ជំពូក២. អដ្ឋសមោធានបច្ច័យ៤
មុននឹងបុគ្គលត្រូវបានទទួលការព្យាករណ៍ពី ព្រះសម្មាសម្ពុទ្ធលើកទី១ដែលជាលក្ខណៈញ៉ាំងឲ្យក្លាយជានិយត ពោធិសត្វ បុគ្គលនោះត្រូវតែប្រកបដោយអង្គ៨ហៅថា «អដ្ឋសមោធាន» គឺការប្រជុំរួមធម៌ទាំង៨ ។ ធម៌ទាំង៨នេះមានសម្ដែងនៅក្នុងខុទ្ទកនិកាយពុទ្ធវំសថា ៖
និយតពោធិសត្វត្រូវសម្រេចដោយអភិនីហារប្រជុំដោយធម៌ទាំងឡាយ៨គឺ ៖
- ជាមនុស្សមិនមែនទេព្ដា ឬព្រហ្ម១
- ដល់ព្រមដោយភេទ គឺបុរស១
- ដល់ព្រមដោយហេតុដែលអាចសម្រេចអរហន្តបានក្នុងជាតិនេះគឺឧបនិស្សយសម្បត្តិ១
- បានជួប និងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយផ្ទាល់ គឺបានទទួលព្យាករណ៍ពីព្រះអង្គ១
- បព្វជ្ជាជាតាបស ឬភិក្ខុសង្ឃ១
- ដល់ព្រមដោយគុណធម៌ គឺបានសម្រេចនូវអភិញ្ញា១
- មានពោធិចិត្តដែលសន្សំរួចមកហើយ១
- មានឆន្ទៈយ៉ាងខ្លាំងក្លាដើម្បីបានត្រាស់ជាព្រះពុទ្ធ១ ។
ធម៌ទាំង៨ប្រការនេះហៅថា «អដ្ឋសមោធាន» ដែលមានសេចក្ដីអធិប្បាយដូចខាងក្រោម ៖
- ជាមនុស្សមែនពិតៈ សេចក្ដីប្រាថ្នានូវភាពជាព្រះពុទ្ធរមែងសម្រេចបានតែចំពោះបុគ្គល អ្នកប្រាថ្នានៅក្នុងអត្តភាពជាមនុស្សប៉ុណ្ណោះ មិនមែននៅក្នុងកំណើតជាទេព្ដា ព្រហ្ម នាគ គ្រុឌ ជាដើមឡើយ ។
- ជាអ្នកដល់ព្រមដោយភេទ គឺភេទប្រុសៈ សេចក្ដីប្រាថ្នារមែងសម្រេចបានតែចំពោះមនុស្សប្រុសតែម្យ៉ាង មិនសម្រេចចំពោះមនុស្សស្រី ខ្ទើយ ឧភតោព្យព្ជនកៈ (មានភេទពីរឡើយ) ។
- ជាអ្នកដល់ព្រមដោយហេតុៈ សំដៅដល់ឧបនិស្សយសម្បត្តិ សេចក្ដីប្រាថ្នាសម្រេចដល់មនុស្សប្រុសដែលដល់ព្រមដោយហេតុនៃ ឧបនិស្ស័យ មិនសម្រេចដល់អ្នកគ្មានឧបនិស្ស័យឡើយ ។
- ជាអ្នកបានជួបព្រះសម្មាសម្ពុទ្ធៈ គឺជាអ្នកប្រាថ្នាស្ថិតនៅចំពោះព្រះភ័ក្ត្រនៃព្រះសម្មាសម្ពុទ្ធគង់ ធរមាននៅផ្ទាល់ មិនសម្រេចដល់អ្នកប្រាថ្នាចំពោះមុខព្រះចេតិយ ពោធិព្រឹក្ស ព្រះពុទ្ធប្បដិមា ព្រះបច្ចេកពុទ្ធ និងពុទ្ធសាវ័កឡើយ ។
- ជាបព្វជ្ជាៈ គឺជាអ្នកបួសក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់ ឬជាតាបសស្ថិតនៅក្នុងកម្មកិរិយវាទី មិនសម្រេចដល់អ្នកស្ថិតនៅក្នុងភេទជាគ្រហស្ថទេ ។
- ជាអ្នកមានគុណសម្បត្តិៈ ដល់ព្រមដោយគុណ គឺជាអ្នកសម្រេចអភិញ្ញា៥ សមាបត្តិ៨ មិនសម្រេចដល់អ្នកគ្មានគុណសម្បត្តិឡើយ ។
- ជាអ្នកមានអធិការៈ គឺពោធិចិត្តដែលសន្សំមកហើយ ដល់ព្រមដោយគុណសម្បត្តិដូចពោលមក ហើយហ៊ានលះបង់សូម្បីជីវិតរបស់ខ្លួន ធ្វើឧបការៈដ៏ក្រៃលែងដើម្បីភាពជាព្រះពុទ្ធ ។
- ជាអ្នកមានឆន្ទៈយ៉ាងខ្លាំងក្លាមែនពិតៈ ជាអ្នកប្រាថ្នា និងមានឆន្ទៈដ៏លើសលុបចំពោះប្រយោជន៍ដល់ពុទ្ធការកធម៌ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ ។
កាលព្រះពោធិសត្វដល់ព្រម ដោយធម៌ទាំង៨នេះហើយ ទើបសមគួរដល់ការព្យាករនៃព្រះពុទ្ធទាំងឡាយ ។ ហេតុដូច្នេះ ទើបធម៌នេះមានឈ្មោះថា អដ្ឋសមោធាន គឺការប្រជុំរួមធម៌ទាំង៨ ។
ដើម្បីសម្រេចព្រមដោយអភិនីហារនៃធម៌ទាំង៨នេះ ព្រះពោធិសត្វត្រូវប្រកបដោយបច្ច័យ៤ ហេតុ៤ និងពលៈ៤ ជាខាងដើមសិន ទើបអាចសម្រេចប្រជុំរួមនូវអដ្ឋសមោធានធម៌ទាំង៨បាន ។ បច្ច័យ៤ ហេតុ៤ និងពលៈ៤ មានអត្ថន័យដូចតទៅនេះ ៖
បច្ច័យ៤
- ឃើញព្រះតថាគតៈ មហាបុរសក្នុងលោកនេះរមែងឃើញព្រះតថាគតទ្រង់សម្ដែងបាដិហារ្យដ៏ អស្ចារ្យជាពុទ្ធានុភាពដ៏ក្រៃលែងមិនធ្លាប់មាន ។ ចិត្តរបស់មហាបុរសនោះរមែងតាំងនៅក្នុងមហាពោធិសញ្ញាណ ធ្វើបាដិហារ្យនោះឲ្យជាអារម្មណ៍ ព្រោះអាស្រ័យព្រះដ៏មានព្រះភាគ មានធម៌ដ៏អស្ចារ្យមិនធ្លាប់មាន ។ ទ្រង់មានអានុភាពជាអចិន្តេយ្យយ៉ាងនេះ ព្រោះចាក់ធ្លុះធម្មធាតុណា ធម្មធាតុនោះមានអានុភាពច្រើនណាស់ហ្ន៎ ។ ព្រះមហាបុរសនោះបង្អោនចិត្តទៅក្នុងសម្ពោធិញ្ញាណ ធ្វើធម្មធាតុនោះឲ្យជាបច្ច័យ ។ អាស្រ័យការឃើញមហាអានុភាពនោះឯង រមែងតាំងចិត្តទុកក្នុងអភិនីហារនោះ ។ នេះជាបច្ច័យទី១នៃមហាភិនីហារ ។
- បានឮតមកថាព្រះតថាគតមានសភាពដូច្នេះ: មហាបុរសមិនឃើញព្រះតថាគតមានអានុភាពធំតាមដែលពោលមកហើយ តែឮថាព្រះមានព្រះភាគទ្រង់មានសភាពដូច្នេះ ។ មហាបុរសនោះបង្អោនចិត្តទៅក្នុងសម្ពោធិញ្ញាណ ធ្វើធម្មធាតុនោះឲ្យជាបច្ច័យ ។ អាស្រ័យព្រះដ៏មានព្រះភាគអង្គនោះរមែងតាំងចិត្តទុកក្នុងអភិនីហារ នោះ ។ នេះជាបច្ច័យទី២នៃមហាភិនីហារ ។
- បានស្ដាប់ធម៌ដែលប្រកបដោយពុទ្ធានុភាពៈ មហាបុរសមិនឃើញព្រះតថាគតមានអានុភាពធំតាមដែលពោលនោះហើយ ទាំងមិនបានឮមហាអានុភាពនោះអំពីអ្នកដទៃ ។ តែកាលព្រះតថាគតទ្រង់សម្ដែងធម៌ មហាបុរសរមែងស្ដាប់ធម៌បដិសំយុត្តដោយកម្លាំង១០ដូច្នេះ ។ មហាបុរសនោះរមែងបង្អោនចិត្តទៅក្នុងសម្ពោធិញ្ញាណធ្វើធម្មធាតុនោះ ឲ្យជាបច្ច័យ ។ អាស្រ័យពុទ្ធានុភាពនោះរមែងតាំងចិត្តទុកក្នុងអភិនីហារនោះ ។ នេះជាបច្ច័យទី៣នៃមហាភិនីហារ ។
- មានអធ្យាស្រ័យមហាសាលៈ មហាបុរសមិនឃើញព្រះតថាគតមានអានុភាពធំតាមដែលពោលនោះហើយទាំងមិន បានឮមហាអានុភាពនោះអំពីអ្នកដទៃ ។ ទាំងមិនបានស្ដាប់ធម៌របស់ព្រះតថាគត តែជាអ្នកមានអធ្យាស្រ័យមហាសាលមានការតាំងចិត្តស្អាតគិតថា យើងនឹងរក្សាវង្សព្រះពុទ្ធបែបផែនរបស់ព្រះពុទ្ធបវេណីរបស់ព្រះពុទ្ធ សភាវធម៌របស់ព្រះពុទ្ធ ហើយសក្ការៈគោរពរាប់អាន បូជាធម៌ ប្រព្រឹត្តធម៌ បង្អោនចិត្តទៅក្នុងសម្ពោធិញ្ញាណ ធ្វើធម្មធាតុនោះឲ្យជាបច្ច័យ អាស្រ័យធម៌នោះរមែងតាំងចិត្តទុកក្នុងអភិនីហារនោះ ។ នេះជាបច្ច័យទី៤នៃមហាភិនីហារ ។
ហេតុ៤យ៉ាង
- ជាអ្នកសម្បូរដោយឧបនិស្ស័យៈ មហាបុរសក្នុងលោកនេះតាមប្រក្រតីជាអ្នកសម្បូរដោយឧបនិស្ស័យ សន្សំអធិការក្នុងព្រះពុទ្ធទាំងឡាយក្នុងកាលមុន ។ នេះជាហេតុទី១នៃមហាភិនីហារ ។
- ជាអ្នកមានអធ្យាស្រ័យករុណាៈ មហាបុរសតាមប្រក្រតីជាអ្នកមានអធ្យាស្រ័យក្នុងករុណា បង្អោនចិត្តទៅក្នុងករុណា ប្រាថ្នានឹងនាំទុក្ខសត្វទាំងឡាយចេញទៅ ដោយហ៊ានលះបង់កាយ និងជិវិតរបស់ខ្លួន ។ នេះជាហេតុទី២នៃមហាភិនីហារ ។
- ជាអ្នកមានព្យាយាមមិនញាប់ញ័រៈ មហាបុរសព្យាយាមមិនងាករេចាកវដ្ដទុក្ខ សូម្បីធ្វើនូវកម្មដែលគេធ្វើបានដោយកម្រដើម្បីជាប្រយោជន៍ដល់ សត្វលោករហូតអស់កាលដ៏យូរ មិនញាប់ញ័ររហូតសម្រេចប្រយោជន៍ជាទីប្រាថ្នា ។ នេះជាហេតុទី៣នៃមហាភិនីហារ ។
- ជាអ្នកអាស្រ័យកល្យាណមិត្តៈ មហាបុរសជាអ្នកមានអធ្យាស្រ័យក្នុងកល្យាណមិត្តជាអ្នកហាមចាកវត្ថុ មិនជាប្រយោជន៍ឲ្យតាំងនៅក្នុងវត្ថុជាប្រយោជន៍ ។ នេះជាហេតុទី៤នៃមហាភិនីហារ ។
ពលៈ៤យ៉ាង
- កម្លាំងខាងក្នុងៈ បានដល់សេចក្ដីពេញចិត្តដោយគោរពក្នុងធម៌អាស្រ័យខ្លួនក្នុងសម្មា សម្ពោធិញ្ញាណ ។ មហាបុរសមានខ្លួនជាធំ មានការខ្មាសជាទីពឹងអាស្រ័យ និងព្រមដោយអភិនីហារបំពេញបារមី ហើយចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
- កម្លាំងខាងក្រៅៈ បានដល់សេចក្ដីពេញចិត្តអាស្រ័យអ្នកដទៃក្នុងសម្មាសម្ពោ ធិញ្ញាណ ។ មហាបុរសមានលោកជាធំ មានការរាប់អានជាទីពឹងអាស្រ័យ និងដល់ព្រមដោយអភិនីហារបំពេញបារមីហើយចាក់ធ្លុះនូវ សម្មាសម្ពោធិញ្ញាណ ។
- កម្លាំងឧបនិស្ស័យៈ បានដល់សេចក្ដីពេញចិត្តដោយឧបនិស្សយសម្បត្តិក្នុងសម្មាសម្ពោ ធិញ្ញាណ ។ មហាបុរសមានឥន្ទ្រិយកម្រិតខ្ពស់ ឈ្លាស អាស្រ័យសតិដល់ព្រមដោយអភិនីហារបំពេញបារមី ហើយចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
- កម្លាំងសេចក្ដីព្យាយាមៈ បានដល់ការព្រមដោយសេចក្ដីព្យាយាម ភាពជាអ្នកធ្វើដោយក្ដីគោរព ភាពជាអ្នកធ្វើតៗគ្នាដែលកើតអំពីសេចក្ដីព្យាយាមនោះក្នុងសម្មា សម្ពោធិញ្ញាណ ។ មហាបុរសមានសេចក្ដីព្យាយាមតាមលំដាប់ និងដល់ព្រមដោយអភិនីហារបំពេញបារមី ហើយចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
នេះជាបច្ច័យ ហេតុ និងពលៈ ដែលនាំឲ្យព្រះពោធិសត្វសម្រេចធម៌អដ្ឋសមោធានទាំង៨នេះបាន ។
ព្រះពោធិសត្វដែលប្រកបដោយធម៌ទាំង៨នេះ ក្នុងពេលជួបព្រះសម្មាសម្ពុទ្ធអង្គណាមួយ ហើយបានទទួលព្យាករណ៍ពីព្រះពុទ្ធអង្គនោះរួចហើយ ក៏មានឈ្មោះថា និយតពោធិសត្វ ឬ មហាពោធិសត្វ ចាប់ពីពេលនោះមក ។
ព្រះពោធិសត្វមាន៣ប្រភេទដូចលោកចងជាគាថាព័ន្ធថា ៖
ព្រះពោធិសត្វ ឧគ្ឃដិតញ្ញូ មាននាមថា បញ្ញាធិក
ព្រះពោធិសត្វ វិបច្ចិតញ្ញូ មាននាមថា សទ្ធាធិក
ព្រះពោធិសត្វ នេយ្យៈ មាននាមថា វិរិយាធិក
ព្រះពោធិសត្វទាំង៣ប្រភេទ ដូចពោលមកនេះ មានន័យដូចតទៅ ៖
ឧគ្ឃដិតញ្ញូពោធិសត្វ គឺជាព្រះពោធិសត្វដែលសាងបារមីក្រាស់ដោយបញ្ញា ។ បន្ទាប់ពីបានព្យាករពីព្រះពុទ្ធអង្គណាមួយមុនគេមក ព្រះពោធិសត្វប្រភេទនេះ ត្រូវបំពេញបារមីបន្ថែមចំនួន៤អសង្ខេយ្យ ១សែនកប្ប ទើបបានចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
វិបច្ចិតញ្ញូពោធិសត្វ គឺជាព្រះពោធិសត្វដែលសាងបារមីក្រាស់ដោយសទ្ធា ។ បន្ទាប់ពីបានព្យាករពីព្រះពុទ្ធអង្គណាមួយមុនគេមក ព្រះពោធិសត្វប្រភេទនេះត្រូវបំពេញបារមីបន្ថែមចំនួន៨អសង្ខេយ្យ ១សែនកប្ប ទើបបានចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
នេយ្យពោធិសត្វ គឺជាព្រះពោធិសត្វដែលសាងបារមីក្រាស់ដោយវិរិយៈ ។ បន្ទាប់ពីបានព្យាករពីព្រះពុទ្ធអង្គណាមួយមុនគេមក ព្រះពោធិសត្វប្រភេទនេះត្រូវបំពេញបារមីបន្ថែមចំនួន១៦អសង្ខេយ្យ ១សែនកប្ប ទើបបានចាក់ធ្លុះនូវសម្មាសម្ពោធិញ្ញាណ ។
ម្យ៉ាងទៀតគម្ពីរមនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ឯកនិបាត បានបញ្ជាក់ថា ៖
ព្រះពុទ្ធទ្រង់មាន សព្វញ្ញុតញ្ញាណត្រាស់ដឹង ព្រោះទ្រង់បំពេញនូវបារមីទាំឡាយអស់៤អសង្ខេយ្យ ១សែនកប្បខ្លះ ៨អសង្ខេយ្យ ១សែនកប្បខ្លះ ១៦អសង្ខេយ្យ ១សែនកប្បខ្លះ ហើយទ្រង់ញាំញីនូវមារ ទើបមានព្រះនាមថា សព្វញ្ញុពុទ្ធ ។
អដ្ឋកថាចារ្យបញ្ជាក់ក្នុងបរមត្ថទីបនី ចរិយាបិដកថា ៖
ព្រះពោធិសត្វថ្នាក់ទាប បំផុត លោកត្រូវបំពេញបារមីមានចំនួន៤អសង្ខេយ្យ ១សែនមហាកប្ប ថ្នាក់កណ្ដាល លោកត្រូវបំពេញបារមីមានចំនួន៨អសង្ខេយ្យ ១សែនមហាកប្ប ថ្នាក់ខ្ពស់ លោកត្រូវបំពេញបារមីមានចំនួន១៦អសង្ខេយ្យ និង១សែនមហាកប្ប ។
ព្រះពោធិសត្វមានការបំពេញបារមីខុសគ្នាយ៉ាងនេះ ។
ហេតុដូចម្ដេចបានជាព្រះពោធិសត្វលោកបំពេញ
បារមីធម៌ខុសកាលគ្នាយ៉ាងនេះ ?
នៅក្នុងសេចក្ដីនេះ លោកបញ្ជាក់ក្នុងអដ្ឋកថាថា ៖
ធម្មតាបុគ្គលទាំងឡាយដែល បានឈ្មោះថាជា និយតពោធិសត្វ ត្រូវប្រជុំរួមប្រកបដោយធម៌ទាំង៨ក្នុងពេលជួបព្រះសម្មាសម្ពុទ្ធ អង្គណាមួយផ្ទាល់ ។ ក្នុងធម៌ទាំង៨នោះមានធម៌ទី៣គឺ ហេតុ សំដៅដល់បុគ្គលដែលមានឧបនិស្ស័យក្នុងអរហត្តផល «ភាពជាព្រះអរហន្ត» ក្នុងអត្តភាពនោះបាន ។
សមដូចក្នុងគម្ពីរបរមត្ថជោតិកា អដ្ឋកថា សុត្តនិបាត បានបញ្ជាក់ថា ៖
ឧបនិស្សយសម្បត្តិនៃអរហត្ត ឈ្មោះថា ហេតុ ។ មែនពិតបុគ្គលណាមួយមានការព្យាយាមអាចចាក់ធ្លុះនូវព្រះអរហត្ត ក្នុងអត្តភាពនោះឯង សេចក្ដីតាំងប្រាថ្នានូវពុទ្ធភូមិ តែងសម្រេចដល់បុគ្គលអ្នកដល់ព្រមដោយហេតុគឺអរហត្តនោះមិនសម្រេច ដល់បុគ្គលដទៃដែលមិនមានហេតុនោះឡើយ ។
តាមធម្មនិយាមនៃព្រះធម៌ បុគ្គលដែលត្រូវសម្រេចជាព្រះអរហន្ត៣ពួកគឺ ឧគ្ឃដិតញ្ញូបុគ្គល១ វិបច្ចិតញ្ញូបុគ្គល១ នេយ្យបុគ្គល១ ។ ប្រសិនបើក្នុងអត្តភាពនោះ ព្រះពោធិសត្វជាឧគ្ឃដិតញ្ញូបុគ្គល លោកស្ដាប់ព្រះធម៌ចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធអង្គណាមួយប្រកបដោយ គាថា៤បទនៅមិនទាន់ចប់បទគាថាទី៣ លោកអាចសម្រេចជាព្រះអរហន្ត មួយអន្លើដោយអភិញ្ញា៦ បដិសម្ភិទា៤ ប្រសិនបើមានបំណងជាសាវកពោធិញ្ញាណ ។ តែលោកមិនបង្អោនទៅក្នុងសាវកពោធិញ្ញាណបែរត្រលប់មានបំណងក្នុងការ សម្រេចជាសម្មាសម្ពោធិញ្ញាណវិញ ។ ព្រោះហេតុនោះ ពោធិសត្វ អង្គនោះឈ្មោះថា ឧគ្ឃដិតញ្ញូពោធិសត្វត្រូវបំពេញពុទ្ធការកធម៌ត្រឹមចំនួន៤អសង្ខេយ្យ ១សែនកប្បនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។
ប្រសិនបើក្នុងអត្តភាពនោះ ព្រះពោធិសត្វជាវិបច្ចិតញ្ញូបុគ្គល លោកស្ដាប់ព្រះធម៌ចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធអង្គណាមួយប្រកបដោយ គាថា៤បទនៅមិនទាន់ចប់បទគាថាទី៤ លោកអាចសម្រេចជាព្រះអរហន្តមួយអន្លើដោយអភិញ្ញា៦ បដិសម្ភិទា៤ ប្រសិនបើមានបំណងជាសាវកពោធិញ្ញាណ ។ តែលោកមិនបង្អោនទៅក្នុងសាវកពោធិញ្ញាណបែរត្រលប់មានបំណងក្នុងការ សម្រេចជាសម្មាសម្ពោធិញ្ញាណវិញ ។ ព្រោះហេតុនោះ ពោធិសត្វ អង្គនោះឈ្មោះថា វិបច្ចិតញ្ញូពោធិសត្វត្រូវបំពេញពុទ្ធការកធម៌ត្រឹមចំនួន៨អសង្ខេយ្យ ១សែនកប្បនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។
ប្រសិនបើក្នុងអត្តភាពនោះ ព្រះពោធិសត្វជានេយ្យបុគ្គល លោកស្ដាប់ព្រះធម៌ចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធអង្គណាមួយប្រកបដោយ គាថា៤បទ លុះត្រាតែចប់បទគាថាទី៤ លោកអាចសម្រេចជាព្រះអរហន្តមួយអន្លើដោយអភិញ្ញា៦ បដិសម្ភិទា៤ ប្រសិនបើមានបំណងជាសាវកពោធិញ្ញាណ ។ តែលោកមិនបង្អោនទៅក្នុងសាវកពោធិញ្ញាណ បែរត្រលប់មានបំណងក្នុងការសម្រេចជាសម្មាសម្ពោធិញ្ញាណវិញ ។ ព្រោះហេតុនោះ ពោធិសត្វអង្គនោះឈ្មោះថា នេយ្យពោធិសត្វ ត្រូវបំពេញពុទ្ធការកធម៌ត្រឹមចំនួន១៦អសង្ខេយ្យ ១សែនកប្បនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។
ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង
✍️ចងក្រងដោយ៖ ឈូកខ្មែរ
