លោកវគ្គ
មាន១១រឿង – ១១គាថា
☸️៣. រឿង វិបស្សកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣ្នកបំពេញនូវវិបស្សនាកម្មដ្ឋាន ចំនួន ៥០០ រូប ។ ភិក្ខុទាំងនោះ បានរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយបានថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ តែមិនឣាចសម្រេចមគ្គផលបានឡើយ ទើបប្រឹក្សាគ្នា ថា “យើង នឹងទៅក្រាបទូលព្រះសាស្តា ដើម្បីសុំផ្លាស់កម្មដ្ឋានថ្មីទៀត” លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញថ្ងៃបណ្តើរកូន ហើយបានចម្រើនមរីចិកម្មដ្ឋាននោះ និមន្តមកតាមផ្លូវជារឿយៗ រហូតមកដល់វត្ត ។
ក្នុងពេលនោះ មានភ្លៀងបង្អុរធ្លាក់ជោកជាំ ពពុះទឹកបានប៉ោងឡើងហើយក៏បែកទៅវិញ ដោយឣំណាចកម្លាំងនៃខ្សែទឹកហូរ ។ ពួកភិក្ខុទាំងនោះ បានឈរចាំមើល ហើយក៏បានកំណត់យកមកធ្វើ ជាឣារម្មណ៍ថា ឣត្តភាព របស់ឣាត្មាឣញនេះ ក៏ដូចជាពពុះទឹកនេះដែរ មានការកើតឡើង ហើយបែកធ្លាយទៅវិញជាធម្មតា” ។
ព្រះសាស្តា ទ្រង់គង់នៅក្នុងព្រះសុគន្ធកុដី ទ្រង់ទតព្រះនេត្រឃើញពួកភិក្ខុទាំងនោះ ទើបទ្រង់បញ្ចេញព្រះរស្មីទៅ ហាក់បីដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខនៃភិក្ខុទាំងឡាយនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | ធម្មំ ចរេ សុចរិតំ | ន តំ ទុច្ចរិតំ ចរេ |
| ធម្មចារី សុខំ សេតិ | អស្មិំ លោកេ បរម្ហិ ច ។ |
👉បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរប្រព្រឹត្តធម៌នោះ ឲ្យជាទុច្ចរិតឡើយ បុគ្គលដែលប្រព្រឹត្តធម៌ ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
