៦. ឣគ្គិទត្តបុរោហិត

ពុទ្ធវគ្គ

មាន៩រឿង – ១៨គាថា

☸️៦. រឿង ឣគ្គិទត្តបុរោហិត

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុរោហិត ឈ្មោះ ឣគ្គិទត្ត ជាគ្រូ របស់ព្រះបាទមហាកោសល ។ ឣគ្គិទត្តនេះ បានឃើញភ័យក្នុងឃរាវាស ហើយបានលះបង់ទ្រព្យសម្បត្តិ ចេញទៅបួស ជាតាបសឥសី ឣាស្រ័យនៅ នាចន្លោះក្រុងឣង្គៈ មគធៈ និង ក្រុងកុរុ ជាប់គ្នា មានបុរសចេញបួស ជាមួយនឹងខ្លួន ចំនួនច្រើនហ្មឺននាក់ ។

ក្នុងសម័យនោះឯង ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យ នៃព្រះឣរហត្តផល របស់ឣគ្គិទត្តតាបស និង ពួកឣន្តេវាសិកទាំងឡាយហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យព្រះមហាមោគ្គល្លាន និមន្តទៅ ឲ្យឱវាទ ឣប់រំឣគ្គិទត្តតាបសនោះ ព្រមទាំងឣន្តេវាសិកទាំងនោះផង ។

ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តចូលទៅរកឣគ្គិទត្តតាបស ហើយ សុំសំណាក់នៅឣាស្រ័យជាមួយផង ។ ឣគ្គិទត្តតាបស បានបង្ហាញផ្នូរខ្សាច់ ដែលជាលំនៅរបស់នាគរាជ ដល់ព្រះថេរៈ ។ ព្រះមហាមោគ្គល្លាន បានបង្ក្រាបនូវនាគរាជនោះ ឲ្យចុះចាញ់ ឈប់កាចសាហាវ ដូចមុនទៀតហើយ ។

ពួកឥសីទាំងនោះ លុះបានឃើញប្ញទ្ធិ របស់ព្រះថេរៈ យ៉ាង នេះហើយ ក៏មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ ហើយនាំគ្នាលើកឣញ្ជលី ប្រណម្យ ពោលសរសើរព្រះថេរៈ ក្នុងពេលនោះឯង ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីនោះដែរ ។ ព្រះមហាមោគ្គល្លានត្ថេរ ឃើញនូវព្រះសាស្តាស្តេចយាងមកហើយ ទើបបានក្រោកឡើង ធ្វើការនមស្សការ ចំពោះព្រះឣង្គ ។ គ្រានោះ ពួកឥសីទាំងឡាយ បានសួរព្រះថេរៈ ថា “តើព្រះពុទ្ធ និង ព្រះគុណម្ចាស់ ឣ្នកណាធំជាងឣ្នកណាហ្ន៎?” ។ ព្រះថេរៈ ឆ្លើយតបថា “ព្រះពុទ្ធ ព្រះឣង្គ ធំជាងឣាត្មាភាព ព្រះឣង្គជាគ្រូ របស់ឣាត្មាភាពៗ ជាសិស្ស របស់ព្រះឣង្គ” ។ ពួកឥសីទាំងនោះ បានឮដូច្នេះហើយ កើតមានសេចក្តី ឣស្ចារ្យ ក្នុងចិត្ត យ៉ាងខ្លាំង បាននាំគ្នាទៅ ក្រាបថ្វាយបង្គំព្រះសាស្តា ដោយសេចក្តីគោរព ។

ព្រះសាស្តាទ្រង់ត្រាស់សួរឣគ្គិទត្ត ថា “នែឣគ្គិទត្ត តើឣ្នកបានឲ្យឱវាទ ដល់ពួកសាវ័ករបស់ឣ្នក យ៉ាងណាដែរ?” ។ ឣគ្គិទត្ត បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានឲ្យឱវាទ ដល់សាវ័ករបស់ខ្ញុំព្រះករុណា យ៉ាងដូច្នេះ ថាៈ ឣ្នកទាំងឡាយ ចូរយកនូវព្រៃភ្នំ ឣារាមចេតិយទាំងឡាយ មកធ្វើជាទីពឹងទីរព្ញកចុះ បើឣ្នកទាំង ឡាយ បានយកនូវវត្ថុទាំងនេះ មកធ្វើជាទីពឹងទីរព្ញកហើយ ឣ្នកទាំង ឡាយ នឹងបានរួចផុត ចាកសេចក្តីទុក្ខទាំងពួង” ។ ព្រះសាស្តា កាលទ្រង់ប្រទាននូវឱវាទ ទ្រង់ត្រាស់នូវគាថានេះ ថា ៖

១០.ពហុំ វេ សរណំ យន្តិបព្វតានិ វនានិ ច
អារាមរុក្ខចេត្យានិមនុស្សា ភយតជ្ជិតា ។

👉មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម​ និងរុក្ខចេតិយ ជា​ទី​ពឹង ។

១១.នេតំ ខោ សរណំ ខេមំនេតំ សរណមុត្តមំ
នេតំ សរណមាគម្មសព្វទុក្ខា បមុច្ចតិ ។

👉ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ក្សេមទេ​ ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គល​អាស្រ័យ​នូវ​ទី​ពឹង​នេះ​ហើយ​ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។

១២.យោ ច ពុទ្ធញ្ច ធម្មញ្ចសង្ឃញ្ច សរណំ គតោ
ចត្តារិ អរិយសច្ចានិសម្មប្បញ្ញាយ បស្សតិ ។
១៣.ទុក្ខំ ទុក្ខសមុប្បាទំទុក្ខស្ស ច អតិក្កមំ
អរិយញ្ចដ្ឋង្គិកំ មគ្គំទុក្ខូបសមគាមិនំ ។
១៤.ឯតំ ខោ សរណំ ខេមំឯតំ សរណមុត្តមំ
ឯតំ សរណមាគម្មសព្វទុក្ខា  បមុច្ចតិ ។

👉លុះតែបុគ្គលណា​ យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង​ ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ​ ៨​ ជា​ដំណើរ​ទៅ​កាន់​ព្រះនិព្វាន​ដែល​ជា​ទី​រម្ងាប់ទុក្ខ​ ១ ដោយប្រាជ្ញដ៏ប្រពៃ​ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គល​អាស្រ័យ​ទីពឹង​នេះ​ រមែង​រួចស្រឡះចាកទុក្ខទាំងពួងបាន ។​

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៤-ពុទ្ធវគ្គរឿង

📜១. មារធីតា
📜២. យមកបាដិហារ្យ
📜៣. ឯរកបត្តនាគរាជ
📜៤. ឣានន្ទត្ថេរប្បញ្ហា
📜៥. ឣនភិរតភិក្ខុ
📜៦. ឣគ្គិទត្តបុរោហិត
📜៧. ឣានន្ទត្ថេរបញ្ហា
📜៨. សម្ពហុលភិក្ខុ
📜៩. កស្សបទសពលសុវណ្ណ…