៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត

ជំពូក៣. ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត​បំពេញ​ពុទ្ធការកធម៌


ព្រះសម្មាសម្ពុទ្ធ​សមណគោតម​បាន​បំពេញ​បារមី​ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ត្រូវ​ប្រើ​ពេល​វេលា​សរុប​ទាំង​អស់​២០​អសង្ខេយ្យ និង​១​សែន​កប្ប​ដែល​ចែក​ជា​វគ្គ​ធំ​បី ដូច​ខាងក្រោម ៖

ក. សុមេធ​បណ្ឌិត​ពោធិសត្វ

​បំពេញ​បារមី​ធម៌​១៦​អសង្ខេយ្យ​ជា​អនិយត​ពោធិសត្វ

ព្រះពោធិសត្វ​មាន​មនោបណិធាន​កើត​ឡើង​ប្រាថ្នា​ភាព​ជា ​ព្រះពុទ្ធ (គឹ​សេចក្ដី​ប្រាថ្នា​តែ​ក្នុង​ចិត្ត) ចំនួន​៧​អសង្ខេយ្យ បញ្ចេញ​វាចា​ប្រាថ្នា​ជា​ព្រះសម្មាសម្ពុទ្ធ​៩​អសង្ខេយ្យ ។ នៅ​ក្នុង​១៦​អសង្ខេយ្យ​នេះ ព្រះពោធិសត្វ​នៅ​មាន​លក្ខណៈ​ជា​អនិយត​ពោធិសត្វ គឺ​មិន​ទាន់​ទៀង​ប្រាកដ​ថា ត្រូវ​តែ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​នៅ​ឡើយ​ទេ ។

១. មនោបណិធាន

ព្រះពោធិសត្វ​ប្រាថ្នា​ជា​ព្រះពុទ្ធ​ក្នុង​ចិត្ត​អស់​រយៈពេល​៧​អសង្ខេយ្យ ។ ចំនួន​៧​អសង្ខេយ្យ​នោះ​មាន នន្ទ​អសង្ខេយ្យ​១ សុនន្ទ​អសង្ខេយ្យ​១ បឋវី​អសង្ខេយ្យ​១ មណ្ឌល​អសង្ខេយ្យ​១ ធរណិ​អសង្ខេយ្យ​១ សាគរ​អសង្ខេយ្យ​១ និង​បុណ្ឌរិក​អសង្ខេយ្យ​១ ។

ក្នុង​នន្ទ​អសង្ខេយ្យ​នោះ​មាន​កប្ប​មួយ​ឈ្មោះ​ថា សារកប្ប មាន​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ព្រហ្មទេវៈ ទ្រង់​ឧប្បត្តិ​ឡើង​ក្នុង​លោក ។ ក្នុង​នោះ​ព្រះពោធិសត្វ​បាន​យោន​យក​កំណើត​ជា​ព្រះចៅ​ផែនដី​មាន​ព្រះនាម​ថា អតិទេវៈ ហើយ​បាន​បំពេញ​កុសល​ធម៌​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​មាន​មនោបណិធាន គឺ​មាន​សេចក្ដី​ប្រាថ្នា​តែ​ក្នុង​ចិត្ត​សូម​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ សម្មាសម្ពុទ្ធ​មួយ​អង្គ​ក្នុង​លោក ។ ក្នុង​អសង្ខេយ្យ​នីមួយៗ​មាន​ចំនួន​ព្រះពុទ្ធ​ត្រាស់​ដឹង​ខុស​គ្នា​គឺ ៖

  1. នន្ទ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៤៩.០០០ ព្រះអង្គ
  2. សនន្ទ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៩.០០០ ព្រះអង្គ
  3. បឋវី​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ១០.០០០ ព្រះអង្គ
  4. មណ្ឌ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ១១.០០០ ព្រះអង្គ
  5. ធរណិ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ២០.០០០ ព្រះអង្គ
  6. សាគរ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៣០.០០០ ព្រះអង្គ
  7. បុណ្ឌរិក​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ៤០.០០០ ព្រះអង្គ ។

សរុប​សេចក្ដី​ក្នុង​៧​អសង្ខេយ្យ​នេះ ព្រះពោធិសត្វ​បាន​ធ្វើ​មនោបណិធាន​ចំពោះ​ព្រះពុទ្ធអង្គ​ចំនួន ១៦៩.០០០ ព្រះអង្គ ។

២. វចីបណិធាន

ព្រះពោធិសត្វ​បញ្ចេញ​វាចា​ប្រាថ្នា​ជា​ព្រះពុទ្ធ​៩​អសង្ខេយ្យ​គឺ សព្វភទ្រ ​អសង្ខេយ្យ​១ សព្វផុល្ល​អសង្ខេយ្យ​១ រតន​អសង្ខេយ្យ​១ ឧសភខន្ធក​អសង្ខេយ្យ​១ មានិភទ្រ​អសង្ខេយ្យ​១ បទុម​អសង្ខេយ្យ​១ ឧសភ​អសង្ខេយ្យ​១ ខន្ធុត្ដម​អសង្ខេយ្យ​១ សព្វផាល​អសង្ខេយ្យ​១ ។

ក្នុង​សព្វភទ្រ​អសង្ខេយ្យ ព្រះពោធិសត្វ​កើត​ក្នុង​រាជត្រកូល​នគរ​ធញ្ញវតី ក្នុង​កប្ប​ឈ្មោះ សារមណ្ឌកប្ប បាន​ថ្វាយ​បង្គំ​ព្រះពុទ្ធ​ចំនួន​៤​ព្រះអង្គ ។ ក្នុង​កប្ប​បន្ទាប់​មក​ព្រះពោធិសត្វ​បាន​កើត​ជា​ស្ដេច​ចក្រពត្តិ បាន​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម បុរាណសក្យមុនី ដែល​ទ្រង់​បាន​ឧប្បត្តិ​ក្នុង​លោក ។ ព្រះពោធិសត្វ​ក៏​បាន​បញ្ចេញ​វាចា​ប្រាថ្នា​នូវ​ភាព​ជា​ព្រះពុទ្ធ​ក្នុង​ សំណាក់​ព្រះសម្មាសម្ពុទ្ធ​បុរាណសក្យមុនី​នោះ​មុន​ដំបូង​បង្អស់ ។

  1. ក្នុង​សព្វភទ្រ​អសង្ខេយ្យ​នោះ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៤៩.០០០ ព្រះអង្គ
  2. ក្នុង​សព្ជផុល្ល​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៦០.០០០ ព្រះអង្គ
  3. ក្នុង​រតន​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៧.០០០ ព្រះអង្គ
  4. ក្នុង​ឧសភខន្ធក​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៨០.០០០ ព្រះអង្គ
  5. ក្នុង​មានិភទ្រ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៩០.០០០ ព្រះអង្គ
  6. ក្នុង​បទុប​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ២០.០០០ ព្រះអង្គ
  7. ក្នុង​ឧសភ​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ១០.០០០ ព្រះអង្គ
  8. ក្នុង​សន្ធុត្ដម​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ៥.០០០ ព្រះអង្គ
  9. ក្នុង​សព្វផាល​អសង្ខេយ្យ មាន​ព្រះពុទ្ធ​ឧប្បត្តិ​ក្នុង​លោក ២.០០០ ព្រះអង្គ ។

ព្រះពោធិសត្វ​បាន​បញ្ចេញ​វាចា​ប្រាថ្នា​ សូម​ឲ្យ​ខ្លួន​បាន​ត្រាស់​ជា​ព្រះបុទ្ធ​ក្នុង​សំណាក់​ព្រះពុទ្ធ​ចំនួន ៣២៣.០០០ ព្រះអង្គ (រាប់​ទាំង​ព្រះពុទ្ធ​តណ្ហង្ករ​១ ព្រះពុទ្ធ​មេធង្ករ​១ ព្រះពុទ្ធ​សរណង្ករ​ផង) ។

សរុប​ព្រះពោធិសត្វ​ស្ថិត​នៅ​ជា​អនិយត​ ពោធិសត្វ​ត្រូវ​បាន​ថ្វាយ​បង្គំ និង​បំពេញ​អធិការ​យ៉ាង​ច្រើន​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ​មាន​ចំនួន ៤៩២.០០០ ព្រះអង្គ ។

ព្រះពោធិសត្វ​បាន​បំពេញ​អធិការ គឺ​ការ​សាង​បរាមី​ជា​ឧបនិស្សយ​សម្បត្តិ​ចំនួន​១៦​អសង្ខេយ្យ​ដោយ​ប្រការ​ដូច្នេះ ។

កាល​សព្វផាល​អសង្ខេយ្យ​កន្លង​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ហៅ​ថា សេល​អសង្ខេយ្យ ។ ក្នុង​សេល​អសង្ខេយ្យ​នោះ មាន​កប្ប​មួយ​ឈ្មោះ​ថា សារមណ្ឌកប្ប មាន​ព្រះពុទ្ធ​៤​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​គឺ ព្រះពុទ្ធ​តណ្ហង្ករ​១ ព្រះពុទ្ធ​មេធង្ករ​១ ព្រះពុទ្ធ​សរណង្ករ​១ និង​ព្រះពុទ្ធ​ទីបង្ករ​១ ។ ព្រះពោធិសត្វ​បាន​ថ្វាយ​បង្គំ និង​បំពេញ​អធិការ​ក្នុង​ព្រះពុទ្ធ​៣​អង្គ​ខាង​ដើម​ដែរ តែ​មិន​ទាន់​បាន​ទទួល​ការ​ព្យាករ ព្រោះ​អដ្ឋសមោធាន​នៅ​មិន​ទាន់​គ្រប់គ្រាន់ ។

ក្នុង​កាល​ព្រះពុទ្ធ​ទី​៤​ព្រះនាម​ទីបង្ករ ទ្រង់​ឧប្បត្តិ​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​សុមេធបណ្ឌិត​ ប្រកប​ដោយ​អដ្ឋសមោធាន​ធម៌​ពេញ​បរិបូណ៌​ក៏​បាន​ទទួល​ការ​ព្យាករ​ពី​ ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ​ក្នុង​ភាព​នៃ​បុគ្គល​ជា​និយត​ពោធិសត្វ គឺ​ព្រះមហាពោធិសត្វ​ដែល​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​លើ​លោក​ពិត​ ប្រាកដ ។

៣. កាយវចី​មនោបណិធាន

បន្ទាប់​ពី​ទទួ​បាន​ការ​ព្យាករ​មក ព្រះពោធិសត្វ​ត្រូវ​បំពេញ​ពុទ្ធការកធម៌​ចំនួន​៤​អសង្ខេយ្យ​ ១​សែន​កប្ប​ទៀត (ព្រះពោធិសត្វ​ដែល​ជា​និយត​ពោធិសត្វ​ក្នុង​ករណី​នេះ​សំដៅ​លើ​តែ​ព្រះមហា​ធោធិសត្វ​ដែល​សាង​បារមី​ជា​ព្រះពុទ្ធ​សមណគោតម) ។

ខ. ព្រះពោធិសត្វ​បាន​បំពេញ​បារមី​៤​អសង្ខេយ្យ​ជា​និយត​ពោធិសត្វ

បួន​អសង្ខេយ្យ​នេះ​មានៈ សេល​អសង្ខេយ្យ​១ ភាស​អសង្ខេយ្យ​១ ជយ​អសង្ខេយ្យ​១ រុចិ​អសង្ខេយ្យ​១ ។

ក្នុង​សេល​អសង្ខេយ្យ​នេះ​ឯង សុមេធបណ្ឌិត​បាន​ទទួល​ព្យាករណ៍​ពី​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​ ទីបង្ករ ។ ក្នុង​កាល​ផុត​សេល​អសង្ខេយ្យ​ហើយ មាន​កប្ប​មួយ​ឈ្មោះ សារកប្ប មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ទ្រង់​ឧប្បត្តិ​ក្នុង​លោក​គឺ​ព្រះពុទ្ធ​កោណ្ឌញ្ញៈ ។ កាល​នោះ​ ព្រះពោធិសត្វ​យោន​កំណើត​ជា​ស្ដេច​ចក្រពត្តិ​មាន​នាម​ថា វិជិតាវី ក្នុង​នគរ​ចន្ទវតី ទ្រង់​បាន​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​កោណ្ឌញ្ញៈ​ជា​ប្រធាន ។ ព្រះពុទ្ធ​អង្គ​នោះ​ទ្រង់​ព្យាករ​ជា​លើក​ទី​២ 

កាល​កន្លង​ផុត​នូវ​សេល​អសង្ខេយ្យ​ហើយ មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ​ថា ភាស​អសង្ចេយ្យ ។ ក្នុង​ភាស​អសង្ខេយ្យ​នោះ​កន្លង​ផុត​ទៅ មក​ដល់​កប្ប​មួយ​ឈ្មោះ​ថា សារមណ្ឌកប្ប​ មាន​ព្រះពុទ្ធ​៤​ព្រះអង្គ​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​មង្គលៈ​១ ព្រះពុទ្ធ​សុមនៈ​១ ព្រះពុទ្ធ​រេវតៈ​១ ព្រះពុទ្ធ​សោភិតៈ​១ ។

កាល​ព្រះសម្មាសម្ពុទ្ធ​មង្គលៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ សុរុចិ បាន​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​មង្គលៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ព្យាករណ៍​ជា​លើក​ទី​៣ ។

កាល​ព្រះសម្មាសម្ពុទ្ធ​សុមនៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​នាគ​មួយ​ឈ្មោះ អតុលៈ បាន​ថ្វាយ​ទាន និង​សក្ការៈ​យ៉ាង​ធំ​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​សុមនៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ព្យាករណ៍​លើក​ទី​៤ 

កាល​ព្រះសម្មាសម្ពុទ្ធ​រេវតៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ អតិទេវៈ បាន​ថ្វាយ​ចីវរទាន​ចំពោះ​ព្រះពុទ្ធ​រេវតៈ ហើយ​បាន​ទទួល​ព្យាករ​លើក​ទី​៥ 

កាល​ព្រះសម្មាសម្ពុទ្ធ​សោភិតៈ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ សជាតៈ បាន​ថ្វាយ​មហាទាន​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​សោភិតៈ​ជា​ប្រធាន ហើយ​បាន​ទទួល​ការ​ព្យាករ​លើក​ទី​៦ ។

កាល​សារមណ្ឌកប្ប​ផុត​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ​ថា ជយ​អសង្ខេយ្យ ជា​សុញ្ញ​អសង្ខេយ្យ មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ក្នុង​លោក ។ កាល​សុញ្ញ​អសង្ខេយ្យ​នោះ​កន្លង​ផុត​ហើយ មក​ដល់​កប្ប​មួយ​ឈ្មោះ​ថា វរកប្ប​ មាន​ព្រះពុទ្ធ​៣​ព្រះអង្គ​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​អនោមទស្សី​១ ព្រះពុទ្ធ​បទុមៈ​១ ព្រះពុទ្ធ​នារទៈ​១ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​អនោមទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា យក្ខ មាន​តំណែង​ជា​សេនាបតី បាន​និម្មិត​មណ្ឌប​យ៉ាង​ស្អាត​វិចិត្រ​ថ្វាយ​មហា​ទាន​ចំពោះ​ព្រះភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ព្រះពុទ្ធ​អនោមទស្សី​ទ្រង់​ក៏​ព្យាករ​លើក​ទី​៧ 

ក្នុង​សម័យ​ព្រះពុទ្ធ​បទុមៈ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ រាជសីហ៍ ឃើញ​ព្រះពុទ្ធ​បទុមៈ​អង្គ​នោះ ទ្រង់​ចូល​និរោធសមាបត្តិ​ក្នុង​ព្រៃ​៧​ថ្ងៃ ហើយ​ក៏​នមស្ការ​ធ្វើ​ប្រទក្សិណ ទើប​បន្លឺ​សីហនាទ​៣​ដង ក៏​ចៀស​ចេញ​ទៅ ។ ព្រះពុទ្ធ​បទុមៈ ទ្រង់​ព្យាករ​លើក​ទី​៨ ។

ក្នុង​សម័យ​ព្រះពុទ្ធ​នារទៈ ព្រះពោធិសត្វ​បួស​ជា​ឥសី បាន​ថ្វាយ​មហា​ទាន និង​បូជា​ដោយ​ខ្លឹមចន្ទន៍​ចំពោះ​ព្រះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​នារទៈ ទ្រង់​ក៏​ព្យាករ​លើក​ទី​៩ 

កាល​វរកប្ប​កន្លង​ផុត​ទៅ ក៏​មក​ដល់​អសង្ខេយ្យ​មួយ​ទៀត​ឈ្មោះ រុចិ​អសង្ខេយ្យ ជា​សុញ្ញ​អសង្ខេយ្យ​ដែរ មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ឡើយ ។

គ. ព្រះពោធិសត្វ​បំពេញ​បារមី​១​សែន​កប្ប​ជា​និយត​ពោធិសត្វ

កាល​ខាង​ដើម​១​សែន​កប្ប​នោះ មាន​កប្ប​មួយ​ឈ្មោះ​ថា សារកប្ប មាន​ព្រះពុទ្ធ​១​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​គឺ ព្រះពុទ្ធ​បទុមុត្តរៈ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បទុមុត្តរៈ ព្រះពោធិសត្វ​មាន​ឈ្មោះ​ថា ជដិលៈ បាន​ថ្វាយ​មហាទាន​ មាន​សំពត់​ចីវរ និង​ភត្តាហារ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​បទុមុត្តរៈ ទ្រង់​ព្យាករ​លើក​ទី​១០ ។

កាល​ត​មក ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឧប្បត្តិ​ឡើង​ក្នុង​លោក​មាន​ចំនួន ៦៩.០០០ ព្រះអង្គ (ព្រះពោធិសត្វ​មិន​បាន​ទទួល​ការ​ព្យាករណ៍​ពី​ព្រះពុទ្ធ ៦៩.០០០ អង្គ​នេះ​ទេ) ។ តមក​ទៀត ចូល​មក​ខាង​ដើម ៣០.០០០​កប្ប ។ ក្នុង​មណ្ឌកប្ប មាន​ព្រះពុទ្ធ​ទ្រង់​ឧប្បត្តិ​ឡើង​២​ព្រះអង្គ​គឺ ព្រះពុទ្ធ​សុមេធ​១ ព្រះបុទ្ធ​សុជាតៈ​១ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សុមេធៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​មាណព​ឈ្មោះ ឧត្ដរៈ បរិច្ចាគ​ទ្រព្យ​៨០​កោដិ​កហាបណៈ​ថ្វាយ​មហាទាន​ចំពោះ​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​សុមេធៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១១ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សជាតៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​ស្ដេច​ចក្រពត្តិ លោក​បាន​ថ្វាយ​រាជសម្បត្តិ​ទាំង​៤​ទ្វីប និង​រតនៈ​៧​ប្រការ​ចំពោះ​ព្រះភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​ចេញ​បព្វជ្ជា ។ ព្រះពុទ្ធ​សុជាតៈ ទ្រង់​ត្រាស់​ព្យាករ​ថា បព្វជិត​ចក្រពត្តិ​នេះ​នឹង​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​បន្ទាប់​ពី​នេះ ៣០.០០០​កប្ប​ទៀត ។ ព្រះពុទ្ធ​សុជាតៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១២ 

បន្ទាប់​ពី​មណ្ឌកប្ប​នោះ​ទៅ មក​ដល់​ខាង​ដើម​១.៨០០​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ វរកប្ប មាន​ព្រះពុទ្ធ​៣​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​គឺ ព្រះពុទ្ធ​បិយទស្សី​១ ព្រះពុទ្ធ​អត្ថទស្សី​១ ព្រះពុទ្ធ​ធម្មទស្សី​១ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បិយទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា​ព្រាហ្មណ៍​ឈ្មោះ កស្សបៈ បាន​កសាង​អារាម​មួយ អស់​ទឹក​ប្រាក់ ១០០.០០០​កោដិ​កហាបណៈ​ថ្វាយ​ចំពោះ​ពញរះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ ប្រធាន ។ ព្រះពុទ្ធ​បិយទស្សី ទ្រង់​ព្យាករ​ថា ព្រាហ្មណ៍​កស្សបៈ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​បន្ទាប់​ពី ​នេះ ១.៨០០​កប្ប​ទៀត ។ ព្រះពុទ្ធ​បិយទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៣ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​អត្ថទស្សី ព្រះពោធិសត្វ​យោន​កំណើត​ជា សុសិមជដិល បាន​នាំ​ផ្កា​ទិព្វ​ពី​ស្ថានសួគ៌ ផ្កា​មន្ទារវបុស្ស ផ្កា​បទុម និង​ផ្កា​បារិច្ឆត្តកព្រឹក្ស បូជា​ចំពោះ​ព្រះសម្មាសម្ពុទ្ធ ។ ព្រះពុទ្ធ​អត្ថទស្សី​ទ្រង់​ព្យាករ​ថា ជដិល​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​អនាគត​កាល​បន្ទាប់​ពី ​នេះ ១.៨០០​កប្ប ។ ព្រះពុទ្ធ​អត្ថទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៤ 

ក្នុង​សម័យកាល​ព្រះពុទ្ធ​ធម្មទស្សី ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ព្រះឥន្ទ បាន​បូជា​ព្រះសម្មាសម្ពុទ្ធ​ធម្មទស្សី​ដោយ​គ្រឿង​សក្ការៈ​យ៉ាង​ច្រើន ។ ព្រះពុទ្ធ​ធម្មទស្សី ទ្រង់​ព្យាករ​ថា ស្ដេច​សក្កទេវរាជ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ ១.៨០០​កប្ប​ទៀត ។ ព្រះពុទ្ធ​ធម្មទស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៥ ។

កាល​វរកប្ប​នោះ​កន្លង​ទៅ​ហើយ ក៏​ឈាន​ចូល​មក​ខាង​ដើម​នៃ​៩៤​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ សារកប្ប ។ ក្នុង​សារកប្ប​នោះ មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​សិទ្ធត្ថៈ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​សិទ្ធត្ថៈ ព្រះពោធិសត្វ​បួស​ជា​តាបស​មាន​ឈ្មោះ​ថា មង្គលៈ បាន​ថ្វាយ​ផ្លែ​ព្រីង​ចំពោះ​ព្រះពុទ្ធ​អង្គ ។ ព្រះសិទ្ធត្ថៈ ទ្រង់​ព្យាករ​ថា បន្ទាប់​ពី​នេះ​៩៤​កប្ប​ទៀត តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ព្រះនាម​ថា ព្រះពុទ្ធ​គោតម ។ ព្រះពុទ្ធ​សិទ្ធត្ថៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៦ 

ក្នុង​កាល​ត​មក មាន​កប្ប​មួយ​ជា​សុញ្ញកប្ប គឺ​កប្ប​សូន្យ​ដែល​ពុំ​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង ។ បន្ទាប់​ពី​សុញ្ញកាស​កប្ប​នោះ ឈាន​ចូល​មក​ខាង​ដើម​៩២​កប្ប មាន​កប្ប​មួយ​ឈ្មោះ មណ្ឌកប្ប មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​២​ព្រះអង្គ​គឺ ព្រះពុទ្ធ​តិស្សៈ​១ ព្រះពុទ្ធ​បុស្សៈ​១ (ច្បាប់​ខ្លះ​ថា ផុស្សៈ ក៏​មាន) ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​តិស្សៈ ព្រះពោធិសត្វ​ជា​ក្សត្រ​ទ្រង់​នាម សុជាតៈ ទ្រង់ ​លះ​បង់​រាជសម្បត្តិ បួស​ជា​តាបស បាន​នាំ​ផ្កា​ទិព្វ​មក​បូជា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ ។ ព្រះពុទ្ធ​តិស្សៈ ទ្រង់​ព្យាករ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​នាម​ថា សមណគោតម​បន្ទាប់​ពី​នេះ​ទៅ​៩២​កប្ប ។ ព្រះពុទ្ធ​តិស្សៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៧ 

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​បុស្សៈ ព្រះពោធិសត្វ​យោន​កំណើត​ជា​ក្សត្រ​នាម វិជិតាវី បាន​លះបង់​រាជសម្បត្តិ ហើយ​ចេញ​បព្វជ្ជា ។ ព្រះពុទ្ធ​បុស្សៈ​ទ្រង់​ព្យាករ​ថា បព្វជិត​រូប​នេះ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៩២​កប្ប​ ទៀត ។ ព្រះពុទ្ធ​បុស្សៈ ទ្រង់​ព្យាករ​ជា​លើក​ទី​១៨ 

កាល​កន្លង​មណ្ឌកប្ប​នោះ​ទៅ ឈាន​ចូល​មក​ខាង​ដើម​នៃ​៩១​កប្ប មាន​កប្ប​មួយ​ឈ្មោះ សារកប្ប ។ ក្នុង​សារកប្ប​នោះ មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​វិបស្សី ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​នាគ​មួយ​មាន​ឈ្មោះ​ថា អតុលៈ បាន​បូជា​ដល់​ព្រះដ៏​មាន​ព្រះភាគ​នូវ​តូរ្យតន្ត្រី​ទិព្វ ។ ព្រះពុទ្ធ​វិបស្សី ទ្រង់​ព្យាករ​ថា នាគ​នេះ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៩១​កប្ប​ ទៀត ។ ព្រះពុទ្ធ​វិបស្សី ទ្រង់​ព្យាករ​ជា​លើក​ទី​១៩ 

កាល​កប្ប​នោះ​កន្លង​ទៅ​យ៉ាង​យូរ ក៏​ឈាន​ចូល​មក​ដល់​ខាង​ដើម​នៃ​៣១​កប្ប ។ មាន​កប្ប​មួយ​ឈ្មោះ​មណ្ឌកប្ប មាន​ព្រះពុទ្ធ​២​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​សិខី​១ ព្រះពុទ្ធ​វេស្សភូ​១ ។

ក្នុង​សម័យ​កាល​នៃ​ព្រះពុទ្ធ​សិខី ព្រះពោធិសត្វ​បាន​យោន​យក​កំណើត​ជា​ក្សត្រ​ព្រះនាម​ថា អរិន្ទមៈ បាន​ថ្វាយ​សំពត់​មាន​សាច់​យ៉ាង​ល្អ និង​ពាហនៈ​ដំរី​ទ្រង់​គ្រឿង​ចំពោះ​ព្រះភិក្ខុ​សង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះពុទ្ធ​សិខី ទ្រង់​ព្យាករ​ថា កសត្រ​អរិន្ទមៈ​នេះ​នឹង​បាន​ត្រាស់​ដឹង​ធា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​លោក​ បន្ទាប់​ពី​នេះ​៣១​កប្ប​ទៀត ។ ព្រះពុទ្ធ​សិខី ទ្រង់​ព្យាករ​ជា​លើក​ទី​២០ ។

ក្នុង​សម័យ​កាល​ព្រះពុទ្ធ​វេស្សភូ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ។ ព្រះពោធិសត្វ​បនា​យោន​កំណើត​ជា​ក្សត្រ​សុទស្សនៈ បាន​ថ្វាយ​នូវ​មហា​ទាន​ចំពោះ​ព្រះពុទ្ធ​អង្គ ។ ព្រះពុទ្ធ​វេស្សភូ ទ្រង់​ព្យាករ​ថា ក្សត្រ​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​បន្ទាប់​ពី​នេះ​៣១​កប្ប​ ទៀត ។ ព្រះពុទ្ធ​វេស្សភូ ទ្រង់​ព្យាករ​ជា​លើក​ទី​២១ ។

បន្ទាប់​មក មិន​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​អស់​ចំនួន​២៩​កប្ប ក៏​ឈាន​ចូល​មក​ដល់​ភទ្ទកប្ប ដែល​មាន​ព្រះពុទ្ធ​៥​ព្រះអង្គ​បាន​ត្រាស់​គឺ ព្រះពុទ្ធ​កក្កុសន្ធៈ​១ ព្រះពុទ្ធ​កោណាគមនៈ​១ ព្រះពុទ្ធ​កស្សបៈ​១ ព្រះពុទ្ធ​សមណគោតម​១ (ព្រះពុទ្ធ​អង្គ​បច្ចុប្បន្ន​យើង​នេះ) និង​ព្រះពុទ្ធ​មេត្តេយ្យ​១ (នឹង​ត្រាស់​ដឹង​ក្នុង​កាល​ខាង​មុខ) ។

ក្នុង​ភទ្ទកប្ប​នេះ កាល​មនុស្ស​មាន​អាយុ ៤០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កក្កុសន្ធៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ក្សត្រ​ព្រះនាម ខេមៈ បាន​ថ្វាយ​មហាទាន​យ៉ាង​ច្រើន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុសង្ឃ ។ ព្រះពុទ្ធ​កក្កុសន្ធៈ ទ្រង់​ព្យាករ​ថា ក្នុង​ភទ្ទកប្ប​នេះ ក្សេត្រ​ខេមៈ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ ព្រះពុទ្ធ​កក្កុសន្ធៈ ទ្រង់​ព្យាករ​ជា​លើក​ទី​២២ ។

បន្ទាប់​មក កាល​មនុស្ស​មាន​អាយុ ៣០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កោណាគមនៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា​ក្សត្រ​នាម បព្វតៈ បាន​ថ្វាយ​វត្ថុ​៤​មុខ​គឺ សំពត់​ចិន​ប្រទេស​១ សំពត់​សូត្រ​១ សំពត់​កម្ពល​១ ស្បែក​ជើង​មាស​១ ចំពោះ​ព្រះពុទ្ធ​កោណាគមនៈ និង​ភិក្ខុសង្ឃ​ទាំងឡាយ​ជា​សាវ័ក ។ ព្រះពុទ្ធ​កោណាគមនៈ ទ្រង់​ព្យាករ​ថា មហាបុរស​នេះ​នឹង​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​ភទ្ទកប្ប​នេះ ។ ព្រះពុទ្ធ​កោណាគមនៈ ទ្រង់​ព្យាករ​ជា​លើក​ទី​២៣ ។

កាល​មនុស្ស​មាន​អាយុ​ថយ​ចុះ និង​ចម្រើន​ឡើង​ហើយ​ថយ​ចុះ​មក​ត្រឹម​អាយុ ២០.០០០ ឆ្នាំ មាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​គឺ ព្រះពុទ្ធ​កស្សបៈ ។ ក្នុង​កាល​នោះ ព្រះពោធិសត្វ​បាន​យោន​កំណើត​ជា ជោតិបាល​មាណព ចេញ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​អង្គ​នោះ ជា​អ្នក​មាន​សីល​វត្ត​បរិសុទ្ធ​ល្អ ។ ព្រះពុទ្ធ​កស្សបៈ ទ្រង់​ព្យាករ​ថា ជោតិបាល​ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​ភទ្ទកប្ប​នេះ ។ ព្រះពុទ្ធ​កស្សប​ទសពល ទ្រង់​ព្យាករ​ជា​លើក​ទី​២៤ ។

កាល​ព្រះពុទ្ធ​កស្សប​ទសពល ទ្រង់​បរិនិព្វាន​ហើយ អាយុ​របស់​មនុស្ស ២០.០០០ ឆ្នាំ ថាយ​ចុះ​មក​រហូត​ដល់​១០​ឆ្នាំ​ជា​អាយុ​ខ័យ ហើយ​ចម្រើន​ឡើង​វិញ​រហូត​ដល់​អាយុ​១​អសង្ខេយ្យ​ឆ្នាំ ជា​អាយុ​ខ័យ ហើយ​ធ្លាក់​ចុះ​មក​ដល់​ត្រឹម​១០០​ឆ្នាំ ជា​អាយុ​ខ័យ ។ គ្រា​នោះ ព្រះពុទ្ធ​សមណគោតម ទ្រង់​ក៏​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​យើង​នេះ ។

ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង

✍️ចងក្រងដោយ៖ ឈូកខ្មែរ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៧

💡 ទស្សនៈពុទ្ធសាសនា

💡១.ព្រះពោធិសត្វ
💡២.អដ្ឋ​សមោធាន​បច្ច័យ​
💡៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត
💡៤.សុមេធ​បណ្ឌិត
💡៥.ការ​កសាង​ទសបារមី
💡៦.ព្រះពោធិសត្វ​ក្នុង​អត្តភាព
💡៧.ព្រះពុទ្ធ​មេត្តេយ្យ
💡ការយល់ដឹង
💡ទសពិធរាជធម៌​សង្ខេប
💡ទស្សនៈ​កម្ម​ផល
💡ទេវទត្ត​គឺ​អ្នក​ណា ?
💡ធ្វើបុណ្យពុំបានបុណ្យ
💡នមោពុទ្ធាយៈ
💡ប្រព័ន្ធសីលធម៌អ្វី
💡របស់ដែលមនុស្សប្រាថ្នា
💡រឿងថ្មើរព្រៃឈ្មោះសុរៈ
💡អសង្ខេយ្យ និង កប្ប