អប្បមាទវគ្គ
មាន៩រឿង – ១២គាថា
☸️១. រឿង ព្រះនាងសាមាវតី
👉ព្រះបរមសាស្តា ទ្រង់ប្រារឰសេចក្តីស្លាប់របស់ស្ត្រីពីរពួក គឺពួកនាងសាមាវតី ១ ពួកនាងមាគន្ទិយា ១ ។
នាងសាមាវតី និង នាង មាគន្ទិយា ទាំងពីរនាក់នេះ គឺជាមហេសី របស់ព្រះរាជា ទ្រង់ព្រះនាមឧទេន នៅក្នុងក្រុងកោសម្ពី ។
សម័យនោះ ព្រះសាស្តា ទ្រង់គង់ចាំព្រះវស្សានៅ ក្នុងក្រុងកោសម្ពីនោះដែរ ។ ពួកនាងសាមាវតី បានសម្រេចសោតាបត្តិផល, ចំណែកឯ ពួកនាងមាគន្ទិយា មិនបានសម្រេចផលអ្វីទេ ថែមទាំងមិនមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាទៀតផង គិតតែពីរករឿងហេតុប្រទូសរ៉ាយ ចំពោះព្រះសាស្តា និង ព្រះនាងសាមាវតី ដោយប្រការផ្សេងៗ ដូចជាជួលមនុស្ស ឲ្យទៅស្រែកជេរព្រះឣង្គ ប្រើមនុស្សឲ្យទៅលួចដុតប្រាសាទ របស់នាងសាមាវតីជាដើម ។
ពេលនោះ ព្រះនាងសាមាវតី ព្រមទាំងស្រីស្នំ ត្រូវភ្លើងឆេះស្លាប់ ទាំងឣស់គ្នាគ្មានសល់ម្នាក់ឡើយ ។
ព្រះបាទឧទេន ទ្រង់បានជ្រាបហើយ ទើបទ្រង់ស្វះស្វែងរកឧបាយកល ដើម្បីនឹងរកហេតុផល ចាប់ឣ្នកដែលបានដុតប្រាសាទនោះ ឲ្យទាល់តែបាន លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ត្រាស់បញ្ជា ប្រើឲ្យពួកឣាមាត្យ ជីកនូវឣន្លុង កប់ក្រុមបក្សពួក របស់នាង មាគន្ទិយា ត្រឹមផ្ចឹត ហើយឲ្យយកភ្លើងដុតទាំងរស់ រួចហើយឲ្យយកនង្គ័លរនាស់ដែក ភ្ជូររាស់ថែមពីលើទៀត ។ សម្រាប់នាងមាគន្ទិយាវិញ ព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ឣារសាច់នាងម្តងមួយដុំៗ យកទៅចៀនខ្លាញ់ ឲ្យឆ្អិនហើយ ត្រាស់ឲ្យយកសាច់ចៀននោះ ទៅឲ្យនាងមាគន្ទិយាស៊ី រហូតដល់នាងស្លាប់តែម្តង ។
ភិក្ខុទាំងឡាយ បានប្រជុំ សន្ទនាគ្នាឣំពីរឿងនាងមាគន្ទិយា និង នាងសាមាវតី ដោយប្រការផ្សេងៗ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ១. | អប្បមាទោ អមតំ បទំ | បមាទោ មច្ចុនោ បទំ |
| អប្បមត្តា ន មីយន្តិ | យេ បមត្តា យថា មតា ។ |
👉សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។
| ២. | ឯតំ វិសេសតោ ញត្វា | អប្បមាទម្ហិ បណ្ឌិតា |
| អប្បមាទេ បមោទន្តិ | អរិយានំ គោចរេ រតា ។ |
👉ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។
| ៣. | តេ ឈាយិនោ សាតតិកា | និច្ចំ ទឡ្ហបរក្កមា |
| ផុសន្តិ ធីរា និព្វានំ | យោគក្ខេមំ អនុត្តរំ ។ |
👉បណ្ឌិតអ្នកមិនប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។
