១. ត្រីឈ្មោះកបិលៈ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️១. រឿង ត្រីឈ្មោះកបិលៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰត្រីឆ្ពិនមាសមួយ ឈ្មោះកបិលៈ មានក្លិនមាត់ស្អុយឣសោច ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ត្រីនេះ ធ្លាប់បានបួសជាភិក្ខុ មានពួកបរិវារជាច្រើន ជាពហុស្សូត ឣាស្រ័យលាភសក្ការៈ បានសម្តែងព្រះធម៌វិន័យថា មិនមែនជាព្រះធម៌វិន័យ លុះធ្វើមរណកាលទៅហើយ ក៏បានទៅកើត ក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ ក្នុងព្រះពុទ្ធសាសនានេះ ក៏បានកើតជាត្រីឆ្ពិនមាសមួយដ៏ធំ ក្នុងស្ទឹងឣចិរវតី ។

ថ្ងៃមួយ ឣ្នកនេសាទត្រី បានចាប់ត្រីឆ្ពិនមាសនោះបាន ឃើញដូចជាធំចម្លែកខ្លាំងណាស់ ទើបយកត្រីនោះ ទៅថ្វាយដល់ព្រះរាជាព្រះនាមព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជបញ្ជា ឲ្យឣមាត្យ នាំយកត្រីនោះ ទៅវត្តជេតពន ហើយ ព្រះឣង្គក្រាបទូលសួរបុព្វកម្ម របស់ត្រីនោះ ចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងបុព្វកម្ម របស់ត្រីនោះ ដូចបានរៀបរាប់មកខាងលើស្រាប់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

១.មនុជស្ស បមត្តចារិនោតណ្ហា វឌ្ឍតិ មាលុវា វិយ
សោ ប្លវតី ហុរាហុរំផលមិច្ឆំវ វនស្មឹ វានរោ ។

👉តណ្ហា​ តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើ​ហើយ​ ចម្រើន​ឡើង​ បុគ្គលនោះ​ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នា​ផ្លែឈើ​​ លោតក្នុងព្រៃ ដូច្នោះដែរ ។

២.យំ ឯសា សហតេ ជម្មីតណ្ហា លោកេ វិសត្តិកា
សោកា តស្ស បវឌ្ឍន្តិអភិវឌ្ឍំវ ពីរណំ ។

👉តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ​ ក្នុងលោក គ្របសង្កត់បុគ្គល​ណា សេចក្ដី​សោក​ស្ដាយ​ តែងចម្រើនឡើង​ ដល់បុគ្គលនោះ​ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូត​លេច​ឡើង​ ដូច្នោះដែរ ។

៣.យោ វេ តំ សហតេ ជម្មិំតណ្ហំ លោកេ ទុរច្ចយំ
សោកា តម្ហា បបតន្តិឧទពិន្ទុវ បោក្ខរា ។

👉ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក​ ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដី​សោក​ស្ដាយ​ តែង​ធ្លាក់​ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹក​ឈូក​ ​ដូច្នោះដែរ ។

៤.តំ វោ វទាមិ ភទ្ទំ វោយាវន្ត្វេត្ថ សមាគតា
តណ្ហាយ មូលំ ខនថឧសីរត្ថោវ ពីរណំ
មា វោ នឡំវ សោតោវមារោ ភញ្ជិ បុនប្បុនំ ។

👉ព្រោះហេតុនោះ​ បានជាតថាគត ប្រាប់អ្នកទាំងឡាយ​ អ្នកទាំងឡាយ​ មានប៉ុន្មានរូប ដែលមកប្រជុំ​គ្នា​ ក្នុង​ទីនេះ​ សេចក្ដី​ចម្រើន​ ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ​ ចូរ​រំលើងឫសតណ្ហាចោលចេញ ដូច​បុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ​ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។

៥.យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេឆិន្នោបិ រុក្ខោ បុនរេវ រូហតិ
ឯវម្បិ តណ្ហានុសយេ អនូហតេសុនិព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។

👉កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ​ ដើមឈើទុកជាកាប់ចោលហើយ ក៏​តែង​ដុះ​ឡើង​ទៀត​បាន​ មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ​ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ​ (មាន​ជាតិទុក្ខ​ជា​ដើម)​ នេះ ក៏តែងកើតរឿយៗ​ មានឧបមេយ្យដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ