ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️៥. រឿង ឣញ្ញត្រវិបក្ខកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុមួយរូប ដែលបានទៅ សេពគប់ជាមួយនឹងភិក្ខុ ដែលជាបក្សពួក របស់ភិក្ខុទេវទត្ត ។ ថ្ងៃមួយ ភិក្ខុដែលជាបក្សពួក របស់ភិក្ខុទេវទត្ត បានឃើញភិក្ខុរូបនោះកំពុងតែដើរបិណ្ឌបាត ហើយបបួលឲ្យទៅនៅជាមួយ បាននិយាយពន្យល់ ថា “លាភសក្ការៈ របសខ្ញុំ មានច្រើនណាស់” ។ ភិក្ខុនោះ ក៏បានទៅនៅជាមួយ ឣស់រយៈពេលបួនប្រាំខែ ហើយ បានត្រឡប់មកវិញ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុទៅនិមន្តភិក្ខុនោះមក ដើម្បីនឹងសាកសួរ ។ ភិក្ខុរូបនោះ បានក្រាបទូលរឿងពិត ដល់ព្រះឣង្គ ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
| ៦. | សលាភំ នាតិមញ្ញេយ្យ | នាញ្ញេសំ បិហយំ ចរេ |
| ញ្ញេសំ បិហយំ ភិក្ខុ | សមាធឹ នាធិគច្ឆតិ ។ |
👉ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ ។
| ៧. | អប្បលាភោបិ ចេ ភិក្ខុ | សលាភំ នាតិមញ្ញតិ |
| តំ វេ ទេវា បសំសន្តិ | សុទ្ធាជីវមតន្ទិតំ ។ |
👉បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាម ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ។
