អប្បមាទវគ្គ
មាន៩រឿង – ១២គាថា
☸️៥. រឿង ព្រះមហាកស្សបត្ថេរ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះមហាកស្សបត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ បានគង់ប្រមើលមើល នូវពួកសត្វទាំងឡាយដែលកំពុងតែច្យុត និង បដិសន្ធិ ដោយទិព្វចក្ខុ ។
ព្រះសាស្តា ទ្រង់ជ្រាបនូវហេតុនោះហើយ ទើបទ្រង់បានត្រាស់ហាម ថា “ម្នាលកស្សបៈ នេះមិនមែនជាវិស័យ របស់ឣ្នកទេ, វិស័យរបស់ឣ្នក គឺជាឣ្នកដែលមិនប្រមាទទេតើ, ការដឹង និង ការឃើញពួកសត្វដែលច្យុត និង បដិសន្ធិ នេះ ជាវិស័យរបស់ព្រះពុទ្ធគ្រប់ព្រះឣង្គ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | បមាទំ អប្បមាទេន | យទា នុទតិ បណ្ឌិតោ |
| បញ្ញាបាសាទមារុយ្ហ | អសោកោ សោកិនឹ បជំ | |
| បព្វតដ្ឋោវ ភុម្មដ្ឋេ | ធីរោ ពាលេ អវេក្ខតិ ។ |
👉កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។
