ដើមកំណើតនៃពាក្យថា នមោពុទ្ធាយៈ

ជារឿយ ៗ យើងធ្លាប់បានស្ដាប់បានលឺព្រះសង្ឃឬព្រឹទ្ធាចារ្យតែងសូត្រពាក្យថា នមោពុទ្ធាយៈ តែមិនដឹងឬមិនយល់ន័យ។ ព្រះសង្ឃនិងព្រឹទ្ធាចារ្យខ្លះយកពាក្យនេះទៅប្រើក្នុងពិធីកម្មដូចជាចាក់ទឹក លើករាសី ដេញខ្មោចព្រាយបិសាច ស្ដោះគ្រោះឬអ្វីម្យ៉ាងក្នុងន័យថាជាបាលីសក្ដិសិទ្ធិ បញ្ចៀសគ្រោះចង្រៃ ដោយសូត្រថា នមោពុទ្ធាយៈ មៈអឧ ជាដើម។
ចំណែកកងយុទ្ធពលខ្មែរ តែងសូត្របទនេះ ដើម្បីការពារសត្រូវ ឬបញ្ចៀសគ្រាប់ក្នុងពេលចូលសមរភូមិ ។ សិស្សសាលាក្ដី ក្មេងវត្ដក្ដីចាប់ពីសតវត្សរ៍ទី ១៣ (អាចមុនជាងនេះ) មកដល់ទសវត្សរ៍ទី៥០ បានសូត្របទនេះ មុនពេលចូលរៀន ដោយគិតថាជាការរំលឹកគុណគ្រូ។ចំណែកអ្នកសរសេរតម្រាសាស្ដ្រា គម្ភីរស្លឹករិតក្ដី ជាសៀវភៅក្ដីតាំងផ្ដើមដោយពាក្យនេះ ក្នុងន័យរំលឹកគុណអក្ខរៈ(អក្សរ) ឬរំលឹកគុណព្រះពុទ្ធ។
អ្នកដែលចូលចិត្ដសាក់ចារដោយគំនូរលើក្រណាត់យន្ដក្ដីលើដងខ្លួនក្ដីតែងនិយមពាក្យនេះ ដោយជឿថា ជាការកាប់មិនមុតដុតមិនចេះ មិនខុសពីអ្នកដែលជំនឿផ្នែកឱសថបូរាណរមែងសូត្រដាស់ពាក្យបាលីនេះ ក្នុងការថែរក្សាជំងឺ ដោយជឿថាមន្ដអាគមផ្សំនឹងថ្នាំបុរាណនឹងធ្វើឲ្យអ្នកជំងឺបានធូរស្រាល ឬជាសះស្បើយក្នុងរយៈពេលខ្លី (អាគមផ្សំអាយុ)។
អ្នកដែលធ្វើវិនិយោគទុន ពាណិជ្ជករ ប្រើក្នុងន័យនាំមកនូវលាភសក្ការៈគឺទ្រព្យហូរចូលមកដូចទឹក មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះត្រូវបានចារិកទុកតាមវត្ថុស័ក្ដិសិទ្ធនិងគោរពបូជាផ្សេង ៗ ដូចជាដាវ កំបិត ខ្សែគាថា ព្រះពុទ្ធរូបជាដើម។
ក្នុងន័យខាងលើ នមោពុទ្ធាយៈ ត្រូវបានយកមកប្រើក្នុងន័យ រំលឹកគុណ និង មន្ដគាថា អាគមសក្ដិសិទ្ធផ្សេងៗ។
👉តើពាក្យនេះមានន័យថាដូចម្ដេច?
តពីអត្ថបទមុនអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ ខ្ញុំសូមបទស្រាយតាមរយៈជំនឿក្នុងព្រះពុទ្ធសាសនា។ ទាំងសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនាគឺមានជំនឿដូចគ្នាទៅនឹងលេខ ១០៨ ដោយគិតថាជាលេខមង្គល ជាលេខសិរីសួស្ដី នាំមកនូវជោគនិងជ័យក្នុងគ្រួសារ ការងារចម្រើនលូតលាស់ ជាដើម។ (សូមសិក្សាផងដែរអំពីប្រាសាទភ្នំបាខែង ព្រោះមានលេខ ១០៨ នៅទីនោះ)។
នមោ រីកិរិយារំលឹកនូវគុណព្រះត្រៃរតន៍ ដោយបូរាណាចារ្យចងក្រងអំពីគុណថា ៖
នមោ ពុទ្ធាយៈ ឆបញ្ញាសៈ ពុទ្ធគុណំ ព្រះពុទ្ធជាម្ចាស់ ជាបរមគ្រូមានគុណ ៥៦ តួ
នមោ អដ្ឋតឹសៈ ធម្មគុណំ ព្រះធម៌ជាម្ចាស់មាន ៣៨ តួ
នមោ ចុទ្ទស្ស សង្ឃគុណំ ព្រះសង្ឃជាម្ចាស់មានគុណ ១៤ តួ
សរុបទៅជា ១០៨ តួ ។ តើ ១០៨ តួមានអ្វីខ្លះ? សូមមេត្ដាទៅកាន់អត្ថបទអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ។ លេខមង្គលទាំង១០៨ តួនោះ កើតចេញពីអក្ខរៈទាំង ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។
លោកនេះ ឬកប្បនីមួយៗ ធ្វើចលនាទៅមុខឥតងាក់រេ ឈប់ឈរ ពីចម្រើនទៅវិនាស ពីវិនាសទៅចម្រើន។ លោកចម្រើនដោយគុណធម និងវិនាសទៅវិញដោយ បាបធម៌។ គ្រាមួយលោកនេះត្រូវវិនាសដោយទឹកជំនន់ លិចលង់អស់មនុស្សសត្វ និងសព្វវត្ថុផ្សេង ៗ។ រាប់លានសិបឆ្នាំក្រោយមក លោកនេះត្រូវបានកកំណើតជាថ្មី ផ្កាឈូក ៥ បានផុសចេញមកដោយមានអក្ខរៈ ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។ ទេវព្រហ្មបានព្យាករណ៍ថា តទៅនេះ លោកនេះនឹងមានព្រះមហាសាស្ដាលោកកើតឡើងដើម្បីរំលត់ទុក្ខសោករោគភ័យផ្សេង ៗ នាំមកនូវឥស្សរៈភាពផ្លូវចិត្ដពីបាបកុសលទាំងពួង។ ព្រោះហេតុនេះ ទើបភទ្រកប្បនេះ មានព្រះពុទ្ធទាំង ៥ ព្រះអង្គកើតឡើង។
នៈ គឺព្រះពុទ្ធនាមកកុសន្ធោ គង់ស្ថិតនៅខាងស្ដាំរបស់សត្វលោក
មោ គឺព្រះពុទ្ធគោនាគមនោ គង់ស្ថិតនៅខាងឆ្វេងរបស់សត្វលោក
ពុ គឺព្រះពុទ្ធកស្សោ គង់នៅសោតាឆ្វេងស្ដាំរបស់សត្វលោក
ទ្ធា គឺព្រះពុទ្ធគោត្ដម គង់នៅត្រង់កណ្ដាល(ផ្ចិត)របស់សត្វលោក
យៈ គឺព្រះពុទ្ធអរិយមេត្រី គង់នៅខាងមុខរបស់សត្វលោក
មែនពិត មនុស្សយើងសំណាងល្អណាស់ដែលមានអក្ខរៈទាំង ៥ តួដែលជានាមរបស់ព្រះពុទ្ធទាំង ៥ ព្រះអង្គនៅជុំវិញខ្លួន ទាំងការពារសត្រូវមិនឲ្យចូលមកបៀតបៀន អប់រំដាស់តឿនសតិបង្កើតបញ្ញាយល់ឃើញត្រូវ និងផ្ដល់នូវសេចក្ដីស្រលាញ់រាប់អាន ជួយសង្គ្រោះគ្នា។ ដើម្បីឲ្យគាថាទាំង ៥ នេះរិតតែស័ក្ដិសិទ្ធនោះត្រូវភាវនាបន្ថែមអក្ខរៈ ៣ តួទៀត គឺ សុ វិ អ (នឹងបានសិក្សាបន្ដទៀតក្នុងអត្ថបទថ្មី)។
បុគ្គលណាមួយបានចម្រើនភាវនាគាថាអក្ខរៈទាំង ៥ តួនេះហើយនឹងបាននូវសិរីសួស្ដី កើតមង្គល ត្រជាក់ត្រជុំក្នុងគ្រួសារ ផុតចាកគ្រោះភ័យ បានសម្រេចនូវឧបចារសមាធិ និងឈានទាំង ៤ ទីបំផុតនៃជាតិបច្ចុប្បន្ននឹងបានផុតចាកទុក្ខ កើតក្នុងបរមសុខភព។
Source: ភិក្ខុ យន់ សុធា
