ទស្សនៈកម្មផលក្នុងព្រះពុទ្ធសាសនា
ទស្សនៈកម្មផលរបស់ព្រះពុទ្ធបរមគ្រូនៃយើង មានទំនាក់ទំនងទៅនឹងការវិលកើត-ស្លាប់នៃសត្វ លោក ។ នៅក្នុង ព្រាហ្មណ៍លទ្ធិ ភាវៈកើតឡើងដោយមានអាទិទេពជាអ្នកបងើ្កត ។ ចំណែកក្នុងពុទ្ធលទ្ធិ ភាវៈកើតឡើងដោយខ្លួនឯងតាមច្បាប់ធម្មជាតិ ។ មនុស្ស ឬសត្វធាតុដែលកើត ឬស្លាប់គឺដោយសារខន្ធទាំង ៥ (រូបក្ខន្ធ-វេទនាក្ខន-សញ្ញាក្ខន្ធ-សង្ខារក្ខន្ធ-វិញ្ញាណក្ខន្ធ ) បានជួបប៉ះទង្គិចគ្នាផ្តុំផ្សំគ្នាហើយកើតឡើង ។ ភាវៈដែលមានកំណើត ហើយបែបនេះរមែងមានការ ប្រែប្រួលធំ ធាត់ ហើយទ្រុឌទ្រោមរួចរលត់ខន្ធទាំង ៥ ទៅវិញ (ស្លាប់) រួចហើយទើបមានការប៉ះទង្គិចផ្តុំផ្សំគ្នាឡើងវិញជាថ្មីទៀត(ជីវិតថ្មី )យ៉ាងនេះរៀងដរាបទៅ ។
ក្នុងទស្សនៈនេះគេចាត់ទុកការស្លាប់ជាខណៈមួយ ដែលខន្ធទាំងប្រាំត្រូវរលាយ ហើយចាត់ទុកការកើតជាខណៈមួយដែលខន្ធទាំង ៥ ផ្តុំផ្សំជាថ្មីឡើងវិញ ។ ខន្ធទាំង ៥ នៃមនុស្សសត្វត្រូវរលាយរលត់ ទៅវិញនៅពេលស្លាប់ក៏ពិតមែនហើយប៉ុន្តែនៅ សល់ថាមពល ឬចំហាយនៃខន្ធ ដែលបានប៉ះទង្គិចនូវធាតុឯទៀតៗ បណ្តាលឲ្យកើតមានជារូបមួយឡើងទៀត ។ ថាមពលឬចំហាយ នៃជីវិតចាស់នេះមានឈ្មោះថា “កម្មផល” នេះឯង ។ ដូចនេះជីវិតចាស់មានទំនាក់ទំនងជាមួយជីវិតថ្មី ។ ជីវិតចាស់ និងជីវិតថ្មីដូចគ្នាផងប្លែកគ្នាផង ។ ដូចគ្នាត្រង់ជីវិតថ្មីទទួលចំហាយកម្មផលពីជីវិតចាស់ ប៉ុន្តែពុំដូច ឬ ប្លែកគ្នាត្រង់ជីវិតថ្មីមានការកសាងការអប់រំថ្មីៗទៀត ។
ទស្សនៈពុទ្ធនិយមបានពន្យល់ឃើញថា សត្វលោកទាំងឡាយរមែងវិលកើតវិលស្លាប់មិនចេះអស់មិនចេះហើយក្នុងសំហវៈ ។ កាលបើកើតឡើងហើយរមែងមានចាស់ឈឺ-ស្លាប់ ហើយនៅ ពេលចាស់រមែងជួបប្រទះ នឹងទុក្ខសោករោគាធ្យាធិ និងសេចក្តីលំបាកវេទនាផ្សេងៗមិន អាចជៀសផុត។ ឯការដែលនាំឲ្យផុតចាកជរា-ឈឺ-ស្លាប់និងទុក្ខសោកផ្សេងៗបានគឺមិន ចាប់កំណើត តទៅទៀត ព្រះពុទ្ធសាសនាឲ្យឈ្មោះថា “និព្វាន” ។
តើកម្មផលក្នុងពុទ្ធសាសនា មានន័យនិងលក្ខណៈដូចម្តេចខ្លះ ?
ពាក្យថាកម្ម មានន័យថា អំពើ ការងារ កិច្ចការឬ ទង្វើ ដែលមនុស្សម្នាក់ៗបានប្រព្រឹត្តិដោយកាយក្តី-ចិត្តក្តី ។ កម្មដែលសំខាន់ចែកចេញជាបីយ៉ាង :
– កុសលកម្ម : គឺអំពើជាកុសល(អំពើល្អ)
– អកុសលកម្ម : គឺអំពើជាអកុសល(អំពើអាក្រក់)
– អព្យាកតកម្ម : គឺអំពើជាអព្យាក្រឹត (មិនល្អមិនអាក្រក់) ។
ឯពាក្យថាផល គឺផ្លែផ្កាដែលលេចចេញអំពីកម្ម ។ បើកម្មល្អ ផលល្អ បើកម្មអាក្រក់ ផលអាក្រក់ ។ មនុស្សជាអ្នកកសាងកម្មខ្លួនឯង ហើយត្រូវទទួលយកផលនៃកម្មនេះខ្លួនឯងដែរ ។ ដូចនេះតាមទស្សនៈពុទ្ធនិយម មនុស្សដែលមានលក្ខណៈល្អ-អាក្រក់-ល្ងង់-ឆ្លាត-មាន-ក្រ-ស- ខ្មៅ ៘ គឺមកពីការកសាង ឬអំពើរបស់មនុស្សម្នាក់ៗនេះឯង ។ ម្យ៉ាងទៀតអំពើល្អ និងអំពើអាក្រក់ពុំលុប លាងឬសងគ្នាបានទេ។អំពើល្អរមែងផលិតផលល្អ អំពើអាក្រក់រមែងផលិតផលអាក្រក់។ ប្រសិន បើអំពើនោះល្អផងអាក្រក់ផង លទ្ធផលក៏ល្អផងអាក្រក់ផងដែរ ។ ឯផលកម្មមិនសាបសូន្យទេ គ្រាន់តែទទួលយូរឬឆាប់ប៉ុណ្ណោះ :
– កម្មខ្លះផ្តល់ផលភ្លាមៗ ក្នុងបច្ចុប្បន្នជាតិ
– កម្មខ្លះផ្តល់ផលក្នុងជាតិខាងមុខ
– កម្មខ្លះទៀតផ្តល់ផលក្នុងជាតិជាលំដាប់តៗទៅទៀត ។
ទ្រឹស្តីកម្មផល គឺជាទ្រឹស្តីរវាងហេតុ និងផលនេះឯង ហេតុតូច ផលតូច ហេតុធំ ផលធំ ហេតុល្អ ផលល្អ ហេតុអាក្រក់ ផលអាក្រក់ ។ល ។
