ជរាវគ្គ
មាន៩រឿង – ១១គាថា
☸️១. រឿង វិសាខាសហាយិកា
ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។ ពួកស្វាមី របស់ស្ត្រីទាំងនោះ បានប្រគល់ទៅឲ្យនាងវិសាខា ជួយឣប់រំ ទូន្មានប្រៀនប្រដៅ ។ ថ្ងៃមួយ នាងវិសាខា បាននាំពួកស្ត្រីទាំងនោះទៅ គាល់ព្រះសាស្តា ដើម្បីស្តាប់ព្រះធម៌ទេសនា ។ ពួកនាងទាំងឣស់នោះ នាំយកដបស្រាទៅផឹក ក្នុងវត្តផងដែរ តែមិនឲ្យនាងវិសាខាដឹងទេ លុះផឹកស្រាហើយក៏ស្រវឹង ដើរទ្រេតទ្រោតងោក ងក់ ចង់ច្រៀង រាំលេង សើចសប្បាយ ក្អាកក្អាយ នៅទីចំពោះព្រះ ភក្ត្រ នៃព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ព្រះពិចារណា ថា “រឿងនេះ ជាអ្វីទៅហ្ន៎?” ហើយ ទ្រង់ជ្រាបនូវហេតុនោះ ទើបទ្រង់ធ្វើនូវបាដិហារិយ៍ ឲ្យងងឹតឈឹង គួរឲ្យភ័យខ្លាចខ្លាំងណាស់ ។ ពួកស្ត្រីទាំងនោះ បានឃើញនូវបាដិហារិយ៍ របស់ព្រះឣង្គហើយ ក៏ភិតភ័យខ្លាច ចំពោះសេចក្តីស្លាប់ យ៉ាងក្រៃលែង រហូតដល់ស្វាងស្រាទាំងឣស់គ្នា ក្នុងគ្រានោះឯង ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ប្រកាសទោស នៃសេចក្តីប្រមាទ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | កោ នុ ហាសោ កិមានន្ទោ | និច្ចំ បជ្ជលិតេ សតិ |
| អន្ធការេន ឱនទ្ធា | បទីបំ ន គវេសថ ។ |
👉កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេចក៏ត្រេកត្រអាល អ្នកទាំងឡាយ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ( ដើម្បីកម្ចាត់នូវសេចក្តីងងឹតនោះចេញ ) ។
