ចិត្តវគ្គ
មាន៩រឿង – ១១គាថា
☸️១. រឿង ព្រះមេឃិយត្ថេរ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមេឃិយត្ថេរ នៅពេលដែលព្រះថេរៈកំពុងធ្វើជាព្រះឧបដ្ឋាកនៅឡើយ ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅឃើញនូវឣម្ពវន្តស្ថាន ជាកន្លែងដែលគួរជាទីរីករាយពេញចិត្ត ហើយបានក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ដើម្បីទៅបំពេញសមណធម៌នៅ ក្នុងទីនោះ ។
ព្រះសាស្តា ទ្រង់ត្រាស់ហាមថា “កុំទាន់ឣាលនិមន្តទៅធ្វើឣី្វបង្អង់រង់ចាំ នៅពេលណាដែលរកភិក្ខុ ដែលជាអ្នកឧបដ្ឋាកថ្មី បានជាមុនសិន ហើយសឹមនិមន្តទៅបំពេញសមណធម៌ចុះ” ។
ព្រះមេឃិយៈ មិនព្រមស្តាប់ព្រះតម្រាស់របស់ព្រះឣង្គឡើយ ថែមទាំងបានពោលពាក្យទ្រគោះបោះបោក ទៅរកព្រះឣង្គថា “តើធ្វើដូចម្តេចទៅបាន បើព្រះឣង្គទ្រង់បានសម្រេចកិច្ចឣស់ហើយនោះ តែទូលព្រះបង្គំវិញនោះ មិនទាន់បានសម្រេចគុណធម៌អ្វីទេ កំពុងតែ ប្រតិបត្តិនៅឡើយ នឹងធ្វើឲ្យដូចជាព្រះឣង្គ យ៉ាងណាបាន” ហើយក៏និមន្តទៅទីនោះតែម្តង មិនយូរប៉ុន្មាន ក៏ត្រូវឣកុសលវិត្កកៈ គ្របសង្កត់ យ៉ាងខ្លាំង ទ្រាំពុំបាន ទើបបានត្រឡប់មក ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តាទ្រង់ត្រាស់ថា “នែមេឃិយៈ ធម្មតាចិត្តនេះ ជាធម្មជាតិ ដែលត្រាច់រង្គាត់ទៅបានឆ្ងាយណាស់, ការឣប់រំទូន្មានចិត្ត ឲ្យស្ថិតនៅ ក្នុងឣំណាចរបស់ខ្លួនបាន គឺជាការប្រសើរពេកណាស់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | ផន្ទនំ ចបលំ ចិត្តំ | ទុរក្ខំ ទុន្និវារយំ |
| ឧជុំ ករោតិ មេធាវី | ឧសុការោវ តេជនំ ។ |
👉អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។
| ២. | វារិជោវ ថលេ ខិត្តោ | ឱកមោកតឧព្ភតោ |
| បរិផន្ទតិទំ ចិត្តំ | មារធេយ្យំ បហាតវេ ។ |
👉ចិត្តនេះដែលបុគ្គលលើកឡើង ចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹក បោះទៅលើគោក ដូច្នោះឯង ។
