ទេវទត្ត​គឺ​អ្នក​ណា ?

ទេវទត្ត​គឺ​អ្នក​ណា ?

មានអ្នកប្រាជ្ញ បានធ្វើសេចក្ដីពិនិត្យអំពីរឿងនេះ ហើយធ្វើសេចក្ដីកត់ហេតុមួយដោយសង្ខេបដូច្នេះថា :

ព្រះទេវទត្តជាពូជក្សត្រខត្តិយវង្ស រួមជាមួយនឹងព្រះពុទ្ធជាម្ចាស់ លទ្ធិពុទ្ធសាសនាកើតឡើងបាន ២០ ឆ្នាំ ទើបលោកចូលបួសជាភិក្ខុ ។

លោកជាប់ជាព្រះញាតិនឹងព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់មិនបានហាមឃាត់ទេវទត្ត ដែលមានចិត្តគំនិតមិនពិតប្រាកដមិនបរិបូណ៌ដូចជាព្រះអង្គ ក្នុងការថែរក្សាវិនយប្បញ្ញាត្តិនឹងលទ្ធិសាសនា ។ ប៉ុន្តែលោកមិនទាន់សំដែងឲ្យឃើញជាក់ស្ដែងតាមគំនិតយោបល់ ដែលប្លែកផ្សេងរបស់លោកទេ លុះ ១០ ឆ្នាំមុនព្រះពុទ្ធបរិនិព្វាន ទើបលោកក្រាបទូលសុំព្រះបរមគ្រូ ដើម្បីកាន់ការត្រួតត្រាគណៈសង្ឃជំនួស តែរឿងនេះព្រះពុទ្ធជាម្ចាស់ទ្រង់ហាមឃាត់ ទើបលោកក៏បង្កើតរបៀបសាសនាថ្មីមួយឡើង ។

ឯការសំខាន់ ៗ ដែលគេបានឃើញស្នាមលំអានជាង១.០០០ ឆ្នាំមកនោះ គ្រាន់តែមានពោលចេញឈ្មោះក្នុងរឿងរ៉ាវបុរាណនៃពុទ្ធសាសនា ។ គេមិនឃើញចេញឈ្មោះព្រះទេវទត្តក្នុងគម្ពីរសុត្តនិបាត ក្នុងគម្ពីរទីឃនិកាយក៏គ្មាន ។ ក្នុងបណ្ណាសកទាំង ៣ នៃសូត្រដទៃទៀត ក៏ចួនជាមានចេញឈ្មោះដល់ត្រង់ដែលនិយាយអំពីសាកច្ឆាពីរបៀបសីលធម៌ ប៉ុន្តែក្នុងគម្ពីរវន័យបាលីជាន់ចាស់ ដែលហៅថា វិភង្គវិន័យ មានវគ្គមួយនិោយាយពីរឿងរ៉ាវព្រះទេវទត្តនៅចុងក្រោយបង្អស់ ។ ការពិនិត្យតាមមើលរឿងនេះចែកចេញជា ៣ ផ្នែកគឺ :

  1. តាមគម្ពីរវិន័យវិន័យ
  2. តាមរឿងរ៉ាវដែលរើសប្រមូលពីក្នុងគម្ពីរចាស់ ៗ
  3. តាមសេចក្ដីកត់ហេតុក្រោយ ៗ មកទៀត ។

អំពីសេចក្ដីប្រេះឆានៃគណៈសង្ឃ ដែលមានពោលទុកយ៉ាងពិស្ដារក្នុងខន្ធក ១៨ នៃសុត្តវិភង្គនោះ មុនដំបូងនិយាយអំពីត្រកូលសក្យៈទាំង ៦ អង្គទ្រង់ចេញព្រះផ្នួសជាភិក្ខុ ក្នុងចំនួននេះមានព្រះទេវទត្ត ១ អង្គផង ឯក្សត្រទាំង ៥ អង្គនោះ កាលទ្រង់ព្រះផ្នួសក្នុងព្រះសាសនាហើយបំពេញព្យាយាមទៅ ក៏បានសម្រេចគុណវិសេសក្នុងព្រះសាសនាទាំង ៥ អង្គ ឯព្រះទេវទត្តក៏បានសម្រេចឫទ្ធិមួយយ៉ាងដែរតែជាឈានលោកិយ ។

👉ក្នុងរឿងទី ១ និយាយថា ព្រះទេវទត្តរំពឹងពិចារណាស្វែងរកវិធីឲ្យបានផលប្រយោជន៍នឹងកិត្តិយស ទើបលោកទៅបំភ័យព្រះរាជកុមារអជាតសត្រូវ ជាមកុដរាជកុមារនៃមគធរដ្ឋ ដោយអំណាចឫទ្ធិរបស់លោក ហើយព្រះរាជកុមារទទួលរាប់អាន ។ តែលោកនេះស្រវឹងនឹងលាភសក្ការៈដែលកើតឡើង ទើបរិះរកឧបាយចង់ធ្វើជាសាស្ដាត្រួតត្រាគណៈសង្ឃ ព្រះពុទ្ធជាម្ចាស់ទ្រង់ឲ្យព្រះមោគ្គល្លានត្ថេរចេញទៅក្រុងរាជគ្រឹះ ប្រាប់ឲ្យទេវទត្តដឹងខ្លួនជាមុន អំពីលាភសក្ការៈរបស់ទេវទត្តនាំឲ្យអន្តរាយដល់អាត្មា ។

👉ឯរឿងរ៉ាវទី ២ និយាយអំពីទេវទត្តក្រាបទូលសុំព្រះពុទ្ធជាម្ចាស់ ឲ្យទ្រង់ប្រគល់គណៈសង្ឃមកខ្លួនត្រួតត្រា ព្រោះព្រះអង្គទ្រង់ជរាភាពណាស់ហើយ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់បដិសេធហើយទ្រង់ប្រកាសថា តាំងអំពីថ្ងៃនេះទៅ ទុកជាទេវទត្តត្រូវការអ្វីធ្វើអ្វីស្រេចតែទេវទត្តចុះ គ្មានការរួបរួមជាមួយនឹងគណៈសង្ឃរបស់ព្រះអង្គទេ ។ តអំពីនោះមកព្រះទេវទត្តពោលពន្យល់មកុដរាជកុមារឲ្យសម្លាប់ស្ដេច (បិតា) ទៅ រួចសឹមឲ្យជួយលោកសម្លាប់ព្រះពុទ្ធជាម្ចាស់ទៀតផង ។

តមកទៀត ព្រះទេវទត្តបានបញ្ញត្តច្បាប់យ៉ាងតឹងរ៉ឹងអំពីលំនៅ (របស់ភិក្ខុ) អំពីការទទួលនិមន្ត អំពីអាហារផោជន (ដែលមានត្រីសាច់) ព្រះពុទ្ធជាម្ចាស់ទ្រង់បដិសេធសេចក្ដីបញ្ញត្តិរបស់ទេវទត្តទាំងអស់ ទើបទេវទត្តប្រកាសថា ព្រះបរមសាស្ដានឹងពួកសាវកប្រាថ្នាសេចក្ដីសុខស្រួលហ៊ឺហាណាស់ ហើយព្រះទេវទត្តបញ្ញត្តច្បាប់នេះឡើង តាមគំនិតយោបល់របស់ខ្លួន ហើយបបួលភិក្ខុក្មេង ៗ មួយពួកចំនួន ៥០០ រូប ឲ្យប្រតិបត្តិតាម ។

👉ឯរឿងចុងក្រោយបង្អស់មាននិយាយថា ព្រះទេវទត្តចោមរោមដោយពួកសាវក កំពុងសំដែងធម៌ឲ្យពួកសាវកស្ដាប់ ហើយបានអារាធនាព្រះសារីបុត្តនឹងព្រះមោគ្គល្លានឲ្យរួមនៅស្ដាប់ធម៌ជាមួយនឹងគណៈសង្ឃនោះផង ។ សំដែងធម៌ដល់យប់ជ្រៅទៅ ក៏កាន់តែអស់កំឡាំងទៅ ទើបសុំឲ្យព្រះសារីបុត្តសំដែងធម៌ជំនួសខ្លួន ហើយសឹងលក់ទៅ ។ ព្រះសារីបុត្តបានចាត់ចែងធ្វើឲ្យភិក្ខុសង្ឃ ១ ភាគធំរបស់ព្រះទេវទត្តផ្លាស់ចិត្តគំនិត ត្រឡប់មកគាល់ព្រះពុទ្ធជាម្ចាស់វិញ ។

ក្នុងគម្ពីរមជ្ឈិមនិកាយ – សំយុត្តនិកាយ – អង្គុត្តរនិកាយ – ឧទាន – ឥតិ – វុត្តក ក៏មានសេចក្ដីនិយាយពីព្រះទេវទត្តដែរ នៅទីបំផុតក្នុងគម្ពីរក្រោយ ៗ មក ច្រើនមាននិយាយអំពីរឿងរ៉ាវព្រះទេវទត្តកាន់តែញឹកញាប់ឡើងជាប់នៅនឹងរឿងផ្សេង ៗ ជាច្រើន ។

ក្នុងគម្ពីរមហាវស្តុនឹងគម្ពីរមហាហង្ស មានរឿងដំណាលប្លែកផ្សេងពីគ្នា អំពីពូជពង្សវង្សត្រកូលរបស់ព្រះទេវទត្ត ។ ក្នុងគម្ពីរមិលិន្ទបញ្ហា មានសេចក្ដីដំណាលថាផែនដីស្រូបព្រះទេវទត្តចុះទៅ (នរក) ហើយក្នុងខណៈដែលស្លាប់នោះ ព្រះទេវទត្តរលឹកដល់ដល់ព្រះពុទ្ធម្ចាស់ជាទីពឹង ។

កាលពី ព.ស. ៩០០ មានអ្នកធុតង្គជាតិចិនម្នាក់ឈ្មោះ ហ្វ – ហៀន បានកត់ត្រាការដែលផែនដីស្រូបព្រះទេវទត្តនោះថា នៅមានរឿងនិយាយត ៗ គ្នាមកនៅឡើយក្នុងប្រទេសឥណ្ឌៀ ហើយក្នុងសម័យនោះសោតទៀតក៏នៅមានពួកសាវករបស់ព្រះទេវទត្ត ដែលគោរពនមស្សការព្រះពុទ្ធព្រះអង្គដែលកន្លងមកហើយ លើកលែងតែព្រះពុទ្ធគោតម ១ អង្គចេញ ។ ក្នុង ព.ស. ១.១០០ មានអ្នកធុតង្គជាតិចិនម្នាក់ទៀត ទៅសំណាក់នៅក្នុងប្រទេសឥណ្ឌៀដែរ ឈ្មោះ ហៀនឆាង ក៏បានធ្វើសេចក្ដីកត់ត្រាទុកដូចគ្នានេះដែរ ។

ទស្សនាវដ្ដី​កម្ពុជសុរិយា

ប្រភព: អត្ថបទក្បាលទី ២ ឆ្នាំទី ១៣ ខ្សែទី ២៣ គ.ស. ១៩៤១ ព.ស. ២៤៨៤

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៧

💡 ទស្សនៈពុទ្ធសាសនា

💡១.ព្រះពោធិសត្វ
💡២.អដ្ឋ​សមោធាន​បច្ច័យ​
💡៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត
💡៤.សុមេធ​បណ្ឌិត
💡៥.ការ​កសាង​ទសបារមី
💡៦.ព្រះពោធិសត្វ​ក្នុង​អត្តភាព
💡៧.ព្រះពុទ្ធ​មេត្តេយ្យ
💡ការយល់ដឹង
💡ទសពិធរាជធម៌​សង្ខេប
💡ទស្សនៈ​កម្ម​ផល
💡ទេវទត្ត​គឺ​អ្នក​ណា ?
💡ធ្វើបុណ្យពុំបានបុណ្យ
💡នមោពុទ្ធាយៈ
💡ប្រព័ន្ធសីលធម៌អ្វី
💡របស់ដែលមនុស្សប្រាថ្នា
💡រឿងថ្មើរព្រៃឈ្មោះសុរៈ
💡អសង្ខេយ្យ និង កប្ប