពាល | |
| រៀនដោយក្រមច្បាប់ ។ | |||
| (៥) | សង្វាតសរសេរ | អស់អញកុំខ្ជិល | ទើបបានជាគាប់ |
| សង្វាតសូត្ររៀន | ដោយគ្រូប្រញប្ដ | កុំធ្វើលេលាប់ | |
| ដោយចិត្ដមាក់ងាយ ។ | |||
| ហៃអស់សាមណេរ | ម្ដាយមកបង្វែរ | អ្នកជាបាធ្យាយ | |
| សង្វាតសូត្ររៀន | ដូចលោកទាំងឡាយ | កុំធ្វើពាយងាយ | |
| ដូចនៅគ្រហស្ថ ។ | |||
| កុំធ្វើរាយមាយ | និងគ្រូបាធ្យាយ | ទុកស្មើអម្ចាស់ | |
| សង្វាតសរសេរ | សូត្ររៀនឱ្យណាស់ | ប្រាជ្ញាយល់ច្បាស់ | |
| នាំញាតិទាំងឡាយ ។ | |||
| អាសូរមេបា | ចិញ្ចឹមរក្សា | កុំឱ្យអន្តរាយ | |
| អាចយកមកផ្ញើ | នឹងគ្រូបាធ្យាយ | ហេតុចង់ពណ្ណរាយ | |
| ប្រយោជន៍ទាំងបី ។ | |||
| មួយចង់ក្ដីច្បាប់ | ឱ្យខ្លួនបានគាប់ | នៅនាលោកិយ | |
| មួយចង់ប្រាជ្ញា | មិនឱ្យអប្រិយ | មួយចង់បារមី | |
| នាំញាតិទាំងឡាយ ។ | |||
| (១០) | ហៃអស់សាមណេរ | កុំធ្វើដែលដែរ | ត្រង់ក្ដីពាយងាយ |
| លំអុតបម្រើ | អ្នកជាបាធ្យាយ | ជូនបុណ្យទៅម្ដាយ | |
| ឪពុកទីទៃ ។ | |||
| សង្វាតសូត្ររៀន | កុំធ្វើអៀនប្រៀន | ក្នុងចិត្ដសព្វថ្ងៃ | |
| លំអុតបម្រើ | ផ្គាប់ដោយហឫទ័យ | បារម្ភមៃៗ | |
| ច្បាប់កុំបង់ ។ | |||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ដោយនូវក្រឹត្យសង្ឃ | |
| ត្រង់ណាហៅច្បាប់ | កាន់ខ្ជាប់កុំបង់ | ចំណេរទៅលង់ | |
| ខ្លួនបានជាធំ ។ | |||
| សព្វថ្ងៃសោតណា | ទូន្មានអាត្មា | ដោយនូវក្រឹត្យក្រម | |
| បម្រើបាធ្យាយ | ឱ្យមានបារម្ភ | ទើបខ្លួនជាធំ | |
| ទៅដល់មហាក្សត្រ ។ | |||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ថេរនៅពុំបាត់ | |
| ទោះខ្លួនឥតបុណ្យ | បម្រើមហាក្សត្រ | គោរពប្រតិបត្ដិ | |
| យសនោះពុំលែង ។ | |||
| (១៥) | ហេតុបានដឹងច្បាប់ | បានដូចបង្គាប់ | ចិត្ដគ្រូយល់ស្ដែង |
| ទោះទៅបម្រើ | ស្ដេចជាគម្ដែង | យសនោះពុំលែង | |
| ប្រាកដពណ្ណរាយ ។ | |||
| ក្ដីនេះជាច្បាប់ | ឱ្យសាមណេរត្រាប់ | សព្វសរិលទាំងឡាយ | |
| កុំសើចតិះដៀល | អ្នកជាបាធ្យាយ | អ្នកហោងស្មើម្ដាយ | |
| បង្កើតក្ដីច្បាប់ ។ | |||
| សាមណេរណាៗ | ទោះមានប្រាជ្ញា | នឹងចង់រៀនច្បាប់ | |
| ឱ្យយកត្រចៀក | នោះឱ្យចូលស្ដាប់ | ធ្វើដោយក្រមច្បាប់ | |
| នៃគ្រូបាធ្យាយ ។ | |||
| សាមណេរណាសោត | ចិត្ដនោះក្រេវក្រោធ | ឱ្យចៀសចេញឆ្ងាយ | |
| ច្បាប់នេះមិនខំ | សាមណេរទាំងឡាយ | តាមចិត្ដសប្បាយ | |
| អាត្មាទីទៃ ។ | |||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ឱ្យបានខ្លួនថ្លៃ | |
| ចូរដឹងខុសគាប់ | ដោយអធ្យាស្រ័យ | ផ្គាប់ដោយហឫទ័យ | |
| អ្នកជាបាធ្យាយ ។ | |||
| (២០) | ទោះនឹងស្វែងធម៌ | ឱ្យមានសម្គាល់ | កុំធ្វើរាយមាយ |
| ទោះនឹងស្វែងច្បាប់ | កាន់ខ្ជាប់កុំណាយ | កុំឱ្យអន្ដរាយ | |
| នូវច្បាប់ក្រមផង ។ | |||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកយើងផង | |
| ហ្វឹកហ្វឺនប្រដៅ | មិនឱ្យមានឆ្គង | តាមដោយគន្លង | |
| ព្រេងព្រឹទ្ធបូរាណ ។ | |||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ជារស្មីប្រាណ | |
| ឱ្យគិតជញ្ជឹង | រំពឹងលែងបាន | កុំធ្វើបំពាន | |
| ប្រទូស្តវឹងស្នង ។ | |||
| នាបីហៅគ្រូ | ដូចអ្នកនាំផ្លូវ | ដើរដោយគន្លង | |
| ទោះនឹងឆ្ពោះទៅ | ស្រុកតូចធំផង | សឹងដូចបំណង | |
| នៃចិត្ដចិន្ដា ។ | |||
| រីនឹងចេះឯង | ដូចអ្នកវង្វេង | កណ្ដាលអធ្វា | |
| ពុំនោះដូចខ្វាក់ | តែម្នាក់អាត្មា | ចរចេញយាត្រា | |
| ឥតអ្នកដឹកដៃ ។ | |||
| (២៥) | សូម្បីរកផ្លូវ | ពុំដែលនឹងត្រូវ | សឹងពានឯព្រៃ |
| ហេតុដ្បិតចេះឯង | ឥតអ្នកដឹកដៃ | ចិត្ដនោះសង្ស័យ | |
| ដូចយល់ពុំដល់ ។ | |||
| នេះដូចអ្នកផង | ពុំដោយគន្លង | នៃលោកណាយល់ | |
| សឹងធ្វើមោហោ | ទោសោកំហល់ | ពុំអាចទប់ទល់ | |
| នាធ្ងន់នាស្រាល ។ | |||
| ប្រដៅក្ដីច្បាប់ | សឹងថាពុំគាប់ | ហេតុចិត្ដអន្ធពាល | |
| ក្ដីច្បាប់ទម្ងន់ | សឹងថាជាស្រាល | ហេតុចិត្ដអន្ធពាល | |
| ចង់តែសប្បាយ ។ | |||
| ពុំដឹងដើមគ្រូ | បង្កើតអភិរូហ៍ | ប្រដូចនូវម្ដាយ | |
| ភ្លឺពីមនុស្សលោក | រួចដល់សួគ៌នាយ | ចៀសចតុរាបាយ | |
| នរកទាំងបួន ។ | |||
| នាបីហៅគ្រូ | កុំធ្វើមូទូ | ចិត្ដនោះឱ្យស្ងួន | |
| កុំធ្វើតម្កើង | ចង់ធំតែខ្លួន | ក្រែងបាបមកចួន | |
| នៅនាលោកិយ ។ | |||
| (៣០) | រីគ្រូបាធ្យាយ | អាចឱ្យពណ្ណរាយ | មានរូបរស្មី |
| ហើយឱ្យរុងរឿង | អស់បញ្ចិន្រ្ទិយ | ស្មើព្រះជននី | |
| ជនកសោតហោង ។ | |||
| ព្រះជនកសោតណា | បង្កើតអាត្មា | ឱ្យមានសរិលផង | |
| រក្សាពីតូច | មិនឱ្យមានហ្មង | អស់សុខទុក្ខផង | |
| ពុំដែលនឹងឆ្អន់ ។ | |||
| ព្រះជនកព្រះជននី | បើនឹងស្រដី | ប្រសើរពេកពន់ | |
| ថាភ្នំព្រះសុមេរុ៍ | នោះហោងមហាធ្ងន់ | ថាបើនឹងគណន៍ | |
| ពុំអាចកន្លង ។ | |||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកឯងហោង | |
| អាចឱ្យក្ដីច្បាប់ | ប្រដៅធម៌ផង | ដោយនូវគន្លង | |
| ព្រះពុទ្ធទាំងឡាយ ។ | |||
| នរូអ្នកណា | ទោះមានប្រាជ្ញា | ឱ្យគិតវែងឆ្ងាយ | |
| គុណនោះទាំងបី | ហៅមហាទូលាយ | កុំឱ្យអន្ដរាយ | |
| ក្ដីពីព្យាយាម ។ | |||
| (៣៥) | រីបុណ្យនិងបាប | អំពើសភាព | នោះវាតែងតាម |
| ប្រដូចស្រមោល | អន្ទោលតាមប្រាណ | ពុំដែលចៀសបាន | |
| ត្រង់ក្ដីសល់វ៉ល់ ។ | |||
| ត្រង់ក្ដីសល់វ៉ល់ ។ | ហើយឱ្យរំពឹង | ប្រាជ្ញាឱ្យយល់ | |
| ឱ្យមានវិរិយំ | សច្ចំកុសល | កុំធ្វើសល់វ៉ល់ | |
| នឹងក្ដីទុក្ខសោក ។ | |||
| នរូអ្នកណា | នឹងនាំអាត្មា | ឧស្សាហ៍អធ្យោគ | |
| ស្វែងធម៌ជាផ្លូវ | ទៅកាន់បរលោក | ចូលមហាបថមោក្ខ | |
| គឺនិព្វានហោង ៕៚ |
