ជំពូក៧. ព្រះពុទ្ធមេត្តេយ្យ ឬស្រីអារ្យមេត្រី
ព្រះពោធិសត្វលោកបានបំពេញបារមីដែលជាពុទ្ធការកធម៌រហូតមកដល់អត្តភាពជា ព្រះវេស្សន្ដរ បានបំពេញទានបារមីដ៏ប្រសើរ ហើយបានចុតិ រួចយាងទៅចាប់បដិសន្ធិក្នុងស្ថានតុសិតមានឈ្មោះថា សន្តុសិតទេវបុត្រ ។ ១. ព្រះស្រីអារ្យមេត្រីត្រាស់ឡើងក្នុងលោក
ថ្ងៃមួយព្រះធម្មសេនាបតីសារីបុត្រ ក្រាបបង្គំទូលព្រះបរមសាស្ដាថា «បពិត្រព្រះអង្គដ៏ចម្រើន ព្រះអជិតៈតាបសនឹងបានសម្រេចជាព្រះពុទ្ធស្រីអារ្យមេត្រីដ៏ចម្រើនក្នុងភទ្ទកប្បនេះមែនឬទេ ?» ។
គ្រានោះព្រះមានព្រះភាគ ទ្រង់ត្រាស់តបព្រះសារីបុត្រថា «ម្នាលសារីបុត្រ អ្នកចូរកំណត់ទុកក្នុងចិត្ត ហើយស្ដាប់តថាគតចុះ» ។
កាលតថាគតបរិនិព្វានហើយ សាសនាតថាគតកន្លងបាន៥០០០ព្រះវស្សា ហើយ ។ មនុស្សទាំងឡាយក្នុងលោក ធ្លាក់ចុះនូវសីលធម៌បន្តិចម្ដងៗ រហូតដល់លែងគោរព លែងដឹងគុណឪពុកម្ដាយ លែងស្គាល់គុណគ្រូ លែងស្គាល់គុណស្គាល់ទោស លែងដឹងខុសដឹងត្រូវ ។ មនុស្សទាំងឡាយថយអាយុចុះរហូតដល់ទៅ១០ឆ្នាំ (បច្ចុប្បន្នកាលអាយុកប្បរបស់មនុស្សមានត្រឹម ៧៥ឆ្នាំ ដូច្នេះ ១០០ឆ្នាំចុះ១ឆ្នាំ រហូតដល់អាយុកប្បរបស់មនុស្សត្រឹម១០ឆ្នាំ គិតពីឆ្នាំនេះទៅនៅសល់ ៦៧០០ឆ្នាំ ទៀត មនុស្សនឹងមានអាយុកប្បត្រឹម១០ឆ្នាំ) ។ ក្នុងកាលនោះ មនុស្សអាយុត្រឹម៥ឆ្នាំ ក៏រៀបការមានគ្រួសារ ។ ពេលនោះ មានព្រឹត្តិការណ៍ចម្លែកបីនឹងកើតមានឡើងក្នុងសង្គមមនុស្សគឺ ៖
- មនុស្សទាំងឡាយប្រព្រឹត្តខុសសីលធម៌ គឺឪពុកម្ដាយ និងកូន បងប្អូន សេពសន្ថវៈជាមួយគ្នាដូចសត្វតិរច្ឆាន ។
- មនុស្ស និងមនុស្សស្អប់គ្នា ដោយឃើញមុខគ្នាមិនបាន ។
- មនុស្សកាប់សម្លាប់គ្នាដូចសត្វ ដែលគួរឲ្យខ្លាចតក់ស្លុតយ៉ាងខ្លាំង ។
ពេលនោះ សត្ថន្តរកប្ប (បានដល់លោកវិនាសទៅដោយគ្រឿងសស្ត្រាវុធ) ក៏កើតឡើង មនុស្សទាំងលាយក៏សម្លាប់គ្នាដូចជាសត្វតិរច្ឆាន ។ មនុស្សខ្លះដែលមាននិស្ស័យល្អ រត់ចូលគេចទៅនៅតាមញកភ្នំ ដងព្រៃ ជាដើម ដោយមិនបានបង្កវិវាទសម្លាប់គ្នាឡើយ ។ ចំណែកជនពាលទាំងឡាយបាញ់កាប់សម្លាប់គ្នាវិនាសអស់ ។
(អ្នកប្រាជ្ញលោកតែងណែនាំថា «នរជន ឯណាដែលប្រាថ្នាកុំឲ្យជួបសត្ថន្តរកប្បនោះ ត្រូវធ្វើទាន រក្សាសីល សាងកុសលធម៌ដើម្បីបានទៅកើតនូវទីខ្ពស់ មានស្ថានតាវតិង្សជាដើម ។»)
ពេល នោះកន្លង៧ថ្ងៃទៅ មនុស្សល្អក៏ចេញអំពីព្រៃ ឃើញគ្នាញញឹមញញែម រាក់ទាក់រកគ្នា ហើយបបួលគ្នារក្សាសីល ចម្រើនកម្មដ្ឋាន ។
សួរថា «តើចម្រើនកម្មដ្ឋានដូចម្ដេច ?»
ចម្លើយឆ្លើយថា «ចម្រើនកម្មដ្ឋាន ពិចារណានូវអត្តភាពនេះថា មិនទៀង ជាទុក្ខ ជាអនត្តា មិនស្អាត គួរឲ្យខ្ពើម ។»
គ្រា នោះមនុស្សទាំងឡាយនាំគ្នារក្សាសីលជានិច្ច នាំឲ្យមានអាយុចម្រើនឡើងវិញ កូនរបស់មនុស្សដែលមានអាយុ១០ឆ្នាំ ឡើងរហូតដល់២០ឆ្នាំ កូនរបស់មនុស្ស២០ឆ្នាំ ឡើងរហូតដល់៣០ឆ្នាំ កូនរបស់មនុស្ស៣០ឆ្នាំ ឡើងរហូតដល់៤០ឆ្នាំ កូនរបស់មនុស្ស៤០ឆ្នាំ ឡើងរហូតដល់៥០ឆ្នាំ កូនរបស់មនុស្ស៥០ឆ្នាំ ឡើងរហូតដល់១០០ឆ្នាំ កូនរបស់មនុស្ស១០០ឆ្នាំ ឡើងរហូតដល់១០០០ឆ្នាំ កូនរបស់មនុស្ស១០០០ឆ្នាំ ឡើងរហូតដល់១០.០០០ឆ្នាំ កូនរបស់មនុស្ស១០.០០០ឆ្នាំ ឡើងរហូតដល់១០០.០០០ឆ្នាំ កូនរបស់មនុស្ស១០០.០០០ឆ្នាំ ឡើងរហូតដល់១អសង្ខេយ្យឆ្នាំ ។
ក្នុង កាលដែលមនុស្សមានអាយុវែងយ៉ាងនេះ ក៏នាំឲ្យមានសេចក្ដីប្រមាទដោយសម្គាល់ថា ខ្លួនមិនចាស់ មិនស្លាប់ បណ្ដាលឲ្យអាយុថយចុះពីមួយអសង្ខេយ្យមកវិញគឺ (១០០ឆ្នាំ ចុះ១ឆ្នាំ) រហូតមកដល់អាយុ ៨០.០០០ឆ្នាំ ។
កាល មនុស្សអាយុថយចុះមកដល់៨០.០០០ឆ្នាំនោះ បុរសស្ត្រីមានអាយុ៥០០ឆ្នាំ ទើបរៀបការជាគ្រួសារ ។ ពេលនោះ សូម្បីភ្លៀងទាំងឡាយ ក៏ភ្លៀងត្រូវកាល ១០ថ្ងៃភ្លៀងម្ដងៗ ឬ១៥ថ្ងៃភ្លៀងម្ដង ។ ក្នុងសម័យកាលនោះ ក្នុងជម្ពូទ្វីបមនុស្សប្រុសស្រស់ស្អាត ដូចជាទេវបុត្រ មនុស្សស្រីរូបស្រស់ស្អាត ដូចជាទេពអប្សរក្នុងសួគ៌ា ។ កាលនោះឯង ក្រុងពារាណសី មានឈ្មោះថា កេតុមតី បណ្ដោយ១៦យោជន៍ ទទឹង១យោជន៍ មានទ្វារក្រុង៤ ដើមឈើកល្បព្រឹក្ស៤ដើម កំពែង៧ជាន់ សាងដោយកែវ៧ប្រការ (គឺមាស ប្រាក់ កែវមុក្តា កែវមណី កែវពិទូរ្យ ពេជ្រ កែវប្រពាឡ) ។
គ្រានោះ នឡការទេវបុត្រ សោយសិរីសម្បត្តិក្នុងសួគ៌ាទេវលោក៦ជាន់ ចុតិចាកអត្តភាពនោះបានមកកើតជាស្ដេចចក្រពត្តិឈ្មោះ សង្ខៈ ក្នុង ក្រុងកេតុមតីនោះ ។ ដោយរាជានុភាពនៃស្ដេចចក្រពត្តិនោះ ប្រាសាទមាសសម្រេចហើយដោយកែវ៧ប្រការ ផុសចេញពីទន្លេគង្គា អណ្ដែតមកតាមអាកាសប្រតិស្ឋានចំកណ្ដាលទីក្រុងកេតុមតី ។ ស្រះកែវបានកើតឡើងប្រាកដជិតប្រាសាទនោះ មានក្លិនក្រអូបគួររីករាយ ដេរដាសទៅដោយផ្កាបទុម៥ប្រភេទគឺ ឧប្បលខៀវ ឧប្បលស ឧប្បលក្រហម ឈូកស ។ កំពែងស្រះសាងហើយដោយមាស កែវពិទូរ្យ និងប្រាក់ ។ ស្ដេចសង្ខៈ មានជាយា៨៤.០០០នាក់ គង់នៅ ក្នុងប្រាសាទនោះ ។ ព្រះរាជឱរស១០០០អង្គ ។ ព្រះរាជឱរសច្បងមាននាមថា អជិតកុមារ ជាឧបយុវរាជ ។ ព្រះរាជាទ្រង់មានរតនៈ៧ប្រការគឺ ចក្ករ័តន៍១ ហត្ថិរ័ន៍១ អស្សរ័តន៍១ មណីរ័តន៍១ ឥត្ថីរ័តន៍១ គហបតិរ័តន៍១ រាប់បរិនាយករ័តន៍១ ផងជាគម្រប់៧ ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងដែនចក្រភពប្រកបដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធឡើយ ។ ក្នុងសម័យកាលនោះ មនុស្សទាំងឡាយក្នុងជម្ពូទ្វីប នឹងមានតែរោគធម្មជាតិ៣យ៉ាងគឺ ឃ្លានអាហារ១ បន្ទោរបង់ទឹកមូត្រ (ទឹកនោម) និងលាមក១ និងចាស់ជរាមរណៈ១ ។ ក្រៅពីនេះ ពុំមានជំងឺអ្វីផ្សេងទៀតមកបៀតបៀនឡើយ ។
ព្រះពុទ្ធមេត្តេយ្យ ឬ ព្រះស្រីអារ្យមេត្រី
សម័យនោះ បុរោហិតរបស់ស្ដេចចក្រពត្តិមាននាមប្រាកដថា សុព្រហ្មព្រាហ្មណ៍ ជាអ្នកមានយសធំបន្ទាប់ពីព្រះរាជា ។ ភរិយារបស់ហុរោហិតនោះមាននាមថា ព្រហ្មវតី ។ ពេលនោះព្រះមេត្តេយ្យពោធិសត្វដែលពួកទេវតាទាំងឡាយបានអារាធនាហើយ ទ្រង់ចុតិចាកតុសិតបុរីមកចាប់បដិសន្ធិក្នុងគភ៌ព្រះនាងព្រហ្មវតីពេលជិតភ្លឺក្នុងថ្ងៃ១៥កើត ខែអាសាឍ ។ ស្ដេចចាតុម្មហារាជិកា ក៏បានចុះមកថែរក្សាគភ៌ព្រះនាងព្រហ្មវតី ។ គ្រប់១០ខែបរិបូរ ទ្រង់ក៏ប្រសូតចាកគភ៌ព្រះមាតា ។ ព្រះមត្តេយ្យពោធិសត្វ ទ្រង់គង់នៅជាសុខក្នុងឃរាវាសធម៌ ក្នុងប្រាសាទ៣គឺ សិរីវឌ្ឍនៈ១ សិទ្ធត្ថៈ១ ចន្ទកៈ១ ។ ព្រះពោធិសត្វមានស្នំ១០០.០០០នាក់គាល់បម្រើ ។ អគ្គមហេសីជាប្រធានលើស្នំទាំងនោះមាននាមថា ចន្ទមុខី ។ បុត្ររបស់ព្រះពោធិសត្វមាននាមថា ព្រហ្មវឌ្ឍនកុមារ ។ ព្រះពោធិសត្វទ្រង់ឡើងកាន់រាជរថឆ្ពោះទៅឧទ្យានបានឃើញនូវនិម្មិត៤ប្រការគឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងភេទបព្វជិត ។ ទ្រង់ក៏នឿយណាយក្នុងភាពជាឃរាវាស ពេញព្រះទ័យក្នុងភេទបព្វជិត ហើយក៏ទ្រង់ត្រលប់ទៅកាន់ប្រាសាទវិញ ។ ពេលនោះ ស្រាប់តែប្រាសាទអណ្ដែតហោះឡើងព្ធដ៏អាកាស ដូចជាសត្វហង្ស ។ ពួកទេវតាទាំងឡាយនាំគ្នាយកកម្រងផ្កាមាលាមកបូជាចំពោះ ព្រះពោធិសត្វ ។ ស្ដេចចក្រពត្តិសង្ខៈ ព្រមទាំងអ្នកនិគមជនបទ៨៤.០០០ក្រុង ក៏នាំគ្នាធ្វើការបូជាចំពោះព្រះពោធិសត្វដូចគ្នា ។ ស្ដេចអសុររាជ ជាអ្នកថែរក្សាប្រាសាទ ស្ដេចនាគរាជ កាន់យកកែវមណី ស្ដេចគ្រុឌ កាន់យកខ្សែសង្វារក ស្ដេចគន្ធព្វ លេង តូរ្យតន្ត្រីបូជាថ្វាយ ។ ស្ដេចសង្ខៈចក្រពត្តិ ព្រមទាំងបរិវារបានប្រថាប់នៅជិតព្រះពោធិសត្វ ។ ដោយអានុភាពព្រះមហាពោធិសត្វ និងបរមរាជានុភាពស្ដេចចក្រពត្តិ មហាជនដែលមានបំណងបព្វជ្ជា អាចហោះឡើងពីផែនដីចូលទៅកាន់ប្រាសាទដែលកំពុងអណ្ដែតព្ធដ៏អាកាស បាន ។ កាលនោះឯង ស្ដេចមហាព្រហ្ម កាន់យកឆត្រ៦០យោជន៍មកបាំងពីប្រាសាទ ។ ស្ដេចសក្កទេវរាជ ទ្រង់វាយវិជ័យយុត្តរស័ង្ខ ។ ស្ដេចសុយាមទេព ទ្រង់កាន់ផ្លិតវិជនីបក់ថ្វាយព្រះពោធិសត្វ ។ ស្ដេចតុសិតទេព ទ្រង់ថ្វាយបាត្រកែវមណីដល់ព្រះពោធិសត្វ ។ បញ្ចសិខគន្ធព្វទេព ឈរដេញពិណពណ៌លឿងដែលធ្វើពីកែវពិទូរ្យ ។ ស្ដេចមហាព្រហ្ម កាន់ព្រះខ័នឈរការពារក្នុងទិសទាំង៤ ។ ពួកមនុស្ស ទេវតា គន្ធព្វ យក្ខ នាគ និងគ្រុឌ សុទ្ធតែចោមរោមព្រះពោធិសត្វ ។ កាលប្រាសាទហោះជិតដល់ពោធិមណ្ឌលហើយ ស្ដេចមហាព្រហ្មក៏បង្អោនគ្រឿងបរិក្ខារ៨ ដែលសម្រេចអំពីឫទ្ធិថ្វាយព្រះពោធិសត្វ (គ្រឿងបរិក្ខារ៨មាន សង្ឃាដី១ ចីពរ១ ស្បង់១ វត្ថពន្ធចង្កេះ១ បាត្រ១ កាំបិតកោរ១ ម្ជុល១ ធម្មក្រក ឬតម្រងទឹក១) ។
លំដាប់ នោះឯង ព្រះពោធិសត្វកាត់ព្រះមោលី (ព្រះផ្នួងសក់) ដោយព្រះខ័ន បោះឡើងទៅព្ធដ៏អាកាស ទ្រង់សាងផ្នួស ។ បុរសយ៉ាងច្រើនក៏បួសតាមព្រះពោធិសត្វ ។ ព្រះពោធិសត្វបំពេញព្យាយាមក្នុងព្រះផ្នួសអស់៧ថ្ងៃ ទ្រង់ចូលទៅគង់ក្រោមដើមខ្ទឹង ដែលមានកម្ពស់ពីគល់ដល់ចុង២៤០ហត្ថ មានមែកបែកជា៤ ។ ក្នុងមែកនីមួយៗមានប្រវែង១២០ហត្ថ មានស្លឹកស្រស់ខ្ចីជានិច្ច ។ ព្រះពោធិសត្វគង់លើបរាជិតបល្ល័ង្ក ក្នុងបឋមយាម បានសម្រេចបុព្វេនិវាសានុស្សតិញ្ញាណ ក្នុងមជ្ឈិយាម បានសម្រេចនូវទិព្វចក្ខុញ្ញាណ ក្នុងបច្ឆិមយាមនៃរាត្រី ទ្រង់ពិចារណានូវបច្ចយាការៈ១២ប្រការ ត្រលប់ចុះត្រលប់ឡើង ទ្រង់បានសម្រេចនូវសព្វញ្ញុតញ្ញាណ ក្នុងវេលាជិតភ្លឺក៏បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្នុងលោក មានព្រះនាមថា ព្រះអរិយមេត្តេយ្យ ។ បន្ទាប់ពីព្រះអង្គទ្រង់ត្រាស់ដឹង ទ្រង់ប្រកាសសម្ដែងព្រះធម៌ញ៉ាំងមនុស្សមួយសែនកោដិ និងទេវតារាប់ប្រមាណមិនបានឲ្យបានដល់អមតរសពោលគឺ ព្រះនិព្វាន ។
ព្រះពុទ្ធអរិយមេត្តេយ្យនោះ មានព្រះវរកាយខ្ពស់៨៨ហត្ថ ទទឹង២៥ហត្ថ ។ ពីផ្ទៃព្រះបាទរហូតដល់ព្រះជានុមានប្រវែង២២ហត្ថ ពីជានុមណ្ឌលដល់ព្រះនាភីមានប្រវែង២២ហត្ថ ពីព្រះនាភីមកដល់ព្រះអក្ខកៈមានប្រវែង២២ហត្ថ ។ ពីព្រះអក្ខកៈមកដល់ឧណ្ហីសៈមានប្រវែង២២ហត្ថ ។ ព្រះហស្តទាំង២ម្ខាងៗមានប្រវែង៤០ហត្ថ ចន្លោះព្រះពាហាទាំង២ម្ខាងៗមានប្រវែង២៥ហត្ថ ចន្លោះអក្ខកៈម្ខាងៗមានប្រវែង៥ហត្ថ នៅចន្លោះពីស្មាម្ខាងទៅស្មាម្ខាងមានប្រវែង៥ហត្ថ ចន្លោះម្រាមដៃមួយទៅម្រាមដៃមួយមានប្រវែង៤ហត្ថ ផ្ទៃព្រះហត្តមានប្រវែង៥ហត្ថ ព្រះសុរងមានប្រវែង៥ហត្ថ ព្រះឱស្ឋខាងលើប្រវែង២៥ហត្ថ ព្រះឱស្ឋខាងក្រោមមានប្រវែង១៥ហត្ថ ព្រះជីវ្ហាប្រវែង១០ហត្ថ ព្រះនាសកៈប្រវែង៧ហត្ថ ព្រះនេត្រទាំងពីរម្ខាងៗប្រវែង៧ហត្ថ ព្រះភមុកៈម្ខាងៗប្រវែង៥ហត្ថ ចន្លោះភមុកៈទាំងពីរមានប្រវែង៤ហត្ថ ព្រះកាណ៌ម្ខាងៗប្រវែង៧ហត្ថ ដួងព្រះភ័ក្ត្រមានប្រវែង២៥ហត្ថ ឧណ្ហីសៈជុំវិញប្រវែង២៥ហត្ថ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រកបព្រមដោយមហាបុរិសលក្ខណៈ៣២ប្រការ និងអនុព្យញ្ជនៈ៨០ ។
ព្រះឆព្វណ្ណរង្សី បញ្ចេញរស្មីអំពីព្រះវរកាយរបស់ព្រះមានព្រះភាគជាម្ចាស់អង្គនោះ ហាក់ដូចជាខ្សែទឹកហូរធ្លាក់អំពីឆ្នាំងមាស មានពន្លឺភ្លឺលើសលប់ លើសពន្លឺរបស់ដួងចន្ទ និងដួងអាទិត្យផ្សាយនៅក្នុងម៉ឺនចក្រវាល ពន្លឺភ្លឺស្វាងច្បាស់ប្រាកដតាំងនៅរហូតអស់កាលទាំងយប់ទាំង ថ្ងៃ ។ មនុស្សទាំងឡាយមិនអាចកំណត់ដឹងថា ពេលនេះជាពេលថ្ងៃ ឬយប់បានឡើយ ដោយព្រះពុទ្ធរស្មីបំភ្លឺក្នុងលោក ទាំងថ្ងៃទាំងយប់ ។ មនុស្សទាំងពួងដឹងថា នេះជាយាមយប់នៅពេលដែលព្រះអាទិត្យអស្ដង្គត ដោយសំឡេងសត្វមកកាន់សម្បុក និងត្របកស្រទាប់នៃផ្កាបទុម និងស្រទាប់នៃផ្កាឈើដែលបិទ ។ មនុស្សទាំងឡាយដឹងថា នេះជាពេលថ្ងៃ ជាពេលដែលព្រះអាទិត្យរះឡើង ដោយសំឡេងសត្វចេញហើរទៅរកស៊ី និងដោយស្រទាប់នៃផ្កាបទុម និងផ្កាឈើរីកឡើង ។ លំដាប់នោះ បទុមផ្កាធំៗមានត្របកស្រទាប់ក្រៅ៣០ហត្ថ ស្រទាប់ខាងក្នុង២៥ហត្ថ កេសរ២០ហត្ថ មានទង១៦ហត្ថ លំអងកេសរផ្សាយទៅក្នុងអាកាស ជ្រែកប្រឹថពីដុះឡើងរង់ចាំទទួលស្នាមព្រះបាទដែលទ្រង់ឈានទៅហើយ គ្រប់ៗជំហាននៃការឈានព្រះបាទនៃព្រះសម្មាសម្ពុទ្ធព្រះអង្គនោះ ។
មនុស្ស ទាំងពួងមិនចាំបាច់ត្រូវទៅភ្ជួរស្រែ មិនត្រូវទៅធ្វើចម្ការ ជួញដូរ មិនមានរោគភ័យបៀតបៀន គឺសម្បូណ៌ដោយភោគផលទ្រព្យសម្បត្តិ និងសេចក្ដីសុខ មានពុទ្ធានុស្សតិជាអារម្មណ៍ បរិភោគបាយនៃអង្ករស្រូវសាលីដែលជាភោជនាហារកើតដោយពុទ្ធានុភាព ស្លៀកពាក់សំពត់អាវ គ្រឿងអាភរណៈ គ្រឿងរក្សាជីវិតកើតឯង ពីផ្កា ស្លឹក ធម្មចក្រ ទេវតាប្រមាណ៣០កោដិ បានត្រាស់ដឹងធម៌ ។
២. អតីតជាតិនៃព្រះពោធិសត្វមេត្តេយ្យ
ព្រះពុទ្ធបរមគ្រូ ទ្រង់ត្រាស់ជាមួយព្រះសារីបុត្រថា «ម្នាល សារីបុត្រ ព្រះពុទ្ធអរិយមេត្តេយ្យអង្គនោះ ទ្រង់បំពេញបារមី១០ប្រការ ទ្រង់មានបារមីមួយប្រាកដជាក់ច្បាស់ ទ្រង់បានទទួលពុទ្ធសម្បត្តិក្នុងលោក ដោយពុទ្ធសិរីដែលមិនមានអ្វីប្រៀបបានដោយពុទ្ធលីលារកទីបំផុតមិន មាន ដោយប្រការដូច្នេះ» ។
លំដាប់នោះ ព្រះសារីបុត្រក្រាបទូលព្រះសាស្តាថា «បពិត្រព្រះងង្គដ៏ចម្រើន បារមីមួយប្រាកដដល់ព្រះអរិយមេត្តេយ្យតើដូចម្ដេច ?» ។
ព្រះបរមសាស្តា ទ្រង់នាំយកអតីតនិទានមកសម្ដែងថា «ម្នាលសារីបុត្រ ក្នុងសម័យកាល ព្រះពុទ្ធសរីមត្តៈ ទ្រង់ត្រាស់ដឹងក្នុងលោក ក្នុងកាលនោះ អរិយមេត្តេយ្យពោធិសត្វបានកើតជាស្ដេចនាមព្រះបាទសង្ខចក្រពត្តិរាជ ក្នុងឥន្ទបត្តនគរ (សង្ខចក្រពត្តិរាជ ជាអង្គពោធិសត្វអរិយមេត្តេយ្យដែលមាននាមដូចសង្ខចក្រពត្តិនៃក្រុង កេតុមតី នាពេលសម័យព្រះមេត្តេយ្យសម្ពុទ្ធទ្រង់ត្រាស់ដឹងដែរ) ។ ព្រះរាជាអង្គនោះ ទ្រង់បរិបូណ៌ដោយកែវ៧ប្រការគឺ ចក្ករ័តន៍១ ហត្ថិរ័តន៍១ អស្សរ័តន៍១ មណិរ័តន៍១ ឥត្ថីរ័តន៍១ គហបតិរ័តន៍១ បរិនាយករ័តន៍១ ។ ឥន្ទបត្តនគរមានបណ្ដោយ៧យោជន៍ ទទឹង៣យោជន៍ មានទ្វារក្រុង៤ និងដើមកល្បព្រឹក្សកើតឡើង៤ដើម ត្រង់កណ្ដាលក្រុង មានប្រាសាទមួយខ្នងកម្ពស់៧ជាន់ បណ្ដោយ២យោជន៍ ។ ព្រះបាទសង្ខចក្រពត្តិសោយមហាសម្បត្តិក្នុងប្រាសាទនោះ ។ ព្រះពុទ្ធសិរីមត្តៈ ទ្រង់ឧបត្តិឡើងក្នុងលោក ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ប្រថាប់ឆ្ងាយអំពីឥន្ទបត្តនគរមានប្រមាណ១៦យោជន៍ ។ ព្រះរាជា ទ្រង់មិនបានជ្រាបព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ដឹងក្នុងលោកនេះឡើយ» ។
សម័យកាលមួយនោះ ថ្ងៃមួយ ព្រះបាទសង្ខចក្រពត្តិប្រថាប់លើបល្ល័ង្កខាងក្រោមម្លប់នៃស្វេតច្ឆត្រ ទ្រង់តាំងសេចក្ដីប្រាថ្នាទុកយ៉ាងនេះថា «យើងនឹងប្រគល់រាជសម្បត្តិរបស់ស្ដេចចក្រពត្តិដល់អ្នកដែលប្រាប់ឲ្យដឹងដំណឹងនៃព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ ព្រះសង្ឃរតនៈ ដល់យើង ហើយយើងនឹងទៅកាន់សំណាក់របស់ព្រះពុទ្ធជាម្ចាស់អង្គនោះ» ។
មានកុលបុត្រទលិទ្ធកជន (អ្នកក្រីក្រ) ម្នាក់បួសជាសាមណេរក្នុងសាសនាព្រះពុទ្ធជាម្ចាស់អង្គនោះ មាតារបស់សាមណេរនោះជាទាសីរបស់អ្នកដទៃ ។ សាមណេរនោះគិតថា «អាត្មាអញនឹងស្វែងរកទ្រព្យ ដោះញោមស្រីចេញពីទាសីរបស់អ្នកដទៃ ដើម្បីឲ្យញោមស្រីរបស់អាត្មាអញមានសិរីភាព» ។
កាលស្វែងរកទ្រព្យ សាមណេរនោះបាននិមន្តចូលទៅកាន់នគរនោះហើយ ។ អ្នកនៅក្នុងនគរបានឃើញសាមណេរ ហើយមិនស្គាល់ (ថាជាអ្វី) ក៏នាំគ្នាយកដំបងដេញវាយសាមណេរនោះ ដោយយល់ឃើញថា «សាមេណរនោះជាយក្ស» ។ សាមណេរភ័យខ្លាចក៏រត់ចូលទៅកាន់ព្រះរាជវាំង បានឈរនៅខាងមុខព្រះភ័ក្ត្រព្រះរាជា ។ ព្រះរាជាទតឃើញសាមណេរ ទើបត្រាស់សួរថា «នែ ! មាណព អ្នកចូលមកចុះ តើអ្នកមានឈ្មោះអ្វី ?» ។
សាមណេរទូលថា «បពិត្រមហារាជ អាត្មាភាពឈ្មោះសាមណេរ» ។
ព្រះរាជា «នែមាណព ហេតុដូចម្ដេចអ្នកទើបឈ្មោះថា សាមណេរ» ។
សាមណេរ «បពិត្រ មហារាជ អាត្មាភាពជាអ្នកមិនបានធ្វើអំពើបាប ទាំងខាងក្នុងចិត្ត និងខាងផ្លូវកាយ ជាអ្នកញ៉ាំងកុសលឲ្យតាំងនៅមាំ ដូច្នេះទើបមានឈ្មោះថា សាមណេរ» ។
ព្រះរាជា «បុគ្គលណាជាអ្នកដាក់ឈ្មោះឲ្យអ្នក» ។
សាមណេរ «បពិត្រមហារាជ អាចារ្យរបស់អាត្មាភាពបានឲ្យឈ្មោះនេះដល់អាត្មាភាព» ។
ព្រះរាជា «នែមាណព អាចារ្យរបស់អ្នកមានឈ្មោះដូចម្ដេច ?» ។
សាមណេរ «បពិត្រមហារាជ អាចារ្យរបស់អាត្មាភាពមានឈ្មោះថា ភិក្ខុ» ។
ព្រះរាជា «អាចារ្យរបស់អ្នកមានឈ្មោះថា ភិក្ខុ ព្រោះហេតុដូចម្ដេច ?» ។
សាមណេរ «មហាបពិត្រ អាចារ្យរបស់អាត្មាភាពហៅថា ព្រះសង្ឃរតនៈ ដែលរកអ្វីកាត់ថ្លៃមិនបាន» ។
ព្រះរាជា ទ្រង់ស្ដាប់ឮដំណឹងដែលកម្របានឮ ស្រាប់តែស្រាលខ្លួនហោះឡើងផុតអំពីបល្ល័ង្ក ទៅធ្លាក់ចុះក្នុងសំណាក់សាមណេរ ។ ក្នុងពេលដែលព្រះរាជាប្រថាប់ឈរក្បែរជើងសាមណេរ ផ្កាឈូកប៉ុនកង់រទេះបានផុសចេញអំពីផែនដី ទ្រទទួលព្រះរាជានោះដោយអានុភាពបីតិរបស់ព្រះអង្គ ។
ព្រះរាជាគង់ប្រថាប់លើផ្កាឈូកផ្គងអញ្ជលីសំពះសាមណេរ ហើយត្រាស់សួរថា «បពិត្រសាមណេរ អ្នកណាបានឲ្យនាមព្រះសង្ឃរតនៈ រកអ្វីប្រៀបមិនបាននេះដល់អាចារ្យរបស់អ្នក ?» ។
សាមណេរទូលថា «ព្រះពុទ្ធជាម្ចាស់ព្រះនាមថា សិរិមត្តៈ បានប្រទានឲ្យ» ។
ព្រះរាជាទ្រង់ស្ដាប់ឮសំឡេងថា ពុទ្ធោ ហើយទ្រង់វិសញ្ញិភាព (សន្លប់) ព្រោះទ្រង់រន្ធត់ដោយក្ដីត្រេកអរដ៏ខ្លាំង ។
ខាងក្រោយមក ព្រះរាជាទ្រង់ដឹងខ្លួន ទើបត្រាស់សួរសាមណេរទៀតថា «បពិត្រសាមណេរដ៏ចម្រើន ព្រះពុទ្ធជាម្ចាស់ទ្រង់គង់ប្រថាប់នៅទីណា ?» ។
សាមណេរ «មហាបពិត្រ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់គង់ប្រថាប់នៅក្នុងបុព្វារាម ចម្ងាយប្រមាណ១៦យោជន៍ ផ្នែកទិសឧត្ដរនៃនគរនេះ» ។
ព្រះរាជាត្រាស់ថា «បពិត្រសាមណេរ ខ្ញុំនឹងទៅក្នុងទិសដែលមានព្រះពុទ្ធជាម្ចាស់គង់ប្រថាប់» ។
ដូច្នេះ ទ្រង់មិនអើពើ មិនអាល័យសម្បត្តិរបស់ចក្រពត្តិនេះទេ ទ្រង់អភិសេកសាមណេរនោះឲ្យជាព្រះចៅចក្រពត្តិ ។
ព្រះរាជា កាលទ្រង់អភិសេកសាមណេរក្នុងរាជសម្បត្តិហើយ ព្រះអង្គទ្រង់ឆ្ពោះព្រះភ័ក្ត្រទៅទិសឧត្ដរ ស្ដេចយាងទៅកាន់ទីគង់អាស្រ័យរបស់ព្រះពុទ្ធសិរីមត្តៈជាម្ចាស់តែ មួយព្រះអង្គឯង ។ កាលព្រះរាជាអង្គនោះ ទ្រង់ជាក្សត្រសុខុមាលជាតិ ស្ដេចយាងដោយព្រះរាជដំណើរ ដោយព្រះបាទផ្ទាល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ព្រះបាទក៏បែកព្រះលោហិតហូរចេញអំពីព្រះបាទទាំងគូ កាលព្រះបាទទាំងគូបែកហូរព្រះលោហិតហើយ ព្រះរាជាយាងវារ (លូន) ដោយជង្គង់ និងព្រះហស្តទាំងពីរ អស់រយៈពេល៣ថ្ងៃ ។ ក្នុងថ្ងៃទី៤ ព្រះលោហិតទើបហូរចេញអំពីព្រះហស្ត និងជង្គង់ទាំងពីរ ។
ក្នុងកាលនោះ ព្រះរាជាទ្រង់មានព្រះតម្រិះថា «យើងនឹងទៅដោយការលូនយ៉ាងពិតប្រាកដ» ។ ទើបទ្រង់ធ្វើដំណើរដោយការលូនដោយព្រះឧរៈ (ទ្រូង) ក្នុងពេលជាខាងក្រោយ ។ ព្រះរាជា កាលទ្រង់លូនទៅដោយព្រះឧរៈនោះ ទ្រង់លំបាកយ៉ាងខ្លាំងក្លា មិនមានឆន្ទះដាក់ចុះ ដោយមានចិត្តមោះមុតឆ្ពោះទៅគាល់ព្រះពុទ្ធសិរីមត្តៈជាគោលសំខាន់ ទ្រង់អត់ទ្រាំទាំងទុក្ខវេទនា ខំធ្វើដំណើរដោយលូនបន្តទៅទៀត ។
ក្នុងកាលនោះ ព្រះពុទ្ធសិរិមត្តៈ ទ្រង់ មានព្រះមហាករុណាធិគុណ ប្រមើលមើលសត្វលោកដោយសព្វញ្ញុតញ្ញាណ ទ្រង់ឃើញកម្លាំងនៃវិរិយភាពរបស់ព្រះរាជាអង្គនោះ ទើបទ្រង់ព្រះចិន្តាថា «ព្រះរាជាអង្គនេះ ជាពុទ្ធង្កូរ ពុទ្ធពីជ និងជាពុទ្ធវង្ស ព្រោះអាស្រ័យតថាគត ទើបសោយទុក្ខដ៏ធ្ងន់ ចំណែកតថាគតនឹងទៅកាន់សំណាក់របស់ព្រះរាជាអង្គនោះ» ។
ដូច្នេះ ហើយ ទើបព្រះពុទ្ធដ៏មានសិរីក្លែងអត្តភាពជាបុរសម្នាក់បររថ (បររទេះ) ឆ្ពោះទៅកាន់ទីព្រះបាទសង្ខចក្រពត្តិនោះ ។ កាលព្រះពុទ្ធជាម្ចាស់យាងទៅដល់ហើយ ប្រថាប់ឈប់នៅត្រង់ពីមុខព្រះភ័ក្ត្រស្ដេចចក្រពត្តិ ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា «ម្នាលអ្នកដ៏ចម្រើន លោកធ្វើដំណើរដោយលូន ចូរចៀសចេញ យើងត្រូវការបររថទៅមុខ» ។
ព្រះរាជាទ្រង់ស្ដាប់ព្រះតម្រាស់នេះហើយ ត្រាស់ថា «ម្នាល នាយសារថីដ៏ចម្រើន កាលយើងដើរផ្លូវទៅដោយការឆ្ពោះមុខត្រង់ទីជាទីដែលគួរធ្វើ ហេតុអ្វីទើបនឹងថាយចេញ យើងប្រកាន់យកព្រះពុទ្ធជាម្ចាស់ជាប្រមុខ មានព្រះពុទ្ធជាម្ចាស់ជាអារម្មណ៍ សូមអ្នកបញ្ជារថរបស់អ្នកឲ្យជាន់លើខ្លួនប្រាណរបស់យើងក្ដី យើងនឹងមិនចៀសចេញអំពីផ្លូវដល់អ្នកទេ» ។
នាយសារថីពោលថា «ម្នាល មាណពដ៏ចម្រើន ប្រសិនបើអ្នកទៅកាន់សំណាក់របស់ព្រះពុទ្ធជាម្ចាស់នុ៎ះ ចូរអ្នកឡើងរថយើងចុះ យើងនឹងទៅកាន់សំណាក់របស់ព្រះពុទ្ធជាម្ចាស់ដែរ» ។
ព្រះរាជាទ្រង់ស្ដាប់ពាក្យនេះហើយ ទ្រង់ទទួលពាក្យថា «ល្អហើយ» ស្ដេចឡើងរថហើយ ។ ព្រះមានព្រះភាគជាម្ចាស់ ស្ដេចបែរព្រះភ័ក្ត្រទៅកាន់វត្តបុព្វារាមព្រមដោយព្រះរាជា ។ កាលព្រះសាស្ដាស្ដេចយាងដល់ត្រឹមកណ្ដាលផ្លូវ ក្នុងកាលនោះ នាងសុជាតា ចុះអំពីសួគ៌តាវតិង្សនិម្មិតភេទជាបុរសកាន់ឆ្នាំងបាយទិព្វមួយមកឈរចំពីមុខរថ ហើយពោលថា «ម្នាល នាយសារថីដ៏ចម្រើន ប្រសិនបើលោកត្រូវការឆ្នាំបាយទិព្វមួយឆ្នាំងនុ៎ះ យើងនឹងឲ្យដល់លោក តែបើលោកមិនត្រូវការទេ យើងនឹងបោះចោល» ។
នាយសារថីពោលថា «ម្នាលមាណពដ៏ចម្រើន ខ្ញុំមានបុរសម្នាក់ មានទុព្វលភាព សូមអ្នកចូរឲ្យបាយដល់យើងដើម្បីបុរសនេះចុះ» ។
នាង សុជាតាបានឲ្យភត្តដល់នាយសារថីហើយ ។ លំដាប់នោះ ព្រះមានព្រះភាគជាម្ចាស់ទទួលភត្តហើយ បានប្រទានដល់ព្រះរាជាអង្គហើយ ។ ក្នុងកាលនោះ សក្កទេវរាជ ទ្រង់កាន់ទឹកទិព្វ យាងចុំអំពីសួគ៌ជាន់តាវតិង្ស ក្លែងភេទជាបុរសស្ពាយទឹកមួយបំពង់ ស្ដេចយាងមកត្រាស់ពាក្យនោះដូចគ្នា ហើយប្រទានទឹកនោះដល់នាយសារថីដូចគ្នា ។
ព្រះបាទសង្ខចក្រពត្តិ ទ្រង់សោយព្រះក្រយាទិព្វ ទឹកទិព្វ ក្នុងពេលដែលសោយរួចស្រេចហើយ ដោយអានុភាពព្រះក្រយាទិព្វ ទឹកទិព្វ ឧបទ្ទវៈទាំងពួង ក៏វិនាសទៅ ។ ព្រះរាជារមែងប្រសព្វនូវសេចក្ដីសុខ ។
ព្រះពុទ្ធ សិរិមត្តៈ និមន្តយាងទៅដល់វត្តបុព្វារាមហើយ ព្រះអង្គត្រលប់ពីភេទនាយសារថី មកជាពុទ្ធអង្គវិញ ហើយគង់ប្រថាប់លើពុទ្ធាសនៈដែលបានក្រាលទុកហើយ ។ ក្នុងវេលាដែលព្រះដ៏មានព្រះភាគជាម្ចាស់ គង់ប្រថាប់ក្នុងវត្តបុព្វារាម ព្រះរាជាស្ដេចចុះអំពីរថ ទ្រង់ចូលទៅក្នុងវត្តបុព្វារាម ល្មមទតព្រះនេត្រឃើញពុទ្ធរស្មីប៉ុណ្ណោះ ទ្រង់ក៏វិសញ្ញីភាពម្ដងទៀត ។ ព្រះបរមសាស្ដាត្រាស់ថា ម្នាលមហាបុរស ព្រះពុទ្ធជាម្ចាស់គង់ប្រថាប់នៅក្នុងទីនេះ ។ ភ្លាមនោះ ព្រះរាជាទ្រង់ដឹងខ្លួនឡើង ស្ដេចចូលទៅជិតព្រះបរមសាស្ដាអង្គុយក្នុងទីដ៏សមគួរហើយ ផ្គងអញ្ជលីក្រាបបង្គំទូលព្រះដ៏មានព្រះភាគជាម្ចាស់ដូច្នេះថា «បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះអង្គជាប្រធាននៃលោកព្រះអង្គ ជាទីពឹងរបស់សត្វលោក សូមព្រះអង្គទ្រង់សម្ដែងធម៌ដ៏ខ្ពស់បំផុតមួយគាថាដល់ខ្ញុំព្រះអង្គ ផងចុះ» ។
ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា «មហាបពិត្រ សូមព្រះអង្គទ្រង់សណ្ដាប់ ទ្រង់ពិចារណាធម្មកថាគឺ និព្វាន ចុះ» ។
ទ្រង់បានសម្ដែងធម៌ ប្រោសព្រះរាជាហើយ ។ ព្រះរាជាទ្រង់ស្ដាប់ ព្រះធម្មបទមួយបទហើយ ទូលឃាត់ថា «បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគសម្ដែងធម៌ត្រឹមប៉ុណ្ណេះចុះ សូមព្រះអង្គទ្រង់កុំសម្ដែងព្រះធម្មបទដទៃទៀតឡើយ» ។
សួរថា «ព្រោះហេតុអ្វី ? ទើព្រះរាជាទ្រង់អង្វរឃាត់ សូមព្រះពុទ្ធជាម្ចាស់ កុំសម្ដែងធម្មបទបន្តទៀត» ។
ចម្លើយឆ្លើយថា ព្រះរាជាទ្រង់ត្រិះរិះថា «ប្រសិនបើ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងព្រះធម៌ច្រើនជាងនេះ យើងនឹងមិនមានទេយ្យធម៌ដែលគួរដល់ការបូជា យើងស្ដាប់ព្រះធម៌មួយបទនេះ យើងនឹងថ្វាយទានដ៏លើសលប់របស់យើងដែលគួរដល់ការបូជា ព្រោះហេតុនេះ បានជាព្រះរាជាទ្រង់ទូលអង្វរឃាត់» ។
ក្នុងកាលនោះ ព្រះបាទសង្ខចក្រពត្តិ ទ្រង់ក្រាបទូលព្រះដ៏មានព្រះភាគជាម្ចាស់ដូច្នេះថា «បពិត្រ ព្រះអង្គដ៏ចម្រើន កាលព្រះអង្គទ្រង់សម្ដែងព្រះនិព្វានដែលជាធម៌វិសេសលើសលប់ ជាធម៌ខ្ពស់បំផុតជាងធម៌ទាំងពួង សូម្បីខ្ញុំព្រះអង្គកាត់សីលៈដែលជាអវយវៈដ៏ខ្ពស់បំផុតជាងអវយវៈ ទាំងពួងរបស់ខ្ញុំព្រះអង្គ បូជាព្រះធម៌ចំពោះព្រះអង្គជាការបូជាដ៏វិសេសណាស់» ។
ពេលដែលត្រាស់ហើយ ទើបទ្រង់កាត់ព្រះសីសៈដោយក្រចក ទ្រង់ដាក់ព្រះសីសៈលើបាទព្រះហស្ត ត្រាស់គាថាមួយបទថា «បពិត្រ ព្រះពុទ្ធសិរិមត្តៈដ៏ចម្រើន សូមព្រះអង្គទ្រង់ទម្លុះអមតធម៌មុនចុះ ដោយការថ្វាយសីសៈនេះ ខ្ញុំព្រះអង្គនឹងបានសម្រេចព្រះនិព្វានក្នុងកាលជាខាងក្រោយ» ។
នេះ ជាភាពអស្ចារ្យរបស់ព្រះពោធិសត្វមេត្តេយ្យ ទោះបីព្រះសីសៈត្រូវបានកាត់ចេញពីព្រះសូរងហើយក៏ដោយ ព្រះពោធិសត្វនៅមិនទាន់ស្លាប់ អាចពោលគាថាថ្វាយព្រះពុទ្ធសិរិមត្តៈយ៉ាងនេះទៀត ។
ក្នុងវេលាចប់ព្រះគាថា ដូចពណ៌នាមក ព្រះរាជាក៏ចុតិទៅកើតក្នុងតុសិតបុរី ។
ព្រះពុទ្ធសមណគោតមបរមគ្រូ ទ្រង់បន្តអនុសន្ធិថា «ម្នាល សារីបុត្រ បារមីមួយដែលប្រាកដជាក់ច្បាស់ដោយប្រការដូច្នេះយ៉ាងនេះឯង ។ ម្នាលសារីបុត្រ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ព្រះនាមថា អរិយមេត្តេយ្យ ព្រោះផលនៃការថ្វាយសីសៈឲ្យជាទាន ទ្រង់មានព្រះវរកាយខ្ពស់៨៨ហត្ថ ព្រោះផលនៃករហូរឈាមធ្លាក់អំពីព្រះបាទ និងព្រះជានុ (ជង្គង់) ទើបទ្រង់មានពន្លឺភ្លឺទាំងយប់ទាំងថ្ងៃ ។ ព្រោះផលនៃលោហិតដែលហូរធ្លាក់អំពីព្រះសីសៈ ព្រះពុទ្ធរស្មីនឹងមានដល់អវិចីនរក និងភវគ្គព្រហ្ម ។ ព្រោះផលនៃលោហិតលើព្រះសីសៈនឹងមានពន្លឺភ្លឺស្វាងអំពីព្រះ ឧណ្ណាលោម (រោមប្រជុំចិញ្ចើម) មិនអាចកំណត់បាន ។ ព្រោះផលដែលទ្រង់យាងដើរ១សប្ដាហ៍ ទើបកើតឡើងនូវដើមកល្បព្រឹក្សមួយដើម ។ ម្នាលសារីបុត្រ ជនទាំងអស់ មិនបានឃើញតថាគត ក្នុងកាលឥឡូវនេះ ប្រសិនបើជនទាំងនោះធ្វើទាន រក្សាសីល ចម្រើនភាវនា ដោយផលនៃកុសលកម្មនោះនឹងបានកើតឡើងក្នុងសម័យកាលនៃព្រះពុទ្ធជា ម្ចាស់ព្រះនាមអិរយមេត្តេយ្យមិនខាន» ។
ដូចអធិប្បាយកន្លងមក យើងអាចសន្និដ្ឋានបានថា «ព្រះស្រីអារ្យមេត្តេយ្យ សាងពុទ្ធការកធម៌ក្រាស់ដោយវិរិយៈគឺការព្យាយាមជាវិរិយាធិក១៦ អសង្ខេយ្យ និង១០០.០០០កប្ប បន្ទាប់ពីបានទទួលព្យាការណ៍លើកទី១» ៕
ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង
✍️ចងក្រងដោយ៖ ឈូកខ្មែរ
