បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️១១. រឿង គោធិកត្ថេរបរិនិព្វាន
👉ព្រះបរមសាស្តា ទ្រង់ប្រារឰការបរិនិព្វាន របស់ព្រះគោធិកត្ថេរ ។ ព្រះថេរៈ បានចម្រើនឈានឲ្យកើតឡើងហើយ ក៏វិនាសបាត់ទៅវិញ ឣស់រយៈពេល ៦ ដង ដោយឣំណាចរោគ ដែលកើតមាននៅក្នុងរាងកាយ, ព្រះថេរៈ បានត្រិះរិះថា “គតិ របស់ឣ្នកដែលមានឈានវិនាសទៅហើយ ជាគតិមិនទៀងទាត់ទេ” ក្នុងលើកទី ៧ លោកបានញ៉ាំងឈាន ឲ្យកើតឡើងហើយ ទើបយកកាំបិតកោរ មកឣារ-ក របស់ខ្លួនឯងហើយ ខិតខំបំពេញវិបស្សនាកម្មដ្ឋាន រហូតដល់បានសម្រេចព្រះឣរហត្តផល ហើយបានបរិនិព្វាន ក្នុងទីបំផុតនោះឯង ។
ក្នុងពេលព្រះថេរៈ ប្រារឰនឹងឣារ-ក ខ្លួនឯងនោះ, មារាធិរាជ ចូលទៅហាមឃាត់ ដោយប្រការផ្សេងៗ លុះដឹងថា មិនបានផល ក៏ចូលទៅក្រាបថ្វាយបង្គំ ទូលថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះ សាស្តា ទ្រង់ជ្រាបហើយ ក៏មិនបានហាមឃាត់ព្រះថេរៈដែរ ។
ក្នុងពេលដែលព្រះថេរៈបរិនិព្វានហើយ, មារាធិរាជ បានដើរស្វែងរក នូវបដិសន្ធិវិញ្ញាណ របស់ព្រះថេរៈ សព្វទិសទី តែពុំបានចួបប្រទះឡើយ ទើបចូលទៅក្រាបទូលសួរព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៤. | តេសំ សម្បន្នសីលានំ | អប្បមាទវិហារិនំ |
| សម្មទញ្ញា វិមុត្តានំ | មារោ មគ្គំ ន វិន្ទតិ ។ |
👉មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តីមិនប្រមាទ បានរួចផុតស្រឡះហើយ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។
